ក្នុងឱកាសនេះ លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឱ្យដឹងអំពីលទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ នាពេលកន្លងមកនេះ?
លោក Nguyen Manh Cuong៖ ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ នាពេលកន្លងមកនេះ ទោះបីជាស្ថានភាពនៃពិភពលោក និងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ទំនាក់ទំនងវៀតណាម-ឡាវ តែងតែត្រូវបានពូនជ្រំនិងអភិវឌ្ឍដោយបក្សទាំងពីរ និងប្រទេសទាំងពីរ។
ទីមួយ ប្រទេសទាំងពីរមានការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួបជាន់ខ្ពស់។ ដំណើរទស្សនកិច្ច ជំនួប និងយន្តការផ្សេងៗទាំងនេះ បានជួយថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបង្កើនទំនុកចិត្ត និងភាពជិតស្និទ្ធជាមួយគ្នា ព្រមទាំងសម្រេចបានកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន បង្ហាញពីការប្តេជ្ញាចិត្តពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពពិសេស ជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាក់ស្តែង មានប្រសិទ្ធភាព ចីរភាព និងយូរអង្វែង។
    |
 |
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ទីពីរ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរត្រូវបានជម្រុញ និងសម្រេចបានលទ្ធផលជាច្រើនលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម សុខាភិបាល អប់រំ ក៏ដូចជាកិច្ចសហការនៅវេទិកាតំបន់ និងអន្តរជាតិ។ ជាពិសេស ដោយទទួលការយកចិត្តទុកដាក់ និងការដឹកនាំពីថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ កិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រវាងបក្សទាំងពីរ និងប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងសកម្ម។
ទី៣ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរគណៈប្រតិភូ និងដំណើរទស្សនកិច្ចរវាងបណ្ដាមូលដ្ឋាន ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនៃប្រទេសទាំងពីរប្រព្រឹត្តទៅយ៉ាងទៀងទាត់ និងជិតស្និទ្ធ រួមចំណែកពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវ ហើយបង្ហាញពីមនោសញ្ចេតនាស្អិតល្មួតរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលជាសមមិត្ត និងបងប្អូនក្នុងការតស៊ូដើម្បីឯករាជ្យជាតិនាអតីតកាល និងការកសាង ការពារជាតិនាបច្ចុប្បន្ន។
អាចនិយាយបានថា លទ្ធផលសំខាន់ៗ និងវិជ្ជមានទាំងនេះគឺអាស្រ័យការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់បក្សទាំងពីរ និងប្រទេសទាំងពីរនៅពេលកន្លងមក។ នេះក៏ជាសក្ខីភាពបញ្ជាក់ពីទំនាក់ទំនងជាប្រពៃណីដ៏ពិសេសរវាងប្រជាជនវៀតណាម និងប្រជាជនឡាវ ដែលជាទំនាក់ទំនង “កម្រមាននៅលើពិភពលោក”។
អ្នកយកព័ត៌មាន៖ តើអ្វីៗជាគោលបំណង និងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋនៅប្រទេសឡាវ?
លោក Nguyen Manh Cuong៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមមានអត្ថន័យសំខាន់ៗ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសឡាវរបស់លោក Luong Cuong ក្នុងនាមជាប្រធានរដ្ឋ។ ព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងអាទិភាពរបស់វៀតណាមសម្រាប់ឡាវ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅនៅពេលដែលបក្សទាំងពីរ និងប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ព្រមទាំងជំរុញការអនុវត្តការសន្យាដែលសម្រេចបានក្នុងកិច្ចប្រជុំរវាងការិយាល័យនយោបាយទាំងពីរ ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងជាន់ខ្ពស់ជាច្រើនទៀត។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញការអនុវត្តខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពនាពេលខាងមុខ។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៥ ដែលជាឆ្នាំមានព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងប្រទេសទាំងពីរ រួមទាំងទិវាបុណ្យឯករាជ្យជាតិលើកទី ៨០ របស់វៀតណាម ខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ ហើយប្រទេសឡាវប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៥០។ ដំណើរទស្សនកិច្ចនេះជាឱកាសសម្រាប់បក្សទាំងពីរ និងប្រទេសទាំងពីររំលឹកឡើងវិញនូវប្រពៃណីនៃទំនាក់ទំនងជិតស្និទ្ធ ទំនាក់ទំនងស្មោះត្រង់កម្រមាន "ជ្រៅជាងទន្លេក្រហម និងទន្លេមេគង្គ"។
ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងជំនឿទុកចិត្ត និងទំនុកទុកចិត្តខាងនយោបាយ ភាពរឹងមាំនៃចំណងសាមគ្គីភាពវៀតណាម-ឡាវ និងផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីទំនាក់ទំនងពិសេសរវាងវៀតណាម-ឡាវ ដែលជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលជាគំរូកម្រមានក្នុងពិភពលោក។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការបន្តជម្នះលើបញ្ហាប្រឈម និងការលំបាក ព្រមទាំង រួមដំណើរជាមួយគ្នាក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេស រួមចំណែកដល់សន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាការកត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម-ឡាវ ជាមួយនឹងលទ្ធផលគួរឲ្យមោទនភាព ត្រៀមខ្លួនជាស្រេចដើម្បីឈានចូលដំណាក់កាលថ្មីជាមួយទំនុកចិត្ត ភាពស្មោះត្រង់ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Thuy Anh