សិក្ខាសាលា "មហាជ័យជំនះនៃនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយយុគសម័យថ្មី នៃការអភិវឌ្ឍរបស់ប្រទេសជាតិវៀតណាម"
បង្ហាញពីភាពក្លាហាន បញ្ញា និងសេចក្តីប្រាថ្នារបស់វៀតណាមដើម្បីជាតិរឹងមាំ
កប.អនឡាញ - នាព្រឹកថ្ងៃទី២០ មេសា នៅទីក្រុងហូជីមិញ សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិបានប្រព្រឹត្តទៅដោយប្រធានបទ៖ “មហាជ័យជំនះនៃនិទាឃរដូវឆ្នាំ ១៩៧៥ ជាមួយយុគសម័យថ្មី នៃការអភិវឌ្ឍរបស់ប្រទេសជាតិវៀតណាម”។
គោលនយោបាយត្រឹមត្រូវ ប្រកបដោយភាពច្នៃប្រឌិតរបស់បក្ស
កាលពី ៥០ ឆ្នាំមុន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សពលករវៀតណាម (ឥឡូវជាបក្សកុម្មុយនិស្តវៀតណាម) ប្រជាជន និងកងទ័ពវៀតណាមទាំងមូលជាមួយនឹងការតាំងចិត្តមោះមុត ភាពវៃឆ្លាត ភាពច្នៃប្រឌិត និងភាពក្លាហានអង់អាច បានទទួលជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ១៩៧៥ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស។ ដើម្បីបន្តបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ ជ័យជំនះដ៏រុងរឿង ព្រមទាំងបញ្ជាក់អំពីមេរៀននៃជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ១៩៧៥។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា៖ “សិក្ខាសាលាវិទ្យាសាស្ត្រថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (១៩៧៥-២០២៥)។ លទ្ធផលនៃសិក្ខាសាលានេះនឹងរួមចំណែកលើកកម្ពស់ស្មារតីស្នេហាជាតិ មោទនភាពជាតិ កិត្តិយសជាតិ ពង្រឹងជំនឿ និងការប្តេជ្ញាចិត្តនយោបាយរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូលដើម្បីអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣។ ហើយតាមរយៈសិក្ខាសាលាលើកនេះ យើងបន្តបញ្ជាក់ពីការលើកតម្កើងជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ និងជួយយើងដកបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រដើម្បីអនុវត្តចំពោះបុព្វហេតុកសាង និងការពារប្រទេស។
សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងនៅទីក្រុងហូជីមិញ ជាកន្លែងដែលការតស៊ូយូរអង្វែងរបស់ប្រទេសជាតិបានចាប់ផ្តើមឡើង ហើយក៏ជាកន្លែងដែលប្រព្រឹត្តទៅយុទ្ធសាស្ត្រ - យុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ បញ្ចប់សង្គ្រាមបដិវត្តន៍អស់រយៈពេល ៣០ ឆ្នាំដោយជោគជ័យរបស់ប្រទេសជាតិយើង។ ដោយមានអត្ថន័យបែបនោះ ក្នុងសុន្ទរកថាស្វាគមន៍ក្នុងសិក្ខាសាលានេះ លោក Nguyen Van Nen លេខាបក្សទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ “ពីសិក្ខាសាលាវិទ្យាសាស្ត្រដ៏សំខាន់នេះ ទីក្រុងហូជីមិញពិតជានឹងស្រូបយកខ្លឹមសារយ៉ាងជ្រាលជ្រៅជាច្រើនដើម្បីលើកកំពស់ការយល់ដឹងអំពីតម្លៃឯករាជ្យភាព និងថែរក្សាសមិទ្ធផលទាំងអស់ដែលបុព្វបុរសរបស់យើងបានខិតខំសម្រេចបានយ៉ាងពិបាក។ ទន្ទឹមនឹងនោះ ដើម្បីបន្តលើកតម្កើងប្រពៃណីបដិវត្តន៍ ទីក្រុងហូជីមិញ និងប្រជាជនប្តេជ្ញាចិត្តកសាងទីក្រុងហូជីមិញឱ្យសក្តិសមជាទីក្រុងដែលត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ - ទីក្រុងអង់អាចក្លាហាន។
ក្នុងសុន្ទរកថា លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម បានលើកឡើងថា៖ ដោយស្មារតីសត្យានុម័ត វិទ្យាសាស្ត្រ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត យើងគប្បីតែផ្តោតលើការវិភាគ និងការអត្ថាធិប្បាយដើម្បីបញ្ជាក់បន្ថែមអំពីឧបាយកល និងល្បិចរបស់ចក្រពត្តិនិយមអាមេរិក និងពួកអាយ៉ងអាមេរិក ក្នុងសម័យកាលតស៊ូនោះ។ ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវគោលនយោបាយ និងគោលការណ៍ណែនាំត្រឹមត្រូវរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលដឹកនាំដោយលោកប្រធានហូជីមិញ និងបន្តបញ្ជាក់ថា ជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ ពិតជាសមិទ្ធផលដ៏ធំធេងរបស់កម្លាំងវៀតណាមក្នុងសម័យហូជីមិញ។
    |
 |
គណៈអធិបតី ដឹកនាំ សម្របសម្រួលសិក្ខាសាលា |
អនុវត្តអត្ថន័យជ័យជំនះចូលក្នុងយុគសម័យថ្មី
ជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ បានបន្តបង្ហាញឱ្យឃើញថាសាមគ្គីភាព ការពឹងផ្អែកលើប្រជាជន ការប្រកាន់យកប្រជាជនជាឫសគល់ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន ធានាបាននូវការឯកភាពគ្នាដើម្បីបង្កើតឡើងកម្លាំងខ្លាំងក្លា។
អាស្រ័យលើទ្រឹស្តី និងទិដ្ឋភាពអនុវត្តជាក់ស្តែងនៃការងារបក្ស និងការងារនយោបាយ ក្នុងសុន្ទរកថាដែលផ្ញើទៅកាន់អង្គសិក្ខាសាលា លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសង្កត់ធ្ងន់ថា៖ ជ័យជំនះនិទាឃរដូវឆ្នាំ១៩៧៥ គឺជារបត់ដ៏សំខាន់មួយធ្វើឱ្យប្រទេសជាតិវៀតណាម ឈានចូលទៅក្នុងយុគសម័យឯករាជ្យ ឯកភាព និងសង្គមនិយម។ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ យើងត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះការងារកសាងកម្លាំងប្រដាប់អាវុធបីប្រភេទប្រកបដោយតុល្យភាព និងសមកាលកម្ម កសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយភាពចំណាន វិន័យ ទំនើបកម្ម ប្រកបដោយគុណភាព និងមានកម្លាំងប្រយុទ្ធខ្ពស់ រឹងមាំខាងនយោបាយ...
បញ្ចប់ការជជែកពិភាក្សាគ្នាក្នុងសិក្ខាសាលានេះ តំណាងគណៈអធិបតីអង្គសិក្ខាសាលាបានធ្វើការសន្និដ្ឋានបញ្ជាក់ថា៖ សិក្ខាសាលាបានបញ្ជាក់ពីតួនាទី និងតម្លៃនៃឯកសារថ្មីៗដែលទាមទារឱ្យយើងត្រូវតែធ្វើការសំយោគ និងប្រមូលបន្ថែមទៀតសម្រាប់ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង។ យើងត្រូវតែបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារ និងលទ្ធផលនៃសិក្ខាសាលាដើម្បីចូលរួមចំណែកក្នុងការអប់រំប្រវត្តិសាស្ត្រ ដាស់តឿន និងលើកតម្កើងប្រពៃណីស្នេហាជាតិសម្រាប់កម្មាភិបាល យុទ្ធជន ជនរួមជាតិក្នុង និងក្រៅប្រទេស ជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់ច្បាស់ និងយល់ត្រឹមត្រូវអំពីតម្លៃប្រវត្តិសាស្ត្រនៃជ័យជំនះដ៏អស្ចារ្យកាលពី ៥០ ឆ្នាំមុន។ កន្លះសតវត្សបានកន្លងផុតទៅហើយក្តី ប៉ុន្តែបទចម្រៀងវីរភាពនៃជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ១៩៧៥ នៅតែដក់ជាប់ជាមួយនឹងមោទនភាពក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ជំនាន់។ វីរភាពនោះបានរួមចំណែកក្នុងការបញ្ជាក់នូវភាពក្លាហាន ភាពវៃឆ្លាត និងសេចក្តីប្រាថ្នាដ៏មុតមាំរបស់ប្រជាជនវៀតណាម ក្នុងការឈានចូលយុគសម័យថ្មី៕
បកប្រែដោយ Minh Trung