អ្នកសារព័ត៌មាន៖ ប្រទេសវៀតណាមបានបញ្ចប់តួនាទីជាសហប្រធាននៃ SEARP នៃ OECD សម្រាប់ដំណាក់កាល ២០២២-២០២៥។ តើលោកស្រីអនុរដ្ឋមន្ត្រីប្រាប់អំពីលទ្ធផលសំខាន់ៗមួយចំនួនដែលសម្រេចបាន និងសារៈសំខាន់នៃលទ្ធផលទាំងនេះបានទេ?

លោកស្រី Nguyen Minh Hang៖ SEARP គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីតំបន់ទាំងប្រាំរបស់ OECD ដែលត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ២០១៤ តាមគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនដើម្បីជួយគាំទ្រដំណើរការកំណែទម្រង់សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន តាមរយៈវិស័យសហប្រតិបត្តិការចំនួន១៣។ ដំណាក់កាល ២០២២-២០២៥ គឺជារយៈពេលដែលពិភពលោក ក៏ដូចជាអាស៊ីអាគ្នេយ៍កំពុងស្តារឡើងវិញ ក្រោយជំងឺរាតត្បាត Covid-19 ជាមួយនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចជាការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល បញ្ហាសន្តិសុខមិនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ...។ បដិវត្តន៍បច្ចេកវិទ្យា ៤.០ និងរបកគំហើញនៅក្នុងវិស័យដូចជា semiconductors និងសិប្បនិម្មិត (AI) បង្កើត ជម្រើសជាច្រើនអំពីការផ្លាស់ប្ដូរថ្មីនូវគំរូកំណើន គំរូអភិវឌ្ឍវិទ្យាសាស្ត្រ និងគំរូបច្ចេកវិទ្យាដើម្បីបង្កើតរបកគំហើញថ្មីសម្រាប់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍ។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ក្នុងបរិបទនោះ វៀតណាម អូស្ត្រាលី និងប្រទេសផ្សេងទៀតបានកំណត់អាទិភាពសំខាន់ចំនួន ៣ សម្រាប់ SEARP រួមមាន៖ ជួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជំនះវិបត្តិសេដ្ឋកិច្ចរយៈពេលខ្លី ជាពិសេសផលវិបាកនៃជំងឺរាតត្បាត Covid-19 តាមរយៈការជំរុញគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុសមស្រប ជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ជួយគាំទ្រប្រទេសក្នុងតំបន់ធ្វើកំណែទម្រង់ ដើម្បីបង្កើនផលិតភាព ធ្វើអោយប្រសើរឡើងនូវបរិយាកាសវិនិយោគ និងអាជីវកម្ម ជំរុញនវានុវត្តន៍ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ីអាគ្នេយ៍ និង OECD តាមរយៈការចែករំលែកបទពិសោធន៍ ដើម្បីជួយគាំទ្របណ្ដាប្រទេសក្នុងតំបន់ឲ្យសម្រេចបានស្តង់ដារអន្តរជាតិស្តីពីអភិបាលកិច្ច តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាម និងអូស្ត្រាលី ជាមួយប្រទេសសមាជិកបានជម្រុញសកម្មភាពសំខាន់ៗជាច្រើន ដូចជា ការចុះហត្ថលេខា និងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាង OECD និងអាស៊ាន ហើយរៀបចំវេទិកាតំបន់ថ្នាក់រដ្ឋមន្ត្រី ដែលមានប្រធានបទផ្សារភ្ជាប់ជាមួយតម្រូវការរបស់បណ្ដាប្រទេសក្នុងតំបន់ ស្របតាមអាទិភាព និងប្រៀបខ្លាំងរបស់បណ្ដាប្រទេស OECD។ ប្រទេសទាំងពីរក៏បានសិក្សាស្រាវជ្រាវ វាយតម្លៃសេដ្ឋកិច្ច និងផ្តល់អនុសាសន៍សមស្រប និងកម្មវិធីជួយលើកកម្ពស់សមត្ថភាពសម្រាប់បណ្ដាប្រទេសអាស៊ាន។ ដូច្នេះហើយ SEARP បានចូលរួមចំណែកដល់ដំណើរការស្តារសេដ្ឋកិច្ចក្នុងតំបន់។

