ទំនាក់ទំនងមិត្តភាពដ៏មហិមា វៀតណាម-ឡាវ អភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ
កប.អនឡាញ - នារសៀលថ្ងៃទី២១ ខែមេសា នៅទីស្នាក់ការរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដោយសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ នៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ រួមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព រវាងសភានៃប្រទេសទាំងពីរ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យសភានៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យរៀបចំស្ថាប័នរដ្ឋសភាឡើងវិញ និងសកម្មភាពនីតិប្បញ្ញត្តិ។ល។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមទទួលជួបលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ |
លោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ បានជម្រាបជូនលោក Tran Thanh Man ប្រធានរដ្ឋសភា អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោក Suvon Luongbunmi បានទទួលស្គាល់ដោយគោរពនូវមតិរបស់លោក Tran Thanh Man ស្តីពីការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោក Suvon Luongbunmi បានអះអាងថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសគម្រោងវិនិយោគរបស់វៀតណាមនៅឡាវ។
* នាថ្ងៃដដែល លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយលោក Suvon Luongbunmi អនុប្រធានរដ្ឋសភាឡាវ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ និងលទ្ធផលមួយចំនួននៃសកម្មភាពរបស់សភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសហប្រតិបត្តិការរវាងសភាទាំងពីរនាពេលថ្មីៗនេះ ទាំងក្នុងយន្តការសហប្រតិបត្តិការទ្វេភាគី ក៏ដូចជានៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី។ ភាគីទាំងពីរក៏បានពិភាក្សា និងចែករំលែកបទពិសោធន៍ក្នុងការងារសភា ជាពិសេសក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ រួមទាំងការអនុវត្តគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋានរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang