លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញចូលរួមសម័យប្រជុំដំបូងនៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC 2025
កប.អនឡាញ - ដោយបន្តចូលរួមសកម្មភាពនានានៅក្នុងសប្តាហ៍កិច្ចប្រជុំកំពូល APEC 2025 នៅទីក្រុង Gyeongju (កូរ៉េខាងត្បូង) នៅថ្ងៃទី ៣១ ខែតុលា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំលើកដំបូងនៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC 2025
ដោយមានប្រធានបទ "ឆ្ពោះទៅរកតំបន់ដែលមានភាពធន់ ភ្ជាប់ទំនាក់ទំនង និងរីកចម្រើន" កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់ៗពីរ៖ ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងបរិបទនៃភាពមិនប្រាកដប្រជាសកល និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ដើម្បីពង្រីកសក្តានុពលនៃវិស័យឯកជន ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាប័ន្ន និងប្រកបដោយចីរភាព។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការបង្កើនការតភ្ជាប់ និងបង្កើនភាពធន់នៃបណ្តាខឿនសេដ្ឋកិច្ច APEC ជាពិសេសខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ប្រឆាំងនឹងផលប៉ះពាល់ពីខាងក្រៅ និងផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យា។ ដូច្នេះ លោកប្រធានរដ្ឋវៀតណាមបានលើកឡើងនូវវិស័យសំខាន់ៗចំនួនបីដែល APEC គួរផ្តោតលើ៖
ទីមួយ APEC ត្រូវដោះស្រាយបញ្ហាកកស្ទះធំៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់ តាមរយៈការធ្វើឌីជីថលូបនីយកម្មប្រកបដោយប្រសិទ្ធភាពនៃដំណើរការបោសសម្អាតគយ។ ការធ្វើឱ្យប្រសើរឡើង និងការធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារ និងបច្ចេកវិទ្យាព័ត៌មាន។ ការសម្របសម្រួលទិន្នន័យឆ្លងដែន និងបទប្បញ្ញត្តិទូទាត់ និងកាត់បន្ថយគម្លាតបច្ចេកវិទ្យារវាងបណ្តាខឿនសេដ្ឋកិច្ច។
ទីពីរ ចាំបាច់ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដូចជាកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយរបាំងមិនមែនពន្ធ។
ទីបី ចាំបាច់ត្រូវគាំទ្រវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានដើមទុន បច្ចេកវិទ្យា ទីផ្សារ និងកែលម្អសមត្ថភាពអភិបាលកិច្ច ដើម្បីសម្របខ្លួន និងអភិវឌ្ឍក្នុងយុគសម័យឌីជីថល។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រឹះមីក្រូសេដ្ឋកិច្ចរឹងមាំដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនរយៈពេលវែង ហើយមេរៀនអភិវឌ្ឍន៍របស់តំបន់ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់បំផុតរបស់វិស័យឯកជនផងដែរ។
លោកប្រធានរដ្ឋ Luong Cuong បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ នៃ APEC 2027 វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចក្នុង និងក្រៅ APEC ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ច លើកកម្ពស់កំណើនបៃតង និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព។
បកប្រែដោយ Duy Hoan