ការសម្រេចបាននូវស្មារតីនៃការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងឡាវ
កប.អនឡាញ - តាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នៅទីក្រុងវៀងចន្ទន៍។ ក្នុងឱកាសនេះ លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
អ្នកយកព័ត៌មាន៖ តើកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ មានសារៈសំខាន់យ៉ាងណាចំពោះទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ?
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ គឺជាយន្តការដ៏សំខាន់មួយ ដើម្បីអនុវត្តទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការផ្សារភ្ជាប់ជាយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងរដ្ឋទាំងពីរ។ នៅឆ្នាំនេះ សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល មិនត្រឹមតែជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងអំឡុងឆ្នាំនោះទេ ប៉ុន្តែក៏ជាកិច្ចប្រជុំពិសេសមួយផងដែរ ដែលធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ហើយស្របពេលដែលប្រទេសទាំងពីរកំពុងបូកសរុបលទ្ធផលការងារបញ្ចប់អាណត្តិសហប្រតិបត្តិការឆ្នាំ២០២១-២០២៥ និងកំពុងរៀបចំឱ្យចូលដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រកាន់តែទូលំទូលាយ។
    |
 |
|
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី |
កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនង "កម្រមាន" ក៏ដូចជាតួនាទីសំខាន់ៗនៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលជាស្ថាប័នសហប្រតិបត្តិការមួយដែលត្រូវបានរក្សាជាបន្តបន្ទាប់អស់រយៈពេល ៤៨ ឆ្នាំកន្លងមក ដោយធានាថាការប្តេជ្ញាចិត្ត និងទិសដៅទាំងអស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងទំនាក់ទំនងសហប្រតិបត្តិការត្រូវបានអនុវត្តយ៉ាងសំខាន់។ នេះគឺជាយន្តការដើម្បីសម្រេចបាននូវស្មារតីនៃការចែករំលែក ការគាំទ្រគ្នាទៅវិញទៅមក និងការអភិវឌ្ឍគ្នាទៅវិញទៅមក។
នៅឆ្នាំនេះ ភាគីទាំងពីរនឹងវាយតម្លៃយ៉ាងទូលំទូលាយអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២០២១-២០២៥។ អាចនិយាយបានថា ទោះបីជានៅក្នុងបរិបទតំបន់ និងពិភពលោកជាមានការប្រែប្រួលជាច្រើនក៏ដោយ ក៏កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវនៅតែបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយនាំមកនូវលទ្ធផលវិជ្ជមានយ៉ាងច្រើនផងដែរ។ ក្នុងពេលជាមួយគ្នានេះ កិច្ចប្រជុំនេះក៏មានទិសដៅយុទ្ធសាស្ត្រផងដែរ នៅពេលដែលភាគីទាំងពីរនឹងពិភាក្សា និងលើកឡើងទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។ ដោយផ្អែកលើលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោក To Lam អគ្គលេខាបក្សទៅកាន់ប្រទេសឡាវ និងរាល់ការឯកភាពកម្រិតខ្ពស់ ដែលភាគីទាំងពីរបានពិភាក្សា និងយល់ព្រមបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភមួយនៃសាមគ្គីភាពយុទ្ធសាស្ត្រ ជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ និងទូលំទូលាយលើគ្រប់វិស័យ។
នេះក៏ជាឱកាសមួយដើម្បីបញ្ជាក់ និងធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងសាមគ្គីភាពយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ ការតភ្ជាប់យ៉ាងជិតស្និទ្ធនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រមិនត្រឹមតែសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។
អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកពីសមិទ្ធផលលេចធ្លោមួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវក្នុងរយៈពេលឆ្នាំ ២០២១-២០២៥ បានទេ?
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រី៖ ក្នុងរយៈពេលឆ្នាំ ២០២១-២០២៥ ទោះបីជាមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក និងតំបន់ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកើនឡើងរវាងប្រទេសធំៗ និងបញ្ហាប្រឈមសកលជាច្រើនដូចជា គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវនៅតែត្រូវបានពង្រឹង និងអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមការដឹកនាំដោយផ្ទាល់ និងគ្រប់ជ្រុងជ្រោយរបស់បក្ស និងរដ្ឋទាំងពីរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងរាល់ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃភាគីទាំងពីរ គម្រោងសហប្រតិបត្តិការសំខាន់ៗជាច្រើន ជាពិសេសក្នុងរយៈពេលឆ្នាំ ២០២៤-២០២៥ បានឆ្លងកាត់ការលំបាក វឌ្ឍនភាពត្រូវបានជំរុញ នាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ និងបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងវប្បធម៌-សង្គម។ ភាគីទាំងពីរបានធ្វើសន្និសីទមួយដើម្បីផ្សព្វផ្សាយ និងចេញផែនការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដើម្បីធ្វើឲ្យរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ក្លាយជាការពិតជាក់ស្តែង រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ កាន់តែស៊ីជម្រៅ កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។
ក្រឡេកមើលអតីតកាល យើងតែងតែមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់បុព្វបុរសគ្រប់ជំនាន់ក្នុងការកសាងប្រទេសជាតិ ថែរក្សាទំនាក់ទំនងវៀតណាម-ឡាវ ឲ្យរីកចម្រើនឥតឈប់ឈរ និងនាំមកនូវលទ្ធផលជាផ្លែផ្កា ដែលធ្វើឱ្យទំនាក់ទំនងនេះក្លាយជាគំរូដ៏ល្អឥតខ្ចោះ បរិសុទ្ធ និងជាគំរូតែមួយគត់នៅលើពិភពលោក។ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ស្ថប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពីមជ្ឈិមរហូតដល់មូលដ្ឋាន និងរាល់អង្គភាពអាជីវកម្មរបស់ប្រទេសវៀតណាម និងឡាវ យើងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីរក្សាជំនឿលើអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវក្នុងសម័យកាលថ្មី។
អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung