ដំណើរទស្សនកិច្ចលើកទីប្រាំមួយរបស់ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេនៅប្រទេសវៀតណាម គឺជារបត់ថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ ១៩៩២ មក ទំនាក់ទំនងវៀតណាម-ប្រ៊ុយណេបានអភិវឌ្ឍដោយឥតឈប់ឈរទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វៀតណាម និងប្រ៊ុយណេបានតម្លើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរបស់ស្តេចស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបង្កើតកម្លាំងចលករសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២២ និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្ដីពីអនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៣-២០២៧ នៅឆ្នាំ២០២៣។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងព្រះចៅសុលតង់ Haji Hassanal Bolkiah នៅក្នុងសប្តាហ៍កិច្ចប្រជុំកំពូល APEC 2025 (រូបថត៖ vnanet.vn)

នាពេលកន្លងមក វៀតណាម និងប្រ៊ុយណេបានរក្សាជំនួបកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានអភិវឌ្ឍជាវិជ្ជមាន ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចជាង ៦៧១ លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដែលកើនឡើង ១៦៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ បច្ចុប្បន្នប្រ៊ុយណេជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណោមប្រទេសដែលវិនិយោគនៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ១ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងប្រ៊ុយណេត្រូវបានពង្រឹងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន។ ប្រទេសទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ កិច្ចសហប្រតិបត្តិការនៅសមុទ្រគឺជាសសរស្តម្ភសំខាន់មួយដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ។ ក្នុងនោះ ភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើសមុទ្រ និងមហាសមុទ្រ រួមទាំងការអនុវត្តខ្សែទូរស័ព្ទទាន់ហេតុការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រសកម្មភាពនេសាទ សហការក្នុងវិស័យវារីវប្បកម្ម ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជលផល និងឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខនៅលើសមុទ្រ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងជលផល និងអនុវត្តគម្រោងសាកល្បងលើការដាំដុះស្រូវសើមនៅប្រ៊ុយណេ ដើម្បីគាំទ្រការធានាសន្តិសុខស្បៀង។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យប្រេង និងឧស្ម័ន ប្រទេសទាំងពីររក្សាកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលតាមរយៈក្របខ័ណ្ឌពហុភាគី និងសកម្មភាពទ្វេភាគីរវាងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនៃភាគីទាំងពីរ ជាពិសេសរវាងសាកលវិទ្យាល័យជាតិប្រ៊ុយណេ (UBD) និងសាកលវិទ្យាល័យ FPT ក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេស។ នៅឆ្នាំ២០២២ UBD បានបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម និងការសិក្សាពីវៀតណាមវិទ្យា ដើម្បីបង្រៀនភាសាវៀតណាមដល់និស្សិតប្រ៊ុយណេ។

ក្នុងក្របខ័ណ្ឌពហុភាគី វៀតណាម និងប្រ៊ុយណេបានសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅក្នុងវេទិកា និងអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអង្គការសហប្រជាជាតិ។ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ដោយផ្អែកលើការអភិវឌ្ឍក្នុងទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ចរបស់ព្រះចៅសុលតង់ Haji Hassanal Bolkiah បង្ហាញពីការយកចិត្តទុកដាក់ និងចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ។ វៀតណាម និងប្រ៊ុយណេមានសក្តានុពល និងឱកាសជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ដូច្នេះ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរបស់ព្រះចៅសុលតង់ Haji Hassanal Bolkiah នឹងទទួលបានជោគជ័យ រួមចំណែកដល់ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មីមួយ តាមទិសដៅកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thuy Anh