វៀតណាមមានមោទនភាពដែលបានរួមចំណែកធ្វើឲ្យ SEARP ក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លទ្ធផលវិជ្ជមានពោលខាងលើត្រូវបានវាយតម្លៃខ្ពស់ដោយបណ្តាប្រទេស OECD និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមនោះ បន្តបញ្ជាក់ពីតួនាទី ការរួមចំណែក និងការទទួលខុសត្រូវរបស់វៀតណាម ក៏ដូចជាសមត្ថភាពដឹកនាំក្នុងយន្តការពហុភាគីរបស់វៀតណាម។

អ្នកសារព័ត៌មាន៖ សូមលោកស្រីឱ្យដឹងបានទេថា តើបទពិសោធន៍អ្វីខ្លះដែលវៀតណាមទទួលបានក្នុងការជម្រុញកិច្ចការបរទេសពហុភាគីនាពេលខាងមុខ?

លោកស្រី Nguyen Minh Hang៖ ក្នុងរយៈពេលដើរតួនាទីជាសហប្រធាន SEARP ជាមួយលទ្ធផលជាវិជ្ជមានដែលពោលខាងលើ យើងអាចដកបទពិសោធន៍ខ្លះដូចខាងក្រោម៖

ទីមួយ ក្នុងបរិបទដែលប្រទេសឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ វៀតណាមគប្បីចូលរួមយ៉ាងសកម្ម លើកកំពស់តួនាទីក្នុងការកសាងអង្គការពហុភាគី និងសណ្តាប់ធ្នាប់នយោបាយ-សេដ្ឋកិច្ចអន្តរជាតិ ព្រមទាំង កសាងគោលនយោបាយ និងច្បាប់ ដើម្បីជម្រុញការអនុវត្តការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងអន្តរជាតិតាមរយៈនោះ លើកកម្ពស់តួនាទីរបស់ប្រទេសជាតិ និងទាញយកធនធានសម្រាប់អភិវឌ្ឍន៍។

ទីពីរ អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងជម្រុញទំនាក់ទំនងកិច្ចការបរទេសពហុភាគី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានកិត្យានុភាព និងឥទ្ធិពលក្នុងតំបន់ និងពិភពលោក។

ទី៣ វៀតណាមសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសបង្ហាញភាពធន់ ការងើបឡើងវិញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោយជំងឺរាតត្បាត ក្លាយជាគំរូក្នុងតំបន់ ហើយត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីប្រទេសផ្សេងៗ។ តាមរយៈនោះ សកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ SEARP ដែលលើកឡើង និងរៀបចំដោយវៀតណាម តែងតែទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេសសមាជិក OECD ទាំងអស់ ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទី៤ គប្បីទាញយកយ៉ាងសកម្មនូវធនធានអន្តរជាតិ។ ជំនួយដ៏មានតម្លៃ និងទាន់ពេលវេលាពី OECD និងបណ្តាប្រទេសជាសមាជិក ជាពិសេសប្រទេសអូស្ត្រាលី ទាំងធនធានហិរញ្ញវត្ថុ និងបទពិសោធន៍ បានបង្កើតកម្លាំងចលករសម្រាប់វៀតណាមក្នុងការលើកឡើង និងអនុវត្តកម្មវិធីសហប្រតិបត្តិការ តាមនោះ បំពេញតួនាទីជាសហប្រធានប្រកបដោយជោគជ័យ។ នាពេលខាងមុខ ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីក៏បានព្រមព្រៀងបន្តផ្តល់ជំនួយហិរញ្ញវត្ថុ ដើម្បីជួយវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ OECD។

អ្នកសារព័ត៌មាន៖ អរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh