អ្នកយកព័ត៌មាន៖ សូមលោកស្រីប្រាប់អំពីលទ្ធផលលេចធ្លោនៃសប្តាហ៍កិច្ចប្រជុំកំពូល APEC លើកទី៣២ ដែលទើបតែបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង?

លោកស្រី Nguyen Minh Hang៖ សប្តាហ៍កិច្ចប្រជុំកំពូល APEC លើកទី ៣២ បានបញ្ចប់ដោយជោគជ័យ ជាមួយការចូលរួមពីថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១ និងថ្នាក់ដឹកនាំនៃធុរកិច្ចឈានមុខគេក្នុងតំបន់ ថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងភ្ញៀវកិត្តិយសជិត ២០០០ នាក់។ សប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ បានអនុម័តលើសេចក្តីប្រកាសទីក្រុង Gyeongju “ដើម្បីអនាគតប្រកបដោយចីរភាព” ដោយសង្កត់ធ្ងន់លើគោលដៅកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបើកចំហ សន្តិភាព ខ្លួនទីពឹងខ្លួន និងស្វាហាប់។ ជោគជ័យនៃសប្តាហ៍កិច្ចប្រជុំកំពូល APEC លើកទី ៣២ បញ្ជូនសារសំខាន់ៗជាច្រើនដល់ពិភពលោក និងតំបន់។

ទីមួយភាពចាំបាច់នៃការរក្សាកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើនភាពធន់របស់ខឿនសេដ្ឋកិច្ចទាំងឡាយ។ កិច្ចប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃពហុភាគីនិយម ស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស

ទីពីរ ការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដើម្បីការអភិវឌ្ឍរួមគ្នា។ កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន និងនិន្នាការថ្មីៗដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃពិភពលោក និងតំបន់។ ជាពិសេស ការធ្វើបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតគឺជាខ្លឹមសារសំខាន់នៃកិច្ចប្រជុំឆ្នាំនេះ មិនត្រឹមតែនៅក្នុងរបៀបវារៈរបស់ថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងកិច្ចប្រជុំរវាងធុរកិច្ច និងកិច្ចសន្ទនារវាងសារធារណៈ និងឯកជនផងដែរ។ នេះបញ្ជាក់ពីតួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់ APEC ក្នុងការតម្រង់ទិស និងដឹកនាំការផ្លាស់ប្តូរនៅក្នុងយុគសម័យឌីជីថល និងកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន។

ទីបី សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសារធារណៈ និងឯកជន ការកៀរគរធនធានសង្គមឱ្យបានអតិបរមាដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ និងការផ្លាស់ប្តូរគំរូកំណើននៃសេដ្ឋកិច្ចសមាជិក។ ក្នុងសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំនេះ សហគមន៍ធុរកិច្ចមិនត្រឹមតែចែករំលែកចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកឡើងគំនិតផ្តួចផ្តើម និងអនុសាសន៍ជាក់ស្តែងជាច្រើនលើការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។

អ្នកយកព័ត៌មាន៖ សូមលោកស្រីចែករំលែកលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ច ដើម្បីចូលរួមសប្តាហ៍កំពូល APEC 2025 និងជួបពិភាក្សាទ្វេភាគីនៅកូរ៉េខាងត្បូងរបស់លោក Luong Cuong ប្រធានរដ្ឋ?

លោកស្រី Nguyen Minh Hang៖ ដំណើរទស្សនកិច្ចការងាររបស់លោក Luong Cuong ប្រធានរដ្ឋ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹលទ្ធផលសំខាន់ៗជាច្រើនទាំងកម្រិតពហុភាគី និងទ្វេភាគី។

ទីមួយ លោកប្រធានរដ្ឋបានបញ្ជាក់ពីទស្សនៈ និងវិធីសាស្រ្តរបស់វៀតណាមចំពោះបញ្ហាធំៗនៃតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋក៏បានលើកឡើងសំណើ និងដំណោះស្រាយសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ APEC ឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព ដោយឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ការអភិវឌ្ឍតំបន់ និងខឿនសេដ្ឋកិច្ចសមាជិកនីមួយៗ។

ទីពីរ លោកប្រធានរដ្ឋបានបញ្ជូនដល់សហគមន៍ APEC នូវសារអំពីចក្ខុវិស័យ គោលនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការផ្លាស់ប្ដូរថ្មី។ តាមរយៈសកម្មភាពនេះ វៀតណាមបានចែករំលែកអំពីទិសដៅអភិវឌ្ឍន៍របស់ខ្លួន ដោយផ្ដោតលើទាក់ទាញការវិនិយោគ និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ សុន្ទរកថារបស់លោក Luong Cuong ប្រធានរដ្ឋ បានធ្វើឱ្យមានការចាប់អារម្មណ៍លើថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ច អំពីប្រទេសវៀតណាមដែលប្តេជ្ញាចិត្តក្នុងនវានុវត្តន៍ និងធ្វើសមាហរណកម្ម។

ទីបី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC លើកទី ៣២ លោក Luong Cuong ប្រធានរដ្ឋ មានសកម្មភាពទ្វេភាគីដ៏សម្បូរបែប និងមានប្រសិទ្ធភាពជាមួយប្រទេសម្ចាស់ផ្ទះ កូរ៉េខាងត្បូង និងខឿនសេដ្ឋកិច្ចសមាជិក APEC ជាច្រើន។ លោកប្រធានរដ្ឋបានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មានជំនួបជាមួយថ្នាក់ដឹកនាំមូលដ្ឋានកូរ៉េខាងត្បូង និងជួបជាមួយសហគមន៍ជនវៀតណាមនៅតំបន់អាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ដែលនេះរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង។ លោកប្រធានរដ្ឋក៏បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងប្រធានគណៈប្រតិភូនៃខឿនសេដ្ឋកិច្ចសមាជិក APEC ជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងដៃគូនានា។

បណ្តាសមាជិក APEC និងសហគមន៍ធុរកិច្ចបានសម្តែងការគាំទ្រនិងការទន្ទឹងរង់ចាំចំពោះការបំពេញទស្សនកិច្ចនៅកោះ Phu Quoc ដើម្បីចូលរួមសកម្មភាពនៃឆ្នាំ APEC ឆ្នាំ ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh