អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឱ្យដឹងអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវរបស់លោក Luong Cuong ប្រធានរដ្ឋ?
លោក Bui Thanh Son៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋនៅប្រទេសឡាវ មានសារៈសំខាន់ពិសេសចំពោះទំនាក់ទំនងពិសេសវៀតណាម-ឡាវ។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសឡាវរបស់លោក Luong Cuong ប្រធានរដ្ឋ ហើយប្រព្រឹត្តទៅក្នុងពេលវេលាដ៏ពិសេស ពោលគឺប្រជាជនឡាវទើបតែទទួលអុះណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Bunpimay ឆ្នាំ២០២៥ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥) ជាមួយនឹងបំណងប្រាថ្នា និងសេចក្តីប្រាថ្នាថ្មីៗជាច្រើន។ លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម បាននាំមកនូវមនោសញ្ចេតនាកក់ក្តៅ ស្មោះស្ម័គ្រ និងស្និទ្ធស្នាលរបស់សមមិត្តយុទ្ធមិត្ត និងបងប្អូន។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមក៏កំពុងត្រៀមពិធីខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) ហើយជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ ក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ព និងប្រជាជនឡាវ ដើម្បីឆ្ពោះទៅរកជ័យជម្នះនៅឆ្នាំ១៩៧៥។
ដំណើរទស្សនកិច្ចលើកនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីររំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃសម្ព័ន្ធប្រយុទ្ធពិសេស និងសាមគ្គីភាពរវាងវៀតណាម និងឡាវ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានពូនជ្រំរក្សាដោយគ្រប់ជំនាន់ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ដោយគោរពតម្លៃប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងកាន់តែមានមោទនភាពចំពោះសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី ប្រាប់អំពីលទ្ធផលលេចធ្លោ ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះបានទេ?
លោក Bui Thanh Son៖ ដំណើរទស្សនៈកិច្ចបានប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ដោយមានសកម្មភាពចំនួន ១៥ និងនាំមកនូវលទ្ធផលលេចធ្លោជាច្រើន។
ទីមួយ ភាគីទាំងពីរបានឯកភាពបន្តជម្រុញឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ជាពិសេសកិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យសន្តិសុខ ការពារជាតិ និងបញ្ហានានាទាក់ទងនឹងការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ទីពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសមស្របនឹងទំនាក់ទំនងពិសេស ដោះស្រាយការលំបាក និងឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រៀបចំក្របខ័ណ្ឌច្បាប់ និងបង្កើតយន្តការសហប្រតិបត្តិការព្រមៗគ្នា។ ជាពិសេសការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបញ្ចប់គម្រោងកំពង់ផែ Vung Ang រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រនាំឡាវទៅកាន់សមុទ្រ តភ្ជាប់ឡាវជាមួយតំបន់ និងពិភពលោក ហើយបង្កើតឱកាសអភិវឌ្ឍថ្មីសម្រាប់ប្រទេសទាំងពីរ។
ទីបី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ផ្តោតលើគុណភាព និងប្រសិទ្ធភាពដើម្បីបំពេញតម្រូវការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
ក្នុងឱកាសនេះ លោកប្រធានរដ្ឋវៀតណាមបានប្រកាសផ្តល់ថវិកា ៣ លានដុល្លារអាមេរិក របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវ ដើម្បីកសាងមន្ទីរពេទ្យកម្រិតស្រុកមួយនៅខេត្តវៀងច័ន្ទ ក្នុងបំណងអភិវឌ្ឍសុខុមាលភាពសង្គមជូនប្រជាជនឡាវ។
ទីបួន ភាគីទាំងពីរបានសន្យាបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការមេគង្គ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំរវាងថ្នាក់ដឹកនាំបក្សទាំងបី វៀតណាម-ឡាវ-កម្ពុជា និងជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបី។
ទីប្រាំ លោកប្រធានរដ្ឋវៀតណាមបានជួបជាមួយសហគមន៍ និងធុរកិច្ចវៀតណាមនៅឡាវ ហើយវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមក្នុងការលើកកំពស់តួនាទីតំណាងនៃសហគមន៍ជនវៀតណាមនៅឡាវ។ លោកប្រធានវៀតណាមមានសេចក្តីសោមនស្សរីករាយដែលឃើញសហគមន៍ និងធុរកិច្ចវៀតណាមនៅប្រទេសឡាវកាន់តែអភិវឌ្ឍ និងពង្រីកប្រពៃណីនៃសាមគ្គីភាព ការផ្សារភ្ជាប់ ការជួយគ្នាទៅវិញទៅមក និងរួមចំណែកយ៉ាងសកម្មក្នុងជីវភាពសេដ្ឋកិច្ចសង្គមឡាវ ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ។
ជាមួយនឹងលទ្ធផលលេចធ្លោខាងលើ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់លោក Luong Cuong ប្រធានរដ្ឋទទួលបានជោគជ័យយ៉ាងធំធេង នេះជាសារដ៏មោះមុតអំពីតម្លៃជាអមតៈនៃទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ក៏ដូចជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែជិតស្និទ្ធ ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ជាងទៀត តាមរយៈនោះ រួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានសាមគ្គីភាព ដើម្បីសន្និភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី!
បកប្រែដោយ Thuy Anh