ក្នុងឱកាសនេះ លោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីខ្លឹមសារនៃដំណើរទស្សនកិច្ច និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam អគ្គលេខាបក្សនៅប្រទេសបេឡារុស្ស។ សូមលោកប្រាប់អំពីសារៈសំខាន់ និងការរំពឹងទុកចំពោះដំណើរទស្សនកិច្ចនេះក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ?
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅប្រទេសបេឡារុស្ស ដែលប្រព្រឹត្តទៅក្នុងឱកាសទិវាជ័យជម្នះដ៏អស្ចារ្យជាច្រើន នឹងបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានកសាងដោយឈរលើមូលដ្ឋានគ្រឹះនៃប្រពៃណី មិត្តភាព ការជឿទុកចិត្ត ជំនួយ និងការយល់ដឹងគ្នាទៅវិញទៅមក ហើយត្រូវបានបង្កើតឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅទីក្រុង Minsk នៅឆ្នាំ ១៩៥៧ និងឆ្នាំ១៩៦១។
ប្រជាជនបេឡារុស្ស រួមជាមួយនឹងជនជាតិផ្សេងទៀតក្នុងសហភាពសូវៀតនាអតីតកាល បានរួមចំណែកដល់ជ័យជំនះនៃសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាម និងការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម។ ប្រជាជនវៀតណាមរាប់ពាន់នាក់បានសិក្សារៀនសូត្រ និងធ្វើការនៅក្នុងប្រទេសបេឡារុស្ស។
ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជំនួបជាមួយលោក Lukashenko ប្រធានាធិបតីបេឡារុស្ស នឹងបង្កើតកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ ហើយរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងមិត្តភាព ការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
    |
 |
លោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុស្សប្រចាំនៅវៀតណាមផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ vnanet.vn) |
នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹងដោយឥតឈប់ឈរ។ សូមលោកឯកអគ្គរដ្ឋទូត ឲ្យដឹងអំពីចំណុចលេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមកនេះ និងវិធានការអ្វីខ្លះដើម្បីភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលស្របតាមទំនាក់ទំនងនយោបាយជាន់ខ្ពស់ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ?
វៀតណាមបាននិងកំពុងជាដៃគូអាទិភាពរបស់បេឡារុស្សនៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីបង្កើតទំនាក់ទំនងការទូត ប្រទេសទាំងពីរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ។ បេឡារុស្សបានទទួលស្វាគមន៍អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមកបំពេញទស្សនកិច្ចចំនួនពីរលើក ហើយប្រមុខរដ្ឋបេឡារុស្សមានដំណើរទស្សនកិច្ចចំនួន ៣ និងជំនួបរវាងថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិនៃប្រទេសទាំងពីរបានប្រព្រឹត្តទៅជាទៀងទាត់។ ឯកសារទ្វេភាគី អន្តរជាតិ អន្តររដ្ឋាភិបាល អន្តរក្រសួង អន្តរវិស័យ និងអន្តរតំបន់ជាងមួយរយត្រូវបានចុះហត្ថលេខា។ គម្រោងធំៗរាប់សិបលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគត្រូវបានអនុវត្តន៍។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វប្បធម៌ ការអប់រំ កីឡា និងទេសចរណ៍ មានវិសាលភាពយ៉ាងធំទូលាយ និងសម្បូរបែប។ វាពិបាកក្នុងការលើកឡើងវិស័យមួយដែលប្រទេសទាំងពីរមិនទាន់បានបង្កើតទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក។
ទំនាក់ទំនងយ៉ាងជិតស្និទ្ធលើវិស័យអប់រំត្រូវបានបង្កើតឡើង។ ប្រជាជនវៀតណាមជាច្រើននៅតែនឹករលឹកប៉ុន្មានឆ្នាំសិក្សានៅសាកលវិទ្យាល័យបេឡារុស្ស។ រហូតមកដល់សព្វថ្ងៃនេះ បេឡារុស្សនៅតែត្រៀមខ្លួនជាស្រេចក្នុងការទទួលនិស្សិតវៀតណាមមកសិក្សា។
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ គឺជាវិស័យអាទិភាពនៃទំនាក់ទំនងទ្វេភាគី។ វៀតណាមគឺជាដៃគូយុទ្ធសាស្ត្ររបស់បេឡារុស្ស ហើយក៏ជា “ច្រកទ្វារ” ដើម្បីជម្រុញការនាំចេញរបស់បេឡារុស្សទៅកាន់អាស៊ីអាគ្នេយ៍។
វៀតណាមបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យបច្ចេកវិទ្យាខ្ពស់ ឌីជីថលូបនីយកម្ម ឧស្សាហកម្ម ឱសថ កសិកម្ម ផលិតកម្មម្ហូបអាហារ និងវិស័យជាច្រើនទៀតរបស់បេឡារុស្ស។ បេឡារុស្សត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបបំផុតដើម្បីបង្កើនសន្តិសុខបច្ចេកវិទ្យាសម្រាប់វៀតណាម។ ការផ្គត់ផ្គង់អង្ករ គ្រាប់ធញ្ញជាតិ កាហ្វេ ផ្លែឈើ និងផលិតផលត្រីរបស់វៀតណាមទៅកាន់បេឡារុសក៏កើនឡើងដែរ។
នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីទំនើប ជាមួយនឹងសមិទ្ធិផលផ្សេងទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។
នាពេលខាងមុខ ភាគីទាំងពីរត្រូវអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានតាមផែនការដែលបានកំណត់ ឆ្លៀតយកគ្រប់ឱកាសលុបបំបាត់ឧបសគ្គ ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិជ្ជាទំនើប កសាងមូលដ្ឋានផលិតរួម និងបង្កើតការងារថ្មីៗ និងអនុវត្តគម្រោងអាជីវកម្មដែលមានសក្តានុពល។
ប្រព័ន្ធសេដ្ឋកិច្ចនៃប្រទេសបេឡារុស្ស និងវៀតណាមបំពេញគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរមិនមែនជាគូប្រកួតប្រជែងទេ ប៉ុន្តែជាដៃគូ។ បេឡារុស្សត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរបច្ចេកវិទ្យា និងចែករំលែកចំណេះដឹងជាមួយវៀតណាមក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឱសថ ឌីជីថលូបនីយកម្ម និងផលិតកម្មអាហារ។ បេឡារុស្សក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ។
ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរមានយថាទស្សន៍ក្នុងកិច្ចសហប្រតិបត្តិការ ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណី និងស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងស្វាហាប់នៃទំនាក់ទំនងបេឡារុស្ស-វៀតណាម។
សូមអរគុណលោកឯកអគ្គរដ្ឋទូត!
បកប្រែដោយ Thuy Anh