វៀតណាមជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៣ ខែឧសភា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបធ្វើការជាមួយតំណាងសហគមន៍ធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដើម្បីស្តាប់ ដោះស្រាយការលំបាក និងលើកឡើងដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្មរវាងវៀតណាម និងអាមេរិក។
អញ្ជើញចូលរួមជំនួបមានតំណាងធុរកិច្ចធំៗចំនួន ៥០ របស់អាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ នេះជាជំនួបលើកទីពីររវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីជាមួយធុរកិច្ចអាមេរិកក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយតំណាងធុរកិច្ចអាមេរិកដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម (រូបថត៖ vnanet.vn) |
ក្នុងជំនួបនេះ តំណាងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហាណូយ តំណាងធុរកិច្ចធំៗរបស់អាមេរិកដូចជា Boeing, Molex, Excelerate Energy, Abbott, Coca-Cola, GE Vernova ... បានវាយតំលៃខ្ពស់ចំពោះសុច្ឆន្ទៈរបស់រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំកិច្ចប្រជុំ និងជំនួបជាទៀងទាត់ ក្នុងបំណងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម-អាមេរិក។ ធុរកិច្ចអាមេរិកវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មរបស់វៀតណាម។ ធុរកិច្ចអាមេរិកសន្យាសហប្រតិបត្តិការវិនិយោគប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង និងរួមដំណើរជាមួយវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការជួបសន្ទនាជាមួយដៃគូ និងធុរកិច្ច រួមទាំងដៃគូ និងធុរកិច្ចអាមេរិកក្នុងស្មារតីស្មោះត្រង់ និងស្ថាបនា នាំមកនូវប្រយោជន៍សម្រាប់ភាគីទាំងពីរ។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ធុរកិច្ចអាមេរិកនឹងលើកយោបល់ដល់រដ្ឋាភិបាលរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក អំពីកិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈរបស់វៀតណាម ដើម្បីឲ្យភាគីទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀងពន្ធដែលមានប្រយោជន៍សម្រាប់ភាគីទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
    |
 |
លោក Eric Johnson ប្រធានសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងហាណូយមានប្រសាសន៍ក្នុងជំនួប (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងអនុវត្ត "យុទ្ធសាស្ត្រចំនួន៤" ស្ដីពីការបង្កើតរបកគំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល សមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី ការបង្កើត និងការអនុវត្តច្បាប់ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ វៀតណាមក៏កំពុងបង្កើតគម្រោងសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីបម្រើប្រជាជន និងធុរកិច្ចឲ្យកាន់តែប្រសើរឡើង។
រដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌអំណោយផល និងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ច រួមទាំងធុរកិច្ចអាមេរិកផងដែរ ក្នុងកិច្ចសហប្រតិបត្តិការ វិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម៕
បកប្រែដោយ Thuy Anh