ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី
កប.អនឡាញ - នៅថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) សមាគមមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឈីលី បានសហការជាមួយស្ថានទូតឈីលីប្រចាំនៅវៀតណាម រៀបចំជំនួបមិត្តភាពក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឈីលី (ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ១៩៧១ / ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦)។
ក្នុងព្រឹត្តិការណ៍នេះ លោក Phan Anh Son ប្រធាន VUFO សង្កត់ធ្ងន់ថា នៅឆ្នាំ១៩៧១ ឈីលីបានក្លាយជាប្រទេសអាមេរិកខាងត្បូងដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០០៧ បានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្ថិរភាព និងយូរអង្វែង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចុះហត្ថលេខានៅឆ្នាំ ២០១១ ជាកិច្ចព្រមព្រៀងដំបូងរបស់វៀតណាមជាមួយប្រទេសអាមេរិកឡាទីន ហើយបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឈីលីសម្រេចបានជិត ២ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ដោយសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី លោកប្រធាន VUFO បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីនឹងបន្តអភិវឌ្ឍយ៉ាងរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។
លោក Nasly Bernal Prado ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម បានអះអាងថា ជំនួបមិត្តភាពវៀតណាម-ឈីលី ជាព្រឹត្តិការណសំខាន់នៃសាមគ្គីភាព មិត្តភាព ការគោរព និងកិច្ចសហប្រតិបត្តិការ ដែលបានបង្កើតក្នុងកិច្ចប្រជុំប្រវត្តិសាស្ត្រនៅឆ្នាំ១៩៦៩ រវាងលោកប្រធានហូជីមិញ និងលោក Salvador Allende ប្រធានព្រឹទ្ធសភា (ក្រោយមកជាប្រធានាធិបតីឈីលី)។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ឈីលី និងវៀតណាមនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដែលនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការជម្រុញទំនាក់ទំនងរវាងអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ៕
បកប្រែដោយ Thuy Anh