ពង្រឹងទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ រុស្ស៊ី និងបេឡារុស្ស
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Kassym-Jomart Tokaev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងលោក Alexander Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ បំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្សចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមមានគោលបំណងបន្តបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម ការធ្វើពិពិធកម្ម ម្ចាស់ការ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាពនៃមហាសន្និបាតលើកទី១៣ របស់បក្ស ហើយឆ្លុះបញ្ចាំងពីមនោសញ្ចេតនា និងការវាយតម្លៃខ្ពស់របស់វៀតណាមចំពោះសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស្ស ព្រមទាំងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាព និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងប្រទេសទាំងបួន។
ចំពោះសាធារណរដ្ឋកាហ្សាក់ស្ថាន ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំវៀតណាមក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅកាហ្សាក់ស្ថានរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ នាពេលកន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកាហ្សាក់ស្ថានបានអភិវឌ្ឍយ៉ាងល្អប្រសើរ ជាពិសេសគឺទំនាក់ទំនងនយោបាយដោយមានទំនុកចិត្តខ្ពស់។ បក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងល្អជាមួយគណបក្ស Amanat ដែលជាបក្សកាន់អំណាច និងគណបក្សប្រជាជនកាហ្សាក់ស្ថាន។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កាហ្សាក់ស្ថានបានអះអាងម្តងហើយម្តងទៀតថា កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងបើកទូលាយលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងវិស័យថ្មីដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍រួម។
    |
 |
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ Ngo Phuong Ly (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនោះ ចំពោះសាធារណរដ្ឋអាស៊ែបៃហ្សង់ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សម្មុយនិស្តវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២ និងជាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ បក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងល្អជាមួយគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលជាគណបក្សកាន់អំណាច។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ រួមចំណែកពង្រឹងជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ វៀតណាម និងអាស៊ែបៃហ្សង់ ត្រូវបានវាយតម្លៃថា មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍...
សម្រាប់សហព័ន្ធរុស្ស៊ី នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងចាប់តាំងពីលោក To Lam កាន់តំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ហើយក៏ជាលើកទីមួយដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីបន្ទាប់ពីរយៈពេល ៧ ឆ្នាំ ដោយបង្ហាញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូល ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ព្រមទាំង បង្ហាញពីការដឹងគុណចំពោះការរួមវិភាគទាន និងការលះបង់របស់សហភាពសូវៀតនាអតីតកាលក្នុងសម័យសង្គ្រាមប្រឆាំងនឹងហ្វាស៊ីសនិយម បញ្ចប់សង្គ្រាមលោកលើកទី២ ការពារយ៉ាងរឹងមាំនូវសន្តិភាពពិភពលោក។ នៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ដោយកត់សម្គាល់ដំណើរការរួមគ្នាជំនះឧបសគ្គ និងការលំបាក រួមទាំងប៉ុន្មានឆ្នាំដែលប្រជាជនវៀតណាមតស៊ូដើម្បីឯករាជ្យ និងសេរីភាព។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងរុស្ស៊ីបន្តអភិវឌ្ឍជាវិជ្ជមាន ស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ និងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយជាគំរូនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានកំណត់ថា ការពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាមនិងរុស្ស៊ី ចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ លើកកម្ពស់តួនាទីរបស់វៀតណាម និងរុស្ស៊ីនៅតំបន់នីមួយៗ និងលើពិភពលោក។
សម្រាប់សាធារណរដ្ឋបេឡារុស្ស នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam ក្នុងនាមជាអគ្គលេខាបក្ស ព្រមទាំងជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបន្ទាប់ពីរយៈពេល ១១ ឆ្នាំ។ ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍជាវិជ្ជមាន ជាមួយនឹងការជឿទុកចិត្តកាន់តែខ្ពស់។ ថ្នាក់ដឹកនាំជាន់ខ្ពស់បេឡារុស្សបានអះអាងថា បេឡារុស្សចាត់ទុកវៀតណាមជាដៃគូអាទិភាពនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ហើយបើកទូលាយដល់វិស័យដ៏មានសក្តានុពល។
ក្នុងបរិបទនោះ យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទទួលបានជោគជ័យ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ហើយជម្រុញទំនាក់ទំនងរវាងវៀតណាម និងសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ និងសាធារណរដ្ឋបេឡារុស្សឡើងកម្ពស់ថ្មី ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប្រទេសទាំងបួន កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh