លោក Milos Vystrcil ប្រធានព្រឹទ្ធសភា បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ គឺជាដំណើរដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយផ្អែកលើការជឿទុកចិត្ត ការចែករំលែក និងភាពស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីឯករាជ្យ និងសេរីភាព ក៏ដូចជាសេចក្តីប្រាថ្នាឆ្ពោះទៅសន្តិសុខ និងវិបុលភាព។ លោក Milos Vystrcil បានបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាតំបន់ដែលមានភាពស្វាហាប់ និងវិបុលភាពឈានមុខគេនៅក្នុងប្រទេសវៀតណាម ដូច្នេះសហគ្រាសឆែកជាច្រើនចង់ស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្ម និងការនាំចេញនាំចូលដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃរដ្ឋសភាឆែក និងលោក Nguyen Van Duoc ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោក Milos Vystrcil ប្រធានព្រឹទ្ធសភា បានស្នើឲ្យអង្គភាពអាជីវកម្មរបស់ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត។ អង្គភាពអាជីវកម្មឆែកចង់ជំរុញការនាំចេញទៅកាន់ប្រទេសវៀតណាម និងស្វែងរកឱកាសវិនិយោគលើវិស័យថាមពល បច្ចេកវិទ្យា និងឧស្សាហកម្មរថយន្ត។ល។

នាពេលខាងមុខ ឆែកនឹងជំរុញការបើកស្ថានកុងស៊ុលឡើងវិញនៅទីក្រុងហូជីមិញ។ ស្ថានទូតឆែក និងស្ថាប័នពាក់ព័ន្ធនឹងបង្កើនការផ្លាស់ប្តូរ ណែនាំ និងផ្សព្វផ្សាយផលិតផល និងសេវាកម្ម ដើម្បីទាក់ទាញសហគមន៍អាជីវកម្ម និងប្រជាជនវៀតណាម ដោយហេតុនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសម្តែងនូវការរីករាយដោយបានឃើញទីក្រុងហូជីមិញត្រូវបានជ្រើសរើសជាគោលដៅដំបូងនៃដំណើរទស្សនកិច្ចរបស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភាឆែក ដោយបង្ហាញពីការគោរពរបស់លោកចំពោះតួនាទី សក្តានុពល និងកិត្យានុភាពសេដ្ឋកិច្ច-ការបរទេសរបស់ទីក្រុង។ លោក Nguyen Van Duoc ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី បង្កើតកម្លាំងចលករដ៏រឹងមាំមួយដើម្បីជំរុញទំនាក់ទំនង វៀតណាម-ឆែក និងកិច្ចសហប្រតិបត្តិការរវាងឆែក និងទីក្រុងហូជីមិញក្នុងដំណាក់កាលថ្មី។

* នារសៀលថ្ងៃដដែល លោក Milos Vystrcil ប្រធានព្រឹទ្ធសភាឆែក បានទៅទស្សនកិច្ច និងជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ)៕

បកប្រែដោយ Huyen Trang