លោក James Kember អតីតឯកអគ្គរដ្ឋទូតនូវែលសេឡង់ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់វៀតណាម
កប.អនឡាញ - លោក James Kember អតីតឯកអគ្គរដ្ឋទូតបាននិយាយថា ពេលវេលាដែលគាត់ធ្វើការនៅវៀតណាម ពិតជាគឺគួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រូបគាត់ណាស់។ ហើយគាត់ក៏បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញពីការប្រែប្រួល ការអភិវឌ្ឍក្នុងល្បឿនលឿនរបស់វៀតណាមផងដែរ។
យោងតាមលោក James Kember អតីតឯកអគ្គរដ្ឋទូត ការអភិវឌ្ឍនោះត្រូវបានពង្រឹងដោយកត្តាជាច្រើន រួមទាំងការរួមចំណែករបស់សហគមន៍ជនវៀតណាម នៅឯបរទេសផងដែរ។ លោក James Kember បានរំលឹកថា លោកធ្លាប់បានប្រាប់សហការីម្នាក់កាលគាត់បំពេញបេសកកម្មការទូតនៅវៀតណាមថា ទោះបីជានៅពេលនោះ វៀតណាមប្រហែលអភិវឌ្ឍយឺតជាងប្រទេសដទៃក៏ដោយ ប៉ុន្តែលោកមានទំនុកចិត្តថា ប្រទេសអាស៊ីអាគ្នេយ៍នេះនឹងលោតផ្លោះយ៉ាងលឿនជាងខឿនសេដ្ឋកិច្ចដទៃទៀត។ ហើយរហូតមកដល់ពេលនេះ ការទស្សន៍ទាយរបស់គាត់ពិតជាបានត្រឹមត្រូវ។
លោក James Kember អតីតឯកអគ្គរដ្ឋទូត បានចែករំលែកថា ចាប់ពីសប្តាហ៍ដំបូងបន្ទាប់ពីមកដល់វៀតណាមនៅពាក់កណ្តាលឆ្នាំ ២០០៦ នោះ លោកមើលឃើញបានថា វៀតណាមពិតជាវាយតម្លៃខ្ពស់ និងយល់ជ្រាបពីសារៈសំខាន់នៃការអប់រំ ហេតុដូច្នេះវៀតណាមបានវិនិយោគយ៉ាងខ្លាំងលើវិស័យនេះ ដោយចាត់ទុកវាជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនាពេលអនាគត ជាយុទ្ធសាស្ត្រមួយក្នុងការស្វែងរកឱកាសនៃការអភិវឌ្ឍប្រទេសជាតិ។
ជាការពិតជាក់ស្តែង និស្សិតវៀតណាមជាច្រើនបានមកប្រទេសនូវែលសេឡង់ដើម្បីសិក្សា។ ប្រការនេះបញ្ជាក់ឱ្យឃើញថា វៀតណាមមិនត្រឹមតែវិនិយោគលើវិស័យអប់រំក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តយុវជនឱ្យទៅសិក្សា និងរៀននៅបរទេសទៀតផង។
ក្រៅពីទំនាក់ទំនងលើវិស័យអប់រំដ៏រឹងមាំរវាងវៀតណាម-នូវែលហ្សេឡង់ ក្រុមហ៊ុនរបស់នូវែលហ្សេឡង់ជាច្រើនក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងវិស័យឧស្សាហកម្មដូចជាម្ហូបអាហារ ទឹកដោះគោ ផលិតកម្ម ការផ្តល់សេវា...
