ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម Vuyiswa Tulelo បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម។
    |
 |
|
លោកស្រីឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម Vuyiswa Tulelo ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម |
តើការចូលរួមរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅក្នុងកិច្ចប្រជុំកំពូល G20 និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូងមានសារៈសំខាន់យ៉ាងណា ជាពិសេសនៅក្នុងបរិបទនៃទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង ត្រូវបានពង្រឹង និងអភិវឌ្ឍកាន់តែស៊ីជម្រៅ លោកស្រីឯកអគ្គរដ្ឋទូត?
ប្រធានាធិបតីរបស់យើង Ramaphosa ទើបតែបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី ២២-២៣ ខែតុលា តាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម ដែលបង្ហាញជាថ្មីម្តងទៀតនូវកម្រិតនៃការពង្រឹងទំនាក់ទំនងរវាងអាហ្វ្រិកខាងត្បូង និងវៀតណាម។
លើកចុងក្រោយដែលយើងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងអាហ្វ្រិកខាងត្បូង និងវៀតណាមគឺជិត ២០ ឆ្នាំមកហើយ។ ដូច្នេះ នេះមិនមែនគ្រាន់តែជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍សំខាន់មួយដែលទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាហ្វ្រិកខាងត្បូង និងវៀតណាមផងដែរ។
ការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅក្នុងកិច្ចប្រជុំកំពូល G20 ក៏ជាជំហានទៅមុខបន្ថែមទៀតផងដែរ ដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ និងស្វាហាប់ជាងមុន។ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នាយករដ្ឋមន្ត្រីវៀតណាម និងប្រធានាធិបតីរបស់យើងត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។ នេះបង្ហាញពីភាពរឹងមាំ និងសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
វៀតណាម និងអាហ្វ្រិកខាងត្បូង ត្រូវបានចាត់ទុកថាជាសេដ្ឋកិច្ចស្វាហាប់នៅអាស៊ី និងអាហ្វ្រិក។ តើលោកស្រីឯកអគ្គរដ្ឋទូតវាយតម្លៃសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ ថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរឌីជីថល - អាទិភាពសំខាន់ៗដែលភាគីទាំងពីរកំពុងលើកកម្ពស់យ៉ាងសកម្មយ៉ាងដូចម្តេច?
ខ្ញុំបាននៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០២២។ នៅពេលដែលខ្ញុំទើបមកដល់ក៏ជាពេលវេលាត្រៀមរៀបចំសម្រាប់ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្វ្រិកខាងត្បូងផងដែរ។ ហើយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងអនុប្រធានរដ្ឋវៀតណាមបានទៅទស្សនាគ្នាទៅវិញទៅមក។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទាំងនោះ ភាគីទាំងពីរបានយល់ឃើញថា ទំនាក់ទំនងនេះមិនគួរឈប់ត្រឹមខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។
សម្រាប់អាហ្វ្រិកខាងត្បូង ការដែលមានមិត្តដូចជាវៀតណាម ក្នុងនាមជាដៃគូសន្ទនានៅក្នុងអាស៊ាន គឺជាយុទ្ធសាស្ត្រខ្លាំងណាស់។ ខណៈពេលដែលវៀតណាមជួយយើងឱ្យចូលទៅកាន់ទីផ្សារអាស៊ាន អាហ្វ្រិកខាងត្បូងបើកទ្វារសម្រាប់វៀតណាម ចូលទីផ្សារអាហ្វ្រិកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA)។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺមានសារៈសំខាន់ខ្លាំងណាស់ យើងមិនមែនជាប្រទេសប្រកួតប្រជែងទេ ប៉ុន្តែជាប្រទេសបំពេញបន្ថែមនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើង។
ផ្នែកមួយនៃគោលបំណងនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនេះគឺដើម្បីផ្ទេរជំនាញរវាងប្រទេសទាំងពីរ។ វាមានសារៈសំខាន់សម្រាប់យើងក្នុងការនាំចេញវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ប៉ុន្តែយើងក៏ចង់ឱ្យប្រជាជនរបស់យើងរៀនបានជំនាញពីប្រជាជនវៀតណាមអំពីរបៀបកែច្នៃ និងបន្ថែមតម្លៃដល់វត្ថុធាតុដើមទាំងនោះផងដែរ។
ខ្ញុំតែងតែលើកឧទាហរណ៍ជាមួយមិត្តរួមការងាររបស់យើងខ្ញុំថា យើងខ្ញុំនាំចេញផ្លាទីន និងវត្ថុមានតម្លៃជាច្រើនទៀតទៅកាន់ប្រទេសវៀតណាម ហើយវៀតណាមនាំចេញទូរស័ព្ទដៃ កុំព្យូទ័រ និងគ្រឿងបន្លាស់ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។ យើងខ្ញុំចង់ឱ្យយុវជនរបស់យើងរៀនពីរបៀបផ្គុំរបស់ទាំងនោះ ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចកាន់តែរឹងមាំ។ ជាពិសេសសមិទ្ធផលដ៏អស្ចារ្យដែលវៀតណាមកំពុងសម្រេចបានជាមួយ VinFast និងឧស្សាហកម្មយានយន្តអគ្គិសនី។ ប្រទេសវៀតណាមពិតជាកំពុងបំបែកដែនកំណត់ជាច្រើនជារៀងរាល់ថ្ងៃក្នុងការប្រែខ្លួនឯងជាដៃគូប្រកួតប្រជែងមួយនៅក្នុងឧស្សាហកម្មយានយន្តអគ្គិសនី។
ចំពោះប្រទេសអាហ្វ្រិកខាងត្បូងវិញ យើងមិនទាន់មានការអភិវឌ្ឍពេញលេញលើវិស័យយានយន្តអគ្គិសនីនៅឡើយទេ ប៉ុន្តែយើងមានធនធានរ៉ែដើម្បីផលិតអាគុយសម្រាប់យានយន្តអគ្គិសនី។ សូមស្រមៃគិតអំពីភាពជាដៃគូរវាងអាហ្វ្រិកខាងត្បូង និងវៀតណាម ដែលវៀតណាមផលិតយានយន្តអគ្គិសនី ហើយយើងផលិតអាគុយសម្រាប់យានយន្តទាំងនោះ។ នេះមិនត្រឹមតែជាភាពជាដៃគូដ៏រឹងមាំ និងជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទម្លាយភាពទាល់ច្រកផងដែរ ពីព្រោះវាជាប្រទេសពីរនៅភាគខាងត្បូងដែលទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងផ្សេងៗគ្នារបស់ខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ - មិនមែនជាដៃគូប្រកួតប្រជែងទេ ប៉ុន្តែជាដៃគូបំពេញបន្ថែម។
ដូច្នេះ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លោកនាយករដ្ឋមន្ត្រីវៀតណាម នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋមន្ត្រីនានានៃប្រទេសអាហ្វ្រិកខាងត្បូង អំពីរបៀបមិនត្រឹមតែបង្កើតទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវឱកាសដើម្បីពង្រឹងទំនាក់ទំនងនេះនៅកម្រិតជាក់ស្តែងផងដែរ។ យើងមិនត្រឹមតែចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ច្បាស់លាស់អំពីតម្លៃដែលយើងនាំមកឱ្យទំនាក់ទំនងសន្ទនានោះ។
ក្នុងនាមជាប្រធាន G20 អាហ្វ្រិកខាងត្បូងបានជ្រើសរើសប្រធានបទ "សាមគ្គីភាព សមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព"។ តើការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំ G20 ឆ្នាំនេះ អាចរួមចំណែកដល់សំឡេងរួមរបស់សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ឆ្ពោះទៅរកសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកដែលយុត្តិធម៌ និងរួមបញ្ចូលជាងមុនដោយរបៀបណា?
វៀតណាម និងអាហ្វ្រិកខាងត្បូងមានប្រវត្តិយូរអង្វែងក្នុងការធ្វើឱ្យមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ខ្ញុំគិតថា សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង តំណែងប្រធាន G20 មិនមែនគ្រាន់តែជាការចូលរួមជាមួយក្រុមធំមួយនោះទេ ប៉ុន្តែវាជាការផ្តល់សំឡេងដល់អ្នកដែលចាញ់ប្រៀបលើពិភពលោក។
ដូច្នេះសម្រាប់យើងខ្ញុំ តំណែងប្រធាន G20 មិនមែនគ្រាន់តែជាការធ្វើជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែបញ្ជាក់ថា ប្រសិនបើយើងចង់ឱ្យពិភពលោកអភិវឌ្ឍ យើងត្រូវទទួលស្គាល់បញ្ហានៃអតីតកាល និងរចនាសម្ព័ន្ធបច្ចុប្បន្នរបស់ពិភពលោក។ យើងត្រូវបើកឱកាសសម្រាប់ប្រទេសដទៃទៀតឱ្យមានសំឡេងនៅក្នុងវេទិកាពហុភាគី - ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ។
យើងត្រូវការមិត្តភក្តិ ហើយនោះហើយជាមូលហេតុដែលវៀតណាមមានសារៈសំខាន់ ហើយហេតុអ្វីបានជាយើងត្រូវការវៀតណាមនៅទីនោះ។ នៅពេលដែលប្រទេសវៀតណាមវិលត្រឡប់មកពីកិច្ចប្រជុំ G20 វិញ ខណៈពេលដែលយើងសម្លឹងមើលទៅកាន់តំណែងប្រធាន G20 លើកក្រោយរបស់ខ្លួន យើងខ្ញុំសង្ឃឹមប្រទេសវៀតណាមក្លាយជាសម្ព័ន្ធមិត្ត និងជាអ្នកជំរុញឱ្យ G20 មានភាពយុត្តិធម៌ សេរី និងតំណាងឱ្យប្រជាធិបតេយ្យ។ យើងចង់ និងត្រូវការឱ្យប្រទេសវៀតណាមក្លាយជាផ្នែកមួយនៃ G20 - ហើយយើងត្រូវការឱ្យពិភពលោកយល់ថា សាមគ្គីភាពគឺជាជម្រើសដោយចេតនា។
សូមអរគុណច្រើន លោកស្រីឯកអគ្គរដ្ឋទូត!
បកប្រែដោយ Minh Trung