នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាមរបស់លោក Lawrence Wong ក្នុងនាមជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ដំណើរទស្សនកិច្ចលើកនេះកាន់តែមានអត្ថន័យ ខណៈដែលប្រទេសទាំងពីរទើបតែតម្លើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់ទំនាក់ទំនងវៀតណាម-សិង្ហបុរី។

នាខែសីហា ឆ្នាំ១៩៧៣ សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមបង្កើតទំនាក់ទំនងជិតស្និទ្ធ និងអភិវឌ្ឍឥតឈប់ឈររវាងប្រទេសទាំងពីរ។ ឈានចូលដើមទសវត្សរ៍ឆ្នាំ១៩៩០ រួមជាមួយនឹងការផ្លាស់ប្តូរនៃពិភពលោក និងតំបន់ ព្រមទាំងគោលនយោបាយផ្លាស់ប្ដូរថ្មី និងការបើកចំហររបស់វៀតណាម ទំនាក់ទំនងវៀតណាម-សិង្ហបុរី បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវៀតណាមចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៥ ដោយរួមរស់ជាមួយសិង្ហបុរីក្រោម "ដំបូលរួម"។ ដល់ឆ្នាំ២០១៣ សិង្ហបុរីបានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេដែលបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។

leftcenterrightdel
លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទទួលលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ទីក្រុងហាណូយ) (រូបថត៖ vnanet.vn)

អាចបញ្ជាក់បានថា សិង្ហបុរីតែងតែជាដៃគូសំខាន់ រួមដំណើរជាមួយវៀតណាមក្នុងដំណើរការកំណែទម្រង់ បើកទ្វារ និងអភិវឌ្ឍន៍។ បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទំនាក់ទំនងវៀតណាម-សិង្ហបុរី បានអភិវឌ្ឍលើគ្រប់វិស័យ ដោយមានការជឿទុកចិត្តខាងនយោបាយខ្ពស់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺ នៃទំនាក់ទំនងរវាងវៀតណាម-សិង្ហបុរី។ សិង្ហបុរីជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមក្នុងអាស៊ាន និងទី១៤ លើពិភពលោក ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៤ របស់សិង្ហបុរី ក្នុងអាស៊ាន និងទី១១ លើពិភពលោក។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក។ មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ជានិមិត្តរូបនៃជោគជ័យរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ក្នុងរយៈពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេដែលជួយឧបត្ថម្ភសម្ភារៈ និងបរិក្ខារពេទ្យសម្រាប់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាម និងសិង្ហបុរីកំពុងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស... វៀតណាម និងសិង្ហបុរីក៏បានសហការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសប្រទេសទាំងពីរបានរួមវិភាគទានជាវិជ្ជមានក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែផ្តល់អាទិភាពលើការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងទំនុកចិត្ត ព្រមទាំងពង្រីកខ្លឹមសារនៃវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយផ្អែកលើសមិទ្ធផលក្នុងរយៈពេលជាង ៥ ទសវត្សរ៍ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមកម៉្លេះ នាពេលថ្មីៗនេះ ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់លោក To Lam អគ្គលេខាបក្សចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឲ្យវៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងរបស់សិង្ហបុរីក្នុងអាស៊ាន បើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីដោយមានចក្ខុវិស័យក្នុងរយៈពេលវែង និងលើគ្រប់វិស័យ។

ក្រឡេកមើលទៅលើសមិទ្ធិផលក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមក យើងមានការជឿជាក់យ៉ាងមោះមុតលើអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី ដែលផ្សារភ្ជាប់ដោយមូលដ្ឋានគ្រឹះវប្បធម៌ស្រដៀងគ្នា ទីតាំងភូមិសាស្រ្តជិតគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងតំបន់ និងអន្តរជាតិ ដែលទំនាក់ទំនងនេះត្រូវបានពូនជ្រំដោយគ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សិង្ហបុរី នៅតែមានសក្ដានុពលជាច្រើន និងត្រូវបានជំរុញដោយកម្លាំងផ្ទៃក្នុងដ៏សម្បូរបែបរបស់ប្រទេសនីមួយៗ ក៏ដូចជាយុគសម័យនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតភ្ជាប់ សមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ។ សូមប្រសិទ្ធិពរឲ្យដំណើរទស្សនកិច្ចរបស់លោក Lawrence Wong នាយករដ្ឋមន្ត្រី និងលោកជំទាវ ទទួលបានជោគជ័យ បង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងសិង្ហបុរី ដើម្បីរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍរួមនៃអាស៊ាន ដើម្បីសហគមន៍អាស៊ានដែលមានភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងប្រកាន់យកប្រជាជនជាស្នូល៕

បកប្រែដោយ Thuy Anh