គីប៉ា - សំឡេងបន្ទរដ៏ពិសិដ្ឋរបស់ជនជាតិអេដេ
ភាពកក់ក្តៅនិងពោរពេញដោយលក្ខណៈអាថ៌កំបាំង Ki pah (គីប៉ា) គឺជានិមិត្តរូបវប្បធម៌ដែលប្រជាជនអេដេ (Ede) នៅតំបន់តី ង្វៀន បានប្រើប្រាស់ដើម្បីទំនាក់ទំនង ជាមួយពពួកទេវតានិងដឹកនាំពិធីសិដ្ឋបំផុត។ មិនគគ្រឹកគគ្រោងដូចគង់ឃ្មោះ មិនពិរោះរណ្តំដូចខ្លុយ ឧបករណ៍គីប៉ាមានសំឡេងដ៏កក់ក្ដៅ បង្កប់ដោយបន្ទរខ្យល់ដង្ហើមនៃផែនដី ដើមឈើ ខ្យល់... សំឡេងគឺស្និទ្ធស្នាលជាមួយជីវភាពរស់នៅ ផងនិងសាយភាយយ៉ាងខ្លាំងក្នុងលំហព្រៃដ៏ល្វឹងល្វើយផង។
    |
 |
សិល្បករ Y-Dăk Nie (Aê H’Nham) ជាមួយឧបករណ៍គី ប៉ា (រូបថត៖ H Zawut Byă/VOV-Tay Nguyen) |
គីប៉ាត្រូវបានបង្កើតឡើងពីស្នែងរបស់ក្របីឈ្មោលពេញវ័យ ដែលជាសត្វដែលផ្សាភ្ចាប់ជាមួយជីវភាពប្រចាំថ្ងៃ ជាមួយការងារពលកម្ម និងជំនឿរបស់ប្រជាជន។ នៅក្នុងភាសា អេដេ, គី (Ki) មានន័យថាស្នែង, ប៉ា (Pah) មានន័យថាទះ។ នៅពេលដែលអ្នកផ្លុំ គីប៉ា ចង់ផ្លាស់ប្តូរសំឡេងឡើងចុះ គេប្រើមេដៃឆ្វេងរបស់ខ្លួន បិទខ្ទប់សន្ធខាងក្នុង ហើយប្រើដៃស្តាំរបស់ខ្លួនទះចុងដ៏ធំ បង្កើតជាសំឡេងបន្ទរ។
ដើម្បីបង្កើតឡើង គីប៉ា ប្រកបដោយព្រលឹងវិញ្ញាណ សិប្បករអេដេត្រូវតែឆ្លងកាត់ដំណើរការផលិតយ៉ាងល្អិតល្អន់ ដោយទាមទារឲ្យមានការយល់ដឹងអំពីឧបករណ៍ និងបច្ចេកទេសប្រពៃណី។ គេបានរើសស្នែងក្របីដែលមានទំហំធំនិងរឹងមាំ ហើយមិនដាច់ រួចសម្អាតវាឲ្យបានល្អិតល្អន ចោះ ប្រហោងនិងបង្កើតជារូបរាង។ សិប្បករ Y-Dăk Nie (Aê H’Nham) នៅភូមិ Sut Mđưng ឃុំ Čư̆ Sue ស្រុក Čư̆ M’Gar ខេត្ត Dak Lak បានឲ្យដឹងថា ផ្នែកដែលសម្រេចសំឡេងគី ប៉ា គឺការភ្ជាប់ឧបករណ៍តូចមួយធ្វើពីឬស្សី ឬឈើ ប្រក់ទៅនឹងមាត់ដែលផ្លុំ។ គីប៉ាពេញលេញមួយគ្រឿង គឺមិនត្រឹមតែស្រស់ស្អាតនៅក្នុងទម្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចេញសំឡេងលាន់លឺរន្ទឺនៃចង្វាក់ព្រៃភ្នំនិងព្រលឹងវិញ្ញាណ៖
“កាលខ្ញុំនៅក្មេង ខ្ញុំឃើញលោកតា និងពូរបស់ខ្ញុំប្រើគល់ឈើធ្វើជាមាត់សម្រាប់ផ្លុំ អណ្តាតរបស់គីប៉ាធ្វើពីឫស្សី ភ្ជាប់ជាមួយស្នែងក្របីជាមួយក្រមួន។ កាលពីមុន គីប៉ាគ្រាន់តែផ្លុំនៅលើវាលស្រែ គេហាមមិនឱ្យផ្លុំនៅក្នុងភូមិ។ សព្វថ្ងៃត្រូវ ខំបង្រៀនកូនចៅនៅតាមភូមិអំពីប្រពៃណីរបស់ជនជាតិខ្លួន”។
    |
 |
សិល្បករ Y-Dŭ Êban (Ama Đam) សំដែងគីប៉ា (រូបថត៖ H Zawut Byă/VOV-Tay Nguyen) |
