អ្នកសារព័ត៌មាន៖ សូមលោកប្រាប់អំពីលទ្ធផលលេចធ្លោ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសរបស់លោក To Lam អគ្គលេខាបក្ស?

លោក Le Hoai Trung៖ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា តបតាមការអញ្ជើញរបស់លោក Keir Starmer នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់មួយរបស់វៀតណាមនៅឆ្នាំ២០២៥ ដែលបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-អង់គ្លេសនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ជាពិសេសស្របពេលពិភពលោកមានភាពប្រែប្រួល និងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ដំណើរទស្សនកិច្ចនេះបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងសកម្មភាពសំខាន់ៗ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ទីមួយ វៀតណាម និងអង់គ្លេសបានព្រមព្រៀងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូរបស់វៀតណាម។ ទីពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ស្ថាប័ន អង្គការ និងធុរកិច្ចរបស់ភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើន ជាពិសេសលើវិស័យថ្មីៗជាច្រើន ដែលមានអត្ថន័យចំពោះការអភិវឌ្ឍនៃប្រទេសទាំងពីរ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចធំៗ សាជីវកម្ម គ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័ន និងទីក្រុងធំៗនៃភាគីនីមួយៗ។

ទីបី ក្នុងការផ្លាស់ប្តូរនានា ថ្នាក់ដឹកនាំ និងដៃគូអង់គ្លេសបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់វៀតណាម ដោយសាទរចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាលើបញ្ហាជាច្រើនដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់។

ទីបួន ដំណើរទស្សនកិច្ចនេះក៏រួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅអឺរ៉ុប នៅក្នុងវេទិកា និងយន្តការពហុភាគីនៅអឺរ៉ុប ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តួនាទីរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងអាស៊ាន-អឺរ៉ុប។ តាមរយៈនោះ តួនាទីរបស់បក្ស និងប្រទេសវៀតណាមនៅក្នុងឆាកអន្តរជាតិត្រូវបានពង្រឹង ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាមួយដៃគូ នាពេលអនាគត។

ទីប្រាំ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកដល់ការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនវៀតណាម និងប្រជាជនអង់គ្លេស ក៏ដូចជាស្មារតីសាមគ្គីភាព និងការភ្ជាប់របស់អាណិកជនវៀតណាមនៅអង់គ្លេស ដោយលើកទឹកចិត្តសហគមន៍ឲ្យរួមចំណែកជាក់ស្តែងកាន់តែច្រើនក្នុងការអភិវឌ្ឍ របស់ប្រទេស។

ជាមួយនឹងលទ្ធផលសំខាន់ៗទាំងនេះ ដំណើរទស្សនកិច្ចនេះមានអត្ថន័យខ្លាំងណាស់ មិនត្រឹមតែសម្រាប់ការជម្រុញទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសធំមួយនៅអឺរ៉ុប និងលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផល និងកម្លាំងចលករថ្មីៗសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេស។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចព្រមព្រៀងជាច្រើនដែលសម្រេចបានជាមួយដៃគូក្នុងដំណើរទស្សនកិច្ចនេះក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ... ដូចជាអង់គ្លេស បានបើកឱកាសសម្រាប់ការអនុវត្តគោលនយោបាយ និងគោលការណ៍សំខាន់ៗរបស់បក្ស ការបញ្ជាការរបស់លោក To Lam អគ្គលេខាបក្ស រួមចំណែកដល់ការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិក្នុងរយៈពេលខាងមុខ។

អ្នកសារព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីប្រាប់អំពីទិសដៅសំខាន់ៗនាពេលខាងមុខ ដើម្បីអនុវត្តលទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងដំណើរទស្សកិច្ចនៅចក្រភពអង់គ្លេសរបស់លោក To Lam អគ្គលេខាបក្ស?

លោក Le Hoai Trung៖ នាពេលខាងមុខ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា វៀតណាម និងអង់គ្លេស នឹងអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចប្រកបដោយប្រសិទ្ធភាព ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជម្រុញការកសាងផែនការសកម្មភាពរួម ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ព្រមទាំង បន្តអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព។ ដំណើរការនោះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទីមួយ ផ្តោតលើការបង្កើនទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ស្របតាមកម្រិតថ្មីនៃទំនាក់ទំនងនាបច្ចុប្បន្ន។ ជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ និងយន្តការសហប្រតិបត្តិការថ្មីៗ ស្របតាមសក្តានុពល និងតម្រូវការជាក់ស្តែង។

ទីពីរ ឆ្លៀតយកប្រៀបខ្លាំងរបស់អង់គ្លេសក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នវានុវត្តន៍ ទូរគមនាគមន៍ ការធ្វើបរិវត្តកម្មថាមពលប្រកបដោយចីរភាព បច្ចេកវិទ្យាខ្ពស់ ជីវវេជ្ជសាស្ត្រ... ដើម្បីបំពេញតម្រូវការរបស់វៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការលើកកម្ពស់គុណភាពធនធានមនុស្ស។ល។

ទីបី បង្កើនការតភ្ជាប់ សហការយ៉ាងជិតស្និទ្ធ និងលើកកម្ពស់តួនាទីនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន ជម្រុញទំនាក់ទំនងពាណិជ្ជកម្មដោយផ្អែកលើច្បាប់ និងសមភាព បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ទីបួន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការងារអាណិកជនវៀតណាមនៅអង់គ្លេស។

ទោះបីជាស្ថានភាពអន្តរជាតិ និងតំបន់បន្តវិវត្តន៍យ៉ាងស្មុគស្មាញក៏ដោយ ក៏វៀតណាមកំពុងមានលក្ខខណ្ឌអំណោយផលថ្មីៗជាច្រើន។ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអន្តរជាតិ និងក្របខ័ណ្ឌសហប្រតិបត្តិការថ្មីៗនៅក្នុងវិស័យសំខាន់ៗ នឹងជួយវៀតណាមបំពេញបន្ថែមធនធានសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសនៅក្នុងយុគសម័យថ្មី។

អ្នកសារព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh