ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋ លោក Luong Cuong ប្រធានរដ្ឋបានជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។ ក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរបានចំណាយពេលវេលាជាច្រើនដើម្បីរំលឹកឡើងវិញនូវការគាំទ្រគ្នាទៅវិញទៅមករវាងវៀតណាម និងឡាវ និងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេលតស៊ូកន្លងមកដើម្បីឯករាជ្យជាតិ ក៏ដូចជាការកសាង និងអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរបានអះអាងថា នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងត្រូវបានកសាងឡើងដោយបុព្វបុរស។ ទំនាក់ទំនងនេះនឹងបន្តត្រូវបានថែរក្សា អភិរក្ស និងលើកតម្កើងបន្ថែមទៀតដោយជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ទទួលជួបលោក Luong Cuong ប្រធានរដ្ឋវៀតណាម

ជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងប្រទេសនីមួយៗ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់ជាពិសេសសម្រាប់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ខណៈប្រទេសទាំងពីរកំពុងរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ របស់ឡាវ និងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ របស់វៀតណាមនាពេលខាងមុខ។ លោក Luong Cuong ប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលឡាវសម្រេចបានក្នុងការថែរក្សាស្ថិរភាពនយោបាយសង្គម កំណើនសេដ្ឋកិច្ច និងការលើកកំពស់គុណភាពជីវភាពរបស់ប្រជាជន។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែគាំទ្រ និងជួយឡាវក្នុងការធ្វើសមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវបានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏អស្ចារ្យរបស់វៀតណាមលើគ្រប់វិស័យគឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ឡាវ ហើយជឿជាក់ថា ដោយមានការគាំទ្រពីវៀតណាម ឡាវនឹងបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោក Luong Cuong ប្រធានរដ្ឋ និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ឡាវ និងឯកភាពបន្តផ្តល់អាទិភាពកំពូលដល់ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាស៊ីជម្រៅ និងបានឯកភាពលើទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ដោយឯកភាពពង្រឹងទំនាក់ទំនងនយោបាយដ៏គួរឱ្យទុកចិត្ត និងជិតស្និទ្ធ រក្សាដំណើរទស្សនកិច្ច និងទំនាក់ទំនងជាប្រចាំនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ផ្តោតលើការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរក្នុងទម្រង់សម្បូរបែប និងអាចបត់បែនបាន ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សន្ធិសញ្ញា និងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្រិតខ្ពស់ ជាពិសេសលទ្ធផលនៃកិច្ចប្រជុំនាពេលថ្មីៗនេះរវាងការិយាល័យនយោបាយទាំងពីរ អគ្គលេខាបក្សទាំងពីរ និងរបៀបវារៈសម័យប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

leftcenterrightdel
ពិធីចុះហត្ថលេខា និងផ្លាស់ប្តូរលិខិតថ្លែងបំណងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ ស្តីពីការជួយឧបត្ថម្ភការសាងសង់ទីស្នាក់ការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនឡាវ

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការស្វែងរកនូវមធ្យោបាយថ្មីៗ ដែលមានលក្ខណៈជារបកគំហើញដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋាននៃការពង្រីកសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ រួមទាំងការពង្រឹងការតភ្ជាប់ដ៏រឹងមាំក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ថវិកា-ហិរញ្ញវត្ថុ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ អនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីខិតខំបង្កើនទំហំពាណិជ្ជកម្មដល់ ៥ ពាន់លានដុល្លារក្នុងឆ្នាំខាងមុខ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តដែលក្នុងរយៈពេលថ្មីៗនេះ ដោយមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃភាគីទាំងពីរបានជាគម្រោងធំៗជាច្រើនត្រូវបានដោះស្រាយការលំបាក់ និងដាក់ឱ្យអនុវត្តនាំមកនូវសន្ទុះថ្មីសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភឡាវក្នុងការលើកកំពស់គុណភាពធនធានមនុស្សឱ្យកាន់តែប្រសើរឡើងដើម្បីបំពេញតាមតម្រូវការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ទន្ទឹមនឹងនោះ ទាញយកផលប្រយោជន៍សន្ទុះនៃការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើនការផ្សព្វផ្សាយពីវប្បធម៌-ប្រទេស-ប្រជាជន និងស្ថានភាពអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងសមិទ្ធផលរបស់គ្នាទៅវិញទៅមកក្នុងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ។

អំពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់ ការសម្របសម្រួលជិតស្និទ្ធ ការគាំទ្រទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន និងរាល់យន្តការដែលដឹកនាំដោយអាស៊ាន និងយន្តការសហប្រតិបត្តិការអន្តរជាតិសំខាន់ៗផ្សេងទៀត។

ក្នុងឱកាសនេះ លោក Luong Cuong បានប្រកាសថា បក្ស រដ្ឋ និងប្រជាជនវៀតណាមបានសម្រេចផ្តល់អំណោយជាគម្រោងសាងសង់មន្ទីរពេទ្យថ្នាក់ស្រុកនៅខេត្តវៀងច័ន្ទ ដែលមានតម្លៃ ៣ លានដុល្លារ ជូនបក្ស រដ្ឋ និងប្រជាជនឡាវ ហើយស្នើឱ្យភាគីទាំងពីរសម្របសម្រួលអនុវត្តឱ្យបានឆាប់ និងបញ្ចប់នៅឆ្នាំ ២០២៦ រួមចំណែកកត់សម្គាល់លទ្ធផលជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ៕

បកប្រែដោយ Minh Trung