គីប៉ាចេញសំឡេងខ្លាំង ដូច្នេះវាត្រូវបានគេប្រើជាញឹកញាប់ដើម្បីផ្តល់សញ្ញាបញ្ជាប្រយុទ្ធ ដេញសត្វព្រៃ។ ក្នុងពិធីគោរពបូជាដំរីដ៏ពិសិដ្ឋ គីប៉ា ត្រូវបានគេចាត់ទុកថាជាការប្រាស្រ័យទាក់ទងជាមួយព្រះអាទិទេព្យ ជាការអំពាវ នាវ សុំសេចក្ដីសុខ សុខភាព និងសំណាងសម្រាប់ដំរី និងសហគមន៍។ សំឡេង គីប៉ា ក៏ជាសំឡេងអំពាវនាវដើម្បីប្រមូលផ្តុំអ្នកភូមិ ជាសញ្ញាស្វាគមន៍ភ្ញៀវកិត្តិយស និងការព្រមានពីគ្រោះថ្នាក់ពីព្រៃជ្រៅ ដែលសំឡេងទាំងអស់ត្រូវបានបញ្ជូនតាមរយៈឧបករណ៍សំឡេងដែលវិសេសវិសាលនេះ។ សិប្បករ Y-Dŭ Êban (Ama Đam) ភូមិ Sut Mđưng ឃុំ Čư̆ Sue ស្រុក Čư̆ M’Gar ខេត្ត Dak Lak បានឲ្យដឹងថា៖ “ខ្ញុំបានលឺជីដូនជីតាដំណាលថា កាលពីអតីតកាល ប្រជាជនអេដេបានផ្លុំគីប៉ានៅក្នុងព្រឹត្តិការណ៍ដ៏ពិសិដ្ឋបំផុតចំនួនពីរ។ ទី១ ក្នុងពិធីបុណ្យសពអ្នកមានបំផុតក្នុងភូមិដែលបានស្លាប់ក្នុងអាយុជាង ៧០ឆ្នាំ ក្របីមួយត្រូវបានគេយកទៅបូជា។ ទីពីរ ពេលធ្វើកៅអីវែង (កៅអីវែងក្នុងផ្ទះឈើរបស់ជនជាតិអេដេ) គេធ្វើពិធីសក្ការៈបូជា និងហូបចុកពេញមួយខែ ហើយកាប់ក្របីមួយក្បាលសម្រាប់ធ្វើពិធី មុនពេលយកកៅអីចូលផ្ទះ។ ពេលធ្វើពិធីដង្ហែគីប៉ា គេផ្លុំគីប៉ាប្រាប់អ្នកភូមិ ដើម្បីប្រកាសភាពសប្បាយដល់សហគមន៍”។
ជីវភាពរស់នៅទីក្រុង លំហរសម្រាប់សំឡេងគីប៉ា ដ៏ពិសិដ្ឋក៏ថយចុះបន្តិចម្តងៗ ហើយសិប្បករកំពុងចាកចេញបន្តិចម្តងៗ បច្ចេកទេសធ្វើគីប៉ា របស់ប្រជាជនអេដេកំពុងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់។ សិប្បករ Y-Trinh Eban (Aê Yuôm) នៅភូមិ Sut Mđưng ឃុំ Čư̆ Sue ស្រុក Čư̆ M’Gar ខេត្ត Dak Lak បាននិយាយថា៖ “ការធ្វើគីប៉ាគឺពិបាកណាស់ មានតែមនុស្សចាស់ទេដែលយល់វាអាចធ្វើបាន ក្មេងៗធ្វើមិនបានទេ។ បច្ចុប្បន្ននេះ គ្មានអ្នកណាម្នាក់ក្នុងភូមិខ្ញុំអាចផលិតឧបករណ៍ភ្លេងនេះបានទៀតទេ ភូមិផ្សេងប្រហែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន យើងប្រើវាម្តងម្កាលក្នុងពិធីបុណ្យ ណែនាំវាដល់ភ្ញៀវទេសចរ”។
សិប្បករនៅភូមិអេដេ ក្នុងតំបន់តី ង្វៀន កំពុងប្រឹងប្រែងគ្រប់យ៉ាងដើម្បីថែរក្សាសំឡេង គីប៉ា។ សម្រាប់ពួកគេ ការអភិរក្សគីប៉ា មិនត្រឹមតែជាការថែរក្សាឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកនៃប្រវត្តិសាស្ត្រ ជំនឿ អត្តសញ្ញាណវប្បធម៌ដ៏ពិសេសមួយផងដែរ ដើម្បីឱ្យរឿងរ៉ាវអំពីភូមិ និងជីវិតរបស់ជនជាតិអេដេអាចប្រាប់ជារៀងរហូតតាមរយៈសំឡេងដ៏ជ្រាលជ្រៅនិងអស្ចារ្យនោះ៕
តាម vovworld.vn