វៀតណាមសហការជាមួយបណ្តាប្រទេសអាស៊ានដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់
កប.អនឡាញ - នាថ្ងៃទី ៧ ឧសភា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២២ បានប្រព្រឹត្តទៅនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូនេស៊ី និងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន ទីម័រឡេស្តេ (ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍) និងអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំនេះបានពិនិត្យលើការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៣ ដោយផ្តោតលើទិសដៅសំខាន់ៗចំនួនបីរួមមាន ការស្តារ និងការកសាងឡើងវិញ, សេដ្ឋកិច្ចឌីជីថល និងចីរភាព។
|
|
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម) |
កិច្ចប្រជុំនេះក៏បានស្វាគមន៍ចំពោះការបញ្ចប់គំនិតផ្តួចផ្តើមទាំង១៦ ស្តីពីការផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលលើកឡើងដោយកម្ពុជាកាលជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ហើយគំនិតផ្តួចផ្តើមដែលនៅសល់នឹងបន្តត្រូវបានបញ្ចប់នាពេលខាងមុខ។
ដោយមានគោលដៅធានានូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់ រដ្ឋមន្ត្រីទាំងឡាយបានកត់សម្គាល់លើការអនុវត្តផែនទីបង្ហាញផ្លូវប្រកបដោយនិរន្តរភាពរបស់អាស៊ាន ដូចជាក្របខណ្ឌសេដ្ឋកិច្ចរាងជារង្វង់របស់អាស៊ាន យុទ្ធសាស្ត្រអាស៊ានស្តីពីអព្យាក្រឹតភាពកាបូន និងក្រមបែងចែករបស់អាសានកំណែទី២ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
រដ្ឋមន្ត្រីទាំងឡាយក៏បានពិភាក្សា និងកត់សម្គាល់លើការអនុវត្តការងាររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន រួមទាំងការអនុវត្តផែនការមេក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ឆ្នាំ២០២៥។
ចូលរួមក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំនេះ វៀតណាមបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមស្តីពីការផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីក្នុងឆ្នាំធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៣ ព្រមទាំងអះអាងថា វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវគោលដៅរួមរបស់សហគមន៍សេដ្ឋកិច្ច អាស៊ាន លើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងក្នុងតំបន់៕
បកប្រែដោយ Thanh Cong