ដោយស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី បានអះអាងថា វៀតណាមតែងតែជាមិត្តស្មោះត្រង់ និងជាដៃគូសំខាន់របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ព្រមទាំងឲ្យតម្លៃទៅលើការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមកាន់តែស៊ីជម្រៅបន្ថែមទៀត។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn) |
លោកប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ រុស្ស៊ីមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដែលស្របតាមតម្រូវការអភិវឌ្ឍន៍របស់វៀតណាម និងរុស្ស៊ីមានប្រៀបខ្លាំងដូចជាថាមពលថ្មី ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល សុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បញ្ជាក់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ លោក Pham Minh Chinh មានបំណងចង់ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ីបន្ថែមទៀត លើកកម្ពស់ប្រសិទ្ធភាពពីសក្តានុពល និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកលើសមភាព និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក បម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Vladimir Putin គឺជាមិត្តដ៏អស្ចារ្យម្នាក់ ដែលរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងរីកចម្រើន។
ភាគីទាំងពីរបានឯកភាពគ្នាលើការបន្តពង្រឹងទំនុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា មូលដ្ឋាន អាជីវកម្ម និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ រក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកទេស ព្រមទាំងស្រាវជ្រាវ និងបង្កើតយន្តការសហប្រតិបត្តិការថ្មីៗផងដែរ។
ភាគីទាំងពីរបានប្តេជ្ញាចិត្ដជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត និងសម្រួលដល់អាជីវកម្មនៃប្រទេសទាំងពីរធ្វើអាជីវកម្មនិងវិនិយោគ។ លើកកម្ពស់ការតភ្ជាប់អាជីវកម្ម ធ្វើពិពិធកម្មទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងផ្តោតលើការដោះស្រាយឧបសគ្គអំពីច្បាប់ ការទូទាត់ និងការដឹកជញ្ជូន ឆ្ពោះទៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីក្នុងលក្ខណៈតុល្យភាព និងប្រកបដោយចីរភាព។
ភាគីទាំងពីរបានកំណត់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាវិស័យសំខាន់ៗដែលស្របតាមតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ រួមទាំងរដ្ឋាភិបាលទាំងពីរដែលបានខិតខំដើម្បីបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ១ នៅវៀតណាម ដោយផ្អែកលើការធានាសុវត្ថិភាព ប្រសិទ្ធភាព និងតាមស្តង់ដារអន្តរជាតិ។ លោកប្រធានាធិបតី Vladimir Putin បានបញ្ជាក់ថា នេះគឺជាទិសដៅកិច្ចសហប្រតិបត្តិការដ៏សំខាន់ដែលរួមចំណែកដល់ការធានាសន្តិសុខថាមពល និងអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានគាំទ្រអាជីវកម្មថាមពល ប្រេង និងឧស្ម័ននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងប្រតិបត្តិការក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ។
ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកទេសយោធា សន្តិសុខ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ ដោយហេតុនេះជំរុញទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចររុស្ស៊ីកាន់តែច្រើនមកកាន់ប្រទេសវៀតណាម និងភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេសរុស្ស៊ី។
លោកប្រធានាធិបតី Vladimir Putin នឹងបញ្ជាណែនាំឲ្យក្រសួងការបរទេសរុស្ស៊ីឱ្យពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ដើម្បីបង្កើនចំនួននិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី។
មុននេះ នាព្រឹកថ្ងៃទី ២៥ ខែមីនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ MISIS។
* នាព្រឹកថ្ងៃទី ២៥ ខែមីនា នៅទីក្រុងមូស្គូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយតំណាងសមាគមមិត្តភាពរុស្ស៊ី-វៀត ណាម និងសមាគមអតីតយុទ្ធជនរុស្ស៊ី។
* នៅព្រឹកថ្ងៃទី ២៥ ខែមីនា នៅទីក្រុងមូស្គូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Vladimir Petrovich Yevtushenkov ប្រធានសាជីវកម្ម AFK Sistema - ជាសាជីវកម្មឯកជនធំជាងគេនៅក្នុងប្រទេសរុស្ស៊ី និងលោក Belozerov Oleg Valentinovich អគ្គនាយកក្រុមហ៊ុនផ្លូវដែករុស្ស៊ី។
    |
 |
|
លោក Pham Minh Chinh ទទួលជួបលោក Vladimir Petrovich Yevtushenkov ប្រធានសាជីវកម្ម AFK Sistema |
ក្នុងជំនួបទាំងនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានជម្រាបជូនអំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់វៀតណាមស្តីពីការទាក់ទាញការវិនិយោគបរទេស ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ តម្រូវការក្នុងការស្វែងរកវិនិយោគិនដែលមានប្រៀបខ្លាំងក្នុងវិស័យផ្លូវដែកក្នុងទីក្រុង រថភ្លើងក្រោមដី និងផ្លូវដែកវៀតណាម និងសហព័ន្ធរុស្ស៊ី ដើម្បីបម្រើគោលដៅនៃការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មឲ្យស្របនឹងទំនាក់ទំនងល្អនូវនយោបាយ និងការទូតដ៏ល្អរវាងប្រទេសទាំងពីរ។
លោក Vladimir Petrovich Yevtushenkov ប្រធានសាជីវកម្ម AFK Sistema និងលោក Oleg Valentinovich Belozerov អគ្គនាយកក្រុមហ៊ុនផ្លូវដែករុស្ស៊ី បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូវៀតណាម ដើម្បីអនុវត្តគម្រោងនានាតាមតម្រូវការរបស់វៀតណាម ផ្ទេរបច្ចេកវិទ្យាផ្លូវដែកទំនើប និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក...៕
បកប្រែដោយ Pham Diep