ក្នុងឱកាសនេះ អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងបាងកក បានធ្វើបទសម្ភាសន៍ជាមួយលោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ប្រៀបខ្លាំងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងវិធានការជំរុញទំនាក់ទំនងទ្វេភាគី។

សូមលោកឯកអគ្គរដ្ឋទូតប្រាប់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីចំពោះទំនាក់ទំនងវៀតណាម-ថៃក្នុងដំណាក់កាលបច្ចុប្បន្នបានទេ?

លោក Pham Viet Hung ឯកអគ្គរដ្ឋទូត៖ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាម របស់លោកស្រីនាយករដ្ឋមន្ត្រីថៃបន្ទាប់ពីរយៈពេល ១១ ឆ្នាំ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៤ ដែលប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត(១៩៧៦-២០២៦)។

ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ និងស៊ីជម្រៅលើគ្រប់វិស័យ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរបន្តអភិវឌ្ឍទំនាក់ទំនងឡើងខ្ពស់កំពស់ថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

leftcenterrightdel
លោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ (រូបថត៖ vnanet.vn)

សូមលោកឲ្យដឹងថា តើបញ្ហាអ្វីខ្លះនឹងជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកស្រី Paetongtarn នាយករដ្ឋមន្ត្រី?

លោក Pham Viet Hung ឯកអគ្គរដ្ឋទូត៖ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈរដ្ឋមន្ត្រីចម្រុះ ដែលជាយន្តការបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរនឹងពិនិត្យ និងដោះស្រាយបញ្ហាដែលនៅសេសសល់ និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

អំពីវិស័យនយោបាយ និងការទូត ភាគីទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីវិធានការពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ និងមូលដ្ឋាននានា ព្រមទាំងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃអាស៊ាន និងមហាអនុតំបន់មេគង្គ។

ចំពោះសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរនឹងពិនិត្យការអនុវត្តផែនការ និងគំនិតផ្តួចផ្តើមក្នុងវិស័យនេះ ជាពិសេសគំនិតផ្តួចផ្តើម “ការតភ្ជាប់ចំនួនបី” ព្រមទាំងជំរុញវិធានការពង្រីកកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅគោលដៅសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ និងទាក់ទាញការវិនិយោគរបស់ថៃក្នុងវិស័យអាទិភាពរបស់វៀតណាម។

អំពីវិស័យវប្បធម៌ អប់រំ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការតភ្ជាប់បណ្ដាមូលដ្ឋាន ក៏ដូចជាបង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ បង្កើតមូលដ្ឋានគ្រឹះសង្គមប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្រៅពីបញ្ហាដែលលោកឯកអគ្គរដ្ឋទូតទើបតែលើកឡើងនោះ តើមានវិស័យថ្មីអ្វីខ្លះដែលប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ?

លោក Pham Viet Hung ឯកអគ្គរដ្ឋទូត៖ ក្រៅពីវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរកំពុងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននោះ វៀតណាម និងថៃមានសក្តានុពលជាច្រើន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួន ដែលស្របតាមនិន្នាការអភិវឌ្ឍនាបច្ចុប្បន្ន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនីមួយៗដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ និងកំណើនបៃតង...

តើលោកឯកអគ្គរដ្ឋទូតរំពឹងចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Paetongtarn នាយករដ្ឋមន្ត្រី យ៉ាងដូចម្ដេច?

លោក Pham Viet Hung ឯកអគ្គរដ្ឋទូត៖ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រី ជារបត់សំខាន់មួយ ដែលជម្រុញឲ្យទំនាក់ទំនងវៀតណាម-ថៃ ឡើងកម្រិតខ្ពស់ថ្មី ជួយពង្រឹងទំនុកចិត្តខាងនយោបាយ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យកិច្ចសហប្រតិបត្តិការ ដោះស្រាយឧបស័គ្គ ឯកភាពគ្នាលើទិសដៅ និងវិធានការជាក់ស្ដែង បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

ឯកសារសហប្រតិបត្តិការដែលភាគីទាំងពីរចុះហត្ថលេខាក្នុងឱកាសនេះ នឹងបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ធុរកិច្ច និងអង្គការសង្គម ព្រមទាំងបង្កើនការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជម្រុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Thuy Anh