អ្នកយកព័ត៌មាន៖ តើអ្វីៗជាលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះបាទលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី?
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ បន្តអនុវត្តនូវគោលនយោបាយការបរទេសម្ចាស់ការ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់បក្ស និងរដ្ឋ ដោយមានគោលការណ៍ផ្ដោតសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន និងបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា។ ដំណើរទស្សនកិច្ចនេះទទួលបានបញ្ចប់ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបាននូវគោលបំណងដែលបានកំណត់ក្នុងកម្រិតខ្ពស់។ ប្រទេសទាំងពីរ និងលេខាធិការដ្ឋានអាស៊ាន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ ដោយផ្តល់ការទទួលបដិសណ្ឋារកិច្ចកក់ក្តៅបំផុតជូនលោកអគ្គលេខាបក្ស លោកជំទាវ និងគណៈប្រតិភូ។ លើសពីនេះ សមាជិកគណៈប្រតិភូក៏មានកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពជាមួយដៃគូនានានៅប្រទេសទាំងពីរនេះផងដែរ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សវៀតណាមទៅកាន់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីរយៈពេលជិត ៨ ឆ្នាំ (ចាប់តាំងពីខែសីហា ឆ្នាំ២០១៧) ទៅកាន់ប្រទេសសិង្ហបុរីបន្ទាប់ពីរយៈពេលជិត ១៣ ឆ្នាំ (ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២) និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់លេខាធិការដ្ឋានអាស៊ាន។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រខណៈដែលវៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអាស៊ានទាំងពីរនេះ ដោយហេតុនេះធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រួមចំណែកកាន់តែមានប្រសិទ្ធភាពដល់ដំបូលផ្ទះរួមអាស៊ាន។ មកដល់ពេលនេះ វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលឥណ្ឌូនេស៊ី និងសិង្ហបុរី បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន |
នៅប្រទេសឥណ្ឌូណេស៊ី ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់លោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno រួមជាមួយនិងភាពស្រដៀងគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌ ការចែករំលែកតម្លៃរួម និងមានចក្ខុវិស័យដូចគ្នាក្នុងការខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានសម្រិតសម្រាំងពីទំនាក់ទំនងការទូតរយៈពេល ៧០ ឆ្នាំ និងជាង ១០ ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានឯកភាពបន្តធ្វើឲ្យស៊ីជម្រៅលើការជឿទុកចិត្តផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ខិតខំសម្រេចឱ្យបានឆាប់នូវទំហំពាណិជ្ជកម្ម ១៨ ពាន់លានដុល្លារ។ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍប្រព័ន្ធអេកូឡានអគ្គិសនី ពាណិជ្ជកម្មអេឡិចត្រូនិក ការដឹកជញ្ជូនឆ្លាតវៃ ការទូទាត់តាមបែបឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល AI ផលិតផលហាឡាល់។
សម្រាប់លេខាធិការដ្ឋានអាស៊ាន ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីគោលជំហរសំខាន់របស់អាស៊ានក្នុងគោលនយោបាយការបរទេសរបស់វៀតណាម និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តរួមចំណែកប្រកបដោយការទទួលខុសត្រូវក្នុងដំណើរការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងបរិបទដែលអាស៊ានរៀបចំខ្លួនឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដោយមានផ្នត់គំនិតសកម្ម និងការត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងគ្រប់ឱកាស និងបញ្ហាប្រឈមនានានាសម័យកាល។
ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃថ្ងៃវៀតណាមចូលជាសមាជិកអាស៊ាន ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីបាវចនាស្របរបស់វៀតណាមក្នុងការចូលរួមអាស៊ានគឺ៖ សកម្ម វិជ្ជមាន ទំនួលខុសត្រូវ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីសហគមន៍អាស៊ានរួបរួម ភាពធន់ និងអភិវឌ្ឍន៍។
សម្រាប់ប្រទេសសិង្ហបុរី ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-សិង្ហបុរី មានការអភិវឌ្ឍយ៉ាងល្អបន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានអះអាងនូវសារៈសំខាន់ និងអាទិភាពខ្ពស់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព ទំនុកចិត្ត និងការពង្រីកវិសាលភាពនៃវិស័យសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោក To Lam អគ្គលេខាបក្ស និងលោក Lawrence Wong នាយករដ្ឋមន្ត្រី បានឯកភាពគ្នាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការជឿទុកចិត្តផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ល។
យើងអាចសន្និដ្ឋានបានថា ដំណើរទស្សនកិច្ចទាំងនេះបានរួមចំណែកពង្រឹងសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់។ ឥណ្ឌូណេស៊ី និងសិង្ហបុរី ក្នុងនាមជាប្រទេសស្ថាបនិកអាស៊ាន និងជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងប្លុក ហើយនិងឥណ្ឌូនេស៊ីខ្លួនឯងដែលជាសមាជិក G20 សុទ្ធតែជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាភាពស្អិតរមួតរបស់អាស៊ាននៅពេលប្រឈមមុខនឹងបញ្ហាខាងក្រៅ។ ដំណើរទស្សនកិច្ចនាំមកឱកាសសម្រាប់វៀតណាមផ្លាស់ប្តូរ និងចែករំលែកបទពិសោធអភិវឌ្ឍន៍ពីប្រទេសទាំងពីរ។ ឥណ្ឌូណេស៊ី ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្អែកលើទីផ្សារក្នុងស្រុកដ៏ធំ និងសិង្ហបុរី ជាមួយនឹងគំរូសេដ្ឋកិច្ចបើកចំហ តម្រង់ទិសនាំចេញ និងបច្ចេកវិទ្យាខ្ពស់ និងទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ អាចជួយទ្រទ្រង់វៀតណាមក្នុងយុគសម័យឆ្ពោះទៅមុខ។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សកាន់អំណាច និងគណបក្សនយោបាយនានានៅឥណ្ឌូនេស៊ី និងសិង្ហបុរី បង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ តើអ្វីៗជាវិធានការដើម្បីអនុវត្តលទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចនេះ ដើម្បីសម្រេចបាននូវការរំពឹងទុកពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌូនេស៊ី និងសិង្ហបុរី រួមចំណែកបន្ថែមទៀតដល់អាស៊ាន?
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ ជាមួយនឹងលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ ភារកិច្ចទីមួយគឺត្រូវតែបង្កើតក្របខណ្ឌទំនាក់ទំនងថ្មីឱ្យបានឆាប់ និងបង្កើតផែនការសកម្មភាពដ៏ទូលំទូលាយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយប្រទេសទាំងពីរ។
ទីពីរ ដោយផ្អែកលើផែនការសកម្មភាព ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែបង្កើតកម្មវិធីសហប្រតិបត្តិការជាក់លាក់ភ្លាមៗ ដើម្បីធ្វើការភ្លាមៗជាមួយដៃគូ។ បន្តជំរុញផ្នែកប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងការយកចិត្តទុកដាក់ជាពិសេសចំពោះខ្លឹមសារថ្មី និងវិស័យថ្មីៗដូចជា៖ សេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបរិវត្តកម្មឌីជីថល ថាមពលបៃតង...។
ទី៣ ចាំបាច់ត្រូវតែពិនិត្យ ជំរុញ និងត្រួតពិនិត្យការអនុវត្តផែនការ និងកម្មវិធីឱ្យបានទៀងទាត់ ដើម្បីឲ្យកិច្ចព្រមព្រៀងទាំងអស់អាចចូលជាធរមាន លើកកម្ពស់ប្រសិទ្ធភាព និងបម្រើគោលដៅអភិវឌ្ឍន៍ល្អបំផុតក្នុងរយៈពេលថ្មី។
សម្រាប់អាស៊ាន យើងគប្បីតែបន្តលើកកម្ពស់តួនាទីសកម្ម និងទំនួលខុសត្រូវរបស់យើង រួមជាមួយនឹងប្រទេសដទៃទៀតដើម្បីពង្រឹងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង និងតួនាទីស្នូលរបស់អាស៊ាន ធ្វើឱ្យដំណើរការសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រួមទាំងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្រ្តដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៦ ក៏ដូចជាជំរុញយ៉ាងខ្លាំងនូវគំនិតផ្តួចផ្តើមដែលយើងបានស្នើឡើង។ ជាមួយនឹងវិធីសាស្រ្ត “យកមនុស្សជាស្នូល ជាប្រធានបទ និងជាគោលដៅនៃដំណើរការកសាងសហគមន៍” យើងត្រូវតែបន្តផ្តល់អាទិភាពខ្ពស់ក្នុងការនាំឱ្យសហគមន៍អាស៊ាន កាន់តែជិតស្និទ្ធជាមួយប្រជាជន អង្គភាពអាជីវកម្ម និងមូលដ្ឋាន ទាញយកផលប្រយោជន៍ដែលអាស៊ាននាំមកឱ្យមានប្រសិទ្ធភាព ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទាំងក្នុង និងក្រៅប្លុក កៀរគរធនធានបន្ថែមទៀតដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសប្រកបដោយប្រសិទ្ធភាព។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung