ព្រឹត្តិការណ៍នេះបានអះអាងនូវកិត្យានុភាព និងតួនាទីសំខាន់កាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងការរៀបចំគោលនយោបាយ និងប្រតិបត្តិការគយសកល ព្រមទាំងទទួលស្គាល់ការរួមចំណែកជាវិជ្ជមាន និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងអំឡុងពេលធ្វើជាប្រធាន នាពេលកន្លងមក។

leftcenterrightdel
សមាជិក PTC ជូនផ្កាដល់លោកស្រី Nguyen Thi Vinh Hoai អបអរសាទរចំពោះជោគជ័យរបស់​វៀត​ណាម​ក្នុងអាណត្តិជាប្រធាន PTC (រូប​ថត៖ vnanet.vn)

ប្រព្រឹត្តទៅនៅទីស្នាក់ការ WCO នៅទីក្រុងព្រុចសែល សម័យប្រជុំបានទាក់ទាញប្រតិភូជិត ៣០០ នាក់ ដែលជាអ្នកជំនាញនាំមុខគេក្នុងវិស័យគយពីបណ្តាស្ថាប័នជាសមាជិក និងអង្គការអន្តរជាតិដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) សភាពាណិជ្ជកម្មអន្តរជាតិ (ICC) វិស័យឯកជន និងស្ថាប័នស្រាវជ្រាវជុំវិញពិភពលោក។

ប្រតិភូបានផ្តោតលើការពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីបង្កើតដំណោះស្រាយ និងយុទ្ធសាស្ត្រសម្រាប់វិស័យគយសកល ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមពហុវិមាត្រនាពេលបច្ចុប្បន្ន រួមទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដំណើរការបរិវត្តកម្មឌីជីថលដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងការកើនឡើងយ៉ាងខ្លាំងនៃទំហំពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការផ្ទុះឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិក។

ការដែលវៀតណាមបន្តតួនាទីជាប្រធាន PTC សម្រាប់អាណត្តិ ២០២៥-២០២៦ ដឹកនាំដោយលោកស្រី Nguyen Thi Vinh Hoai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិក តំណាងគយវៀតណាមប្រចាំ WCO នោះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿទុកចិត្តរបស់សហគមន៍គយអន្តរជាតិ និងការ​វាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកនាំ និងការរួមវិភាគទានយ៉ាងសំខាន់របស់វៀតណាមក្នុងការជម្រុញគំនិតផ្តួតផ្តើមសំខាន់ៗរបស់ WCO៕

បកប្រែដោយ Duy Hoan