មហាសន្និបាតអង្គការយូណេស្កូអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដែលលើកឡើងដោយវៀតណាម
កប.អនឡាញ - ដោយផ្អែកលើអនុសាសន៍របស់ក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) នៅថ្ងៃទី ៨ ខែវិច្ឆិកា នៅក្នុងសម័យប្រជុំលើកទី ៤៣ នៃមហាសន្និបាតអង្គការយូណេស្កូនៅទីក្រុង Samarkand (អ៊ូសបេគីស្ថាន) ប្រទេសសមាជិកយូណេស្កូទាំងឡាយ បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដែលលើកឡើងដោយវៀតណាម ដោយមានសហអ្នកនិពន្ធ និងការជួយគាំទ្រពីប្រទេសចំនួន៧១។
ខ្លឹមសារសំខាន់នៃសេចក្តីសម្រេចនេះគឺផ្ដល់អនុសាសន៍ឲ្យមហាសន្និបាតអង្គការសហប្រជាជាតិពិចារណាលើការបំផុស "ទសវត្សរ៍អន្តរជាតិស្ដីពីវប្បធម៌ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព" ឲ្យបានឆាប់ ដោយផ្តល់អាទិភាពលើដំណាក់កាល ២០២៧-២០៣៦។
    |
 |
|
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤៣ នៃមហាសន្និបាតអង្គការយូណេស្កូ (រូបថត៖ vnanet.vn) |
នៅក្នុងសុន្ទរកថាដែលណែនាