ក្នុងឱកាសនេះ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា។

អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រី ប្រាប់អំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ នេះគឺជាដំណើរទស្សនកិច្ចមានសារៈសំខាន់ពិសេសទាំងក្នុងក្របខណ្ឌពហុភាគី និងក្របខណ្ឌទ្វេភាគី។ ការចូលរួមរបស់លោក Tran Thanh Man នៅមហាសន្និបាត IPU-150 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមនៅវេទិកាសភាពហុភាគីដ៏សំខាន់នេះ។ ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន ប្រទេសនីមួយៗគប្បីប្រមូលគ្នាដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងលើកឡើងដំណោះស្រាយសម្រាប់បញ្ហាប្រឈមរួម។

សារៈសំខាន់នេះត្រូវបានបញ្ជាក់តាមរយៈចំណុចលេចធ្លោចំនួនបី ដូចជា៖ ទីមួយ ក្រោមប្រធានបទ "សកម្មភាពរបស់សភាដើម្បីការអភិវឌ្ឍ និងយុត្តិធម៌សង្គម" មហាសន្និបាត IPU-150 បានជ្រើសរើសប្រធានបទត្រឹមត្រូវ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ហើយវិសមភាពកាន់តែកើនឡើងរវាងបណ្ដាប្រទេស និងរវាងបណ្ដាតំបន់។ ទន្ទឹមនឹងនោះ ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងធនធានសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... មាននិន្នាការថយចុះ។ ជាងពេលណាៗទាំងអស់ ប្រទេសទាំងឡាយត្រូវសហការធ្វើសកម្មភាព និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជម្នះបញ្ហាប្រឈមជាសាកល។ល។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ទីពីរ ការចូលរួមរបស់លោកប្រធានរដ្ឋសភាវៀតណាមក្នុងមហាសន្និបាត IPU-150 លើកនេះ បង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម និងតួនាទីរបស់ IPU ដោយអះអាងថា រដ្ឋសភាវៀតណាមគឺជាសមាជិកសកម្ម  និងមានការទទួលខុសត្រូវរបស់ IPU។ល។

ទី៣ វៀតណាមចូលរួម IPU-150 ក្នុងស្មារតីនៃប្រទេសកំពុងឈានចូលយុគសម័យថ្មី ដោយមានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះ តែងតែប្រកាន់យកប្រជាជនជាស្នូល ជាគោលដៅ និងជាកម្លាំងចលករនៃរាល់គោលនយោបាយអភិវឌ្ឍន៍។ នៅក្នុងវេទិកា IPU-150 គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងផ្លាស់ប្តូរ និងចែករំលែកជាមួយសភានៃប្រទេសនានាអំពីបទពិសោធន៍អភិវឌ្ឍន៍ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅក្របខណ្ឌទ្វេភាគី ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាមេនី និងសាធារណរដ្ឋអ៊ូសបេគីស្ថានរបស់លោកប្រធានរដ្ឋសភា គឺជាដំណើរទស្សនកិច្ចលើកដំបូងនៃប្រធានស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាមនៅប្រទេសទាំងពីរនេះ ហើយក៏ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមនៅប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអ៊ូសបេគីស្ថាន និងអាមេនី និងបំណងប្រាថ្នាពង្រឹងទំនុកទុកចិត្តនយោបាយជាមួយប្រទេសទាំងពី បង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជម្រុញឲ្យទំនាក់ទំនងជាមួយប្រទេសនីមួយៗឡើងកម្រិតខ្ពស់ថ្មី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីដំណោះស្រាយសម្រាប់ការលំបាក ឧបសគ្គ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដែលជាសសរស្តម្ភសំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ល។

អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រីរៀបរាប់អំពីលទ្ធផលលេចធ្លោ ដែលវៀតណាម អាមេនី និងអ៊ូសបេគីស្ថានសម្រេចបានក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

វៀតណាម និងអាមេនី អ៊ូសបេគីស្ថាន តែងតែរក្សាដំណើរទស្សនកិច្ច និងជំនួបគ្រប់លំដាប់ថ្នាក់។ នៅវេទិកាពហុភាគី វៀតណាម និងប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក និងចែករំលែកវិធីសាស្រ្តស្រដៀងគ្នាលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម-អាមេនី និងវៀតណាម-អ៊ូសបេគីស្ថាន បានរីកចម្រើនជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កីឡា ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនត្រូវបានជំរុញយ៉ាងសកម្មដោយថ្នាក់ដឹកនាំគ្រប់ភាគី។

វៀតណាម និងអាមេនី អ៊ូសបេគីស្ថាន នៅតែមានសក្តានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម លើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងលើវិស័យដែលមានយថាទស្សន៍ផ្សេងៗទៀត ដូចជា បច្ចេកវិទ្យាឌីជីថល ថាមពលស្អាត សម្ភារៈថ្មីៗ។ល។

អ្នកយកព័ត៌មាន៖ តើលោកស្រីអនុរដ្ឋមន្ត្រីមានការរំពឹងទុកយ៉ាងណាចំពោះដំណើរទស្សនកិច្ចលើកនេះរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា?

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang៖ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងទទួលបានជោគជ័យ ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានក្នុងដួងចិត្តមិត្តភ័ក្តិនៅអ៊ូសបេគីស្ថាន អាមេនី និងសហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចនេះនឹងបន្តផ្សព្វផ្សាយពីរូបភាពវៀតណាម ដែលស្មោះត្រង់ចំពោះមិត្តប្រពៃណី និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ ហើយបង្កើតកម្លាំងដ៏សំខាន់បន្ថែមទៀត ដើម្បីនាំប្រទេសឈានចូលយុគសម័យថ្មី ដោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានកំណត់។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh