ជម្រុញទំនាក់ទំនងវៀតណាម-បង់ក្លាដែសឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព
កប.អនឡាញ - នៅយប់ថ្ងៃទី ២៦ ខែមីនា នៅទីក្រុងហាណូយ ស្ថានទូតបង់ក្លាដែសប្រចាំនៅប្រទេសវៀតណាម បានរៀបចំពិធីអបអរសាទរខួបលើកទី ៥៥ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៧១ - ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦)។ លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចូលរួម និងមានប្រសាសន៍នៅក្នុងពិធីនេះ។
ក្នុងព្រឹត្តិការណ៍នេះ លោក Md. Lutfor Rahman ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅប្រទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ដែលត្រូវបានកសាងឡើងដោយផ្អែកលើតម្លៃនៃសន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍ។ ដោយថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមចំពោះការអនុវត្តវិធានការជាក់ស្តែងជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Md. Lutfor Rahman បានវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដែលថ្នាក់ដឹកនាំវៀតណាមផ្តល់ដល់សហគមន៍បង់ក្លាដែសដែលរស់នៅ និងធ្វើការនៅវៀតណាម។
    |
 |
|
លោក Nguyen Manh Cuong និងលោក Md. Lutfor Rahman អបអរសាទរចំពោះទំនាក់ទំនងល្អរវាងវៀតណាម និងបង់ក្លាដែស (រូបថត៖ baoquocte.vn) |
នាពេលខាងមុខ បង់ក្លាដែសមានបំណងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការបរទេស វប្បធម៌ ការអប់រំ ក៏ដូចជាបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។
ក្នុងនាមរដ្ឋាភិបាលវៀតណាម លោក Nguyen Manh Cuong បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបង់ក្លាដែស។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា បង់ក្លាដែសគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់វៀតណាមនៅអាស៊ីខាងត្បូង ដោយមានទំហំពាណិជ្ជកម្មសម្រេចបានជិត ១.៥ ពាន់លានដុល្លារអាមេរិក ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង និងថាមពលកកើតឡើងវិញ។
ពិធីរំលឹកខួបលើកទី ៥៥ នៃទិវាឯករាជ្យជាតិបង់ក្លាដែសនៅទីក្រុងហាណូយមិនត្រឹមតែជាឱកាសមួយដើម្បីលើកសរសើរសមិទ្ធផលក្នុងការអភិវឌ្ឍរបស់ប្រទេសអាស៊ីខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីមិត្តភាពដ៏រឹងមាំ ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរផងដែរ៕
បកប្រែដោយ Thuy Anh