អគ្គលេខាធិការ OECD៖ វៀតណាមមានភាពម្ចាស់ការនិងការទទួលខុសត្រូវក្នុងតួនាទីជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍
នាថ្ងៃទី ៣ មិថុនា គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានចូលរួមសម័យបើកកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (MCM) ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជាមួយនឹងប្រធានបទ "ការដឹកនាំនៅផ្លូវទៅកាន់វិបុលភាពប្រកបដោយនិរន្តរភាព គ្រប់ជ្រុងជ្រោយ និងភាពធន់តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងនវានុវត្តន៍" នោះ MCM ឆ្នាំនេះបានធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ទី ៤ ខែមិថុនា។
    |
 |
លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) (រូបថត៖ VOV) |
នៅក្នុងសុន្ទរកថានៅពិធីបើក លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីអាស៊ីអាគ្នេយ៍របស់ OECD (SEARP) ដោយចាត់ទុកនេះជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ រួមចំណែកគាំទ្រដល់កំណែទម្រង់សេដ្ឋកិច្ច ជំរុញកំណើនប្រកបដោយចីរភាព និងបង្កើនការតភ្ជាប់រវាង OECD និងអាស៊ាន។ ជាពិសេស លោកអគ្គលេខាធិការ OECD បានកោតសរសើរចំពោះការរួមចំណែករបស់វៀតណាម និងអូស្ត្រាលី ក្នុងតួនាទីជាសហប្រធាននៃ SEARP សម្រាប់អាណត្តិ ២០២២-២០២៥។
“ក្នុងនាមជាសហប្រធានចាប់តាំងពីឆ្នាំ ២០២២ មក វៀតណាម និងអូស្ត្រាលីបានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ OECD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាម បានបង្ហាញពីភាពម្ចាស់ការ និងទំនួលខុសត្រូវរបស់ខ្លួន ហើយរៀបចំដោយជោគជ័យនូវវេទិកាថ្នាក់រដ្ឋមន្ត្រីចំនួនពីរជាប់ៗគ្នានៃកម្មវិធី SEARP នៅទីក្រុងហាណូយក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ដោយផ្តោតលើការស្តារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគប្រកបដោយនិរន្តរភាព”។
រីឯខ្លួនវិញ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានសម្តែងថា៖ “ក្នុងអំឡុងអាណត្តិ ២០២២-២០២៥ វៀតណាមនិងអូស្ត្រាលីបានធ្វើជាសហប្រធាន SEARP ក្នុងបរិបទដែលពិភពលោកប្រឈមមុខនឹងបញ្ហាជាច្រើន៖ ការងើបឡើងវិញក្រោយជំងឺរាតត្បាត ការធ្វើបរិវត្តកម្មឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វិសមភាព និងការបាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំបូងរវាង OECD និងអាស៊ាន រៀបចំវេទិកាអាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយឆ្នាំ២០២២ ដោយជោគជ័យដែលបើកយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រីជាប្រចាំរវាង OECD និងតំបន់ស្តីពីគោលនយោបាយ និងការអភិវឌ្ឍ និងការអនុវត្ត Prospectus ជាលើកដំបូង ដែលជាផែនការសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យផ្លាស់ប្តូរបៃតង និងឌីជីថល កំណើនបរិយាប័ន្ន និងការលើកកម្ពស់ផលិតភាព”។
លោករដ្ឋមន្ត្រី Nguyen Van Thang បានអះអាងថា វៀតណាមសន្យាបន្តរួមដំណើរ រួមចំណែកយ៉ាងសកម្ម ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយនិរន្តរភាព និងតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ៕
តាម vovworld.vn