នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជួបជាមួយលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ឈានមុខគេ ក្នុងការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់វៀតណាមក្នុងវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម និងបរិស្ថាន។ គម្រោងរបស់ធនាគារពិភពលោកបានផ្តល់ការគាំទ្រជាក់ស្តែងសម្រាប់ប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ទឹក ជាពិសេសនៅតំបន់ជនបទ និងតំបន់ដីសណ្តទន្លេមេគង្គ ដែលរួមចំណែកដល់ការធានាសន្តិសុខទឹក សុវត្ថិភាពទំនប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួប និងធ្វើការជាមួយលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារពិភពលោកក្នុងវិស័យទឹក ដោយបញ្ជាក់ថាគំនិតផ្តួចផ្តើមទាំងនេះស្របនឹងតម្រូវការជាក់ស្តែងរបស់វៀតណាម។ ទាក់ទងនឹង « គម្រោងស្រូវ​ ១ លានហិកតា ដែល​មាន​គុណភាពខ្ពស់ បំភាយឧស្ម័នទាប នៅតំបន់ដីសណ្តទន្លេមេគង្គ» លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបានឯកភាពចាត់តាំងក្រសួងកសិកម្ម និងបរិស្ថានជាភ្នាក់ងារគ្រប់គ្រងដើម្បីសម្របសម្រួលគម្រោងនេះ ដោយមានធនធានពីធនាគារ​ពិភពលោក និងថវិការពីមជ្ឈិម។

លោកស្រី Mariam J. Sherman បានវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់ធនាគារពិភពលោកក្នុងការគ្រប់គ្រងធនធានទឹក និងបានបញ្ជាក់ថា ការចូលរួមក្នុងគំនិតផ្តួចផ្តើមសកល មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់មុខមាត់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់វៀតណាមក្នុងការប្រើប្រាស់ធនធាន និងជំនាញពីធនាគារពិភពលោកផងដែរ៕

បកប្រែដោយ Duy Hoan