    |
 |
លោក James Kember អតីតឯកអគ្គរដ្ឋទូត នូវែលសេឡង់ អាណត្តិឆ្នាំ ២០០៦ - ២០០៩ (រូបថត៖ vnanet.vn) |
លោក James Kember អតីតឯកអគ្គរដ្ឋទូតបាននិយាយថា ពេលវេលារបស់គាត់ដែលបានធ្វើការនៅវៀតណាមនោះ គឺគួរឱ្យចាប់អារម្មណ៍ណាស់ ហើយគាត់ក៏ទទួលបានលទ្ធផលល្អៗជាច្រើនផងដែរ។ គាត់បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដោយបានមើលឃើញពីការវិវឌ្ឍរបស់វៀតណាម តាំងពីពេលនោះមកសព្វថ្ងៃនេះ។ លោករំលឹកឡើងវិញថា នៅពេលនោះ ក្រុមការងារទទួលបន្ទុកពាណិជ្ជកម្ម និងការអភិវឌ្ឍនៃស្ថានទូតនូវែលសេឡង់ប្រចាំនៅវៀតណាម ពិតជាមានភាពមមាញឹកណាស់ទើបឆ្លើយតបបាននូវតម្រូវការនៃការងារ។
លោកនឹកឃើញថា កាលនោះក្នុងរាល់ដំណើរបំពេញទស្សនកិច្ចការងារនៅទូទាំងប្រទេសវៀតណាមតែងតែធ្វើឱ្យលោកមានអារម្មណ៍សប្បាយរីករាយណាស់ ដោយសារលោកអាចស្វែងយល់បានអំពីរាល់មធ្យោបាយដែលនូវែលសេឡង់អាចចូលរួមចំណែកក្នុងកម្មវិធីអភិវឌ្ឍន៍ក្នុងខេត្តមួយចំនួននៅប្រទេសវៀតណាម។ លោកនឹកឃើញថា កាលនោះបណ្តាអនុព័ន្ធខាងគយ ការពារជាតិ និងប៉ូលីសនូវែលហ្សេឡង់ តែងតែបានមកទស្សនកិច្ចវៀតណាមជាប្រចាំដើម្បីពិភាក្សាអំពីរាល់វិធីសាស្រ្តសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី។ ហើយទំនាក់ទំនងលើវិស័យការពារជាតិក៏ត្រូវបានជំរុញតាមរយៈដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹក ដំណើរទស្សនកិច្ចរបស់មន្រ្តីយោធាជាន់ខ្ពស់ និងការពិភាក្សាអំពីការរួមចំណែកដ៏មានសក្តានុពលរបស់វៀតណាម ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ខណៈពេលដែលវៀតណាមកំពុងទទួលបានភាពជាអ្នកដឹកនាំបន្ថែមទៀតនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់ លោក James Kember មានសេចក្តីសោមនស្សរីករាយដោយឃើញថា នូវែលសេឡង់អាចបង្កើនចំនួនកន្លែងបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់កម្មាភិបាលជាន់ខ្ពស់ និងថ្នាក់កណ្តាលវៀតណាម។
លោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលមានវត្តមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០០៦ ហើយបានចូលរួមដោយផ្ទាល់នៅក្នុងការចរចាប្រកបដោយជោគជ័យសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដែលបានចូលជាធរមានក្នុងឆ្នាំ ២០១០ ភ្លាមៗបន្ទាប់ពីលោកចាកចេញពីតំណែងបញ្ចប់អាណត្តិបេសកកម្មការទូត។
ក្នុងបរិបទដែលវៀតណាម និងនូវែលសេឡង់ លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅដើមឆ្នាំ ២០២៥ លោក James Kember អតីតឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ស្តង់ដារសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់ កាន់តែខ្ពស់ជាងមុន ប៉ុន្តែសំខាន់គឺសកម្មភាពជាក់ស្តែង vaនឹងល្អប្រសើរជាងពាក្យសម្ដីតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា វៀតណាម និងនូវែលសេឡង់ មានការផ្លាស់ប្តូរស៊ីជម្រៅជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក James Kember អតីតឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកសំឡេងរួម និងកំណត់ពីមូលហេតុនៃភាពខុសគ្នាក្នុងបរិបទដែលទាំងវៀតណាម និងនូវែលសេឡង់ ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកំពុងជួបប្រទះការផ្លាស់ប្តូរ វិវឌ្ឍជាច្រើន។
យោងតាមលោក James Kember ទំនាក់ទំនងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យដូចជា វិស័យការពារជាតិ ការអប់រំ និងការផ្លាស់ប្តូរប្រាស្រ័យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនគឺជាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធទាំងនៅកម្រិតរដ្ឋាភិបាល និងនៅកម្រិតស្ថាប័នគ្រប់កម្រិតដើម្បីប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាពវិជ្ជមាន៕
បកប្រែដោយ Minh Trung