ពិធីបើកមហោស្រពវៀតណាមប្រចាំឆ្នាំនៅប្រទេសជប៉ុន
កប.អនឡាញ - មហោស្រពវៀតណាមឆ្នាំ២០២៥ បានបើកនៅថ្ងៃទី៣១ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះគឺជាមហោស្រពវៀតណាមប្រចាំឆ្នាំធំបំផុតនៅប្រទេសជប៉ុន ដែលទាក់ទាញប្រជាជនវៀតណាម មិត្តភក្តិជប៉ុន និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា ស្វែងយល់វប្បធម៌វៀតណាម និងទទួលទានម្ហូបអាហារវៀតណាម។
មានប្រសាសន៍ក្នុងពិធី លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា មហោស្រពវៀតណាមនៅទីក្រុងតូក្យូត្រូវបានរៀបចំចំនួន ១៧ ដងចាប់តាំងពីឆ្នាំ ២០០៨ មក ហើយក្លាយទៅជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌វៀតណាម - ជប៉ុន ដែលសហគមន៍ជនវៀតណាមនៅជប៉ុន និងមិត្តភក្តិជប៉ុនដែលស្រឡាញ់វៀតណាមបានរំពឹងទុក។
    |
 |
ការសម្តែងសិល្បៈក្នុងមហោស្រព (រូបថត៖ VOV) |
លោក Nguyen Chi Dung ជឿជាក់ថា ដោយមានស្តង់ជាង ១០០ ស្ដង់ និងសកម្មភាពជាច្រើន មហោស្រពវៀតណាមនឹងនាំមកឱកាសស្វែងយល់អំពីវប្បធម៌របស់វៀតណាម និងជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់សហគមន៍ជនវៀតណាមនៅជប៉ុន និងមិត្តជប៉ុន ដែលរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍វប្បធម៌ពិសេសនេះ។
មហោស្រពវៀតណាមប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃដោយមានសកម្មភាពជាច្រើន ដូចជាអាយ៉ងទឹក បង្ហាញម៉ូដអាវផាយ ការបង្ហាញម្ហូបប្រពៃណី និងផ្សព្វផ្សាយអំពីរូបភាពរបស់ប្រជាជនវៀតណាមដែលរួសរាយរាក់ទាក់ និងច្នៃប្រឌិត៕
បកប្រែដោយ Thuy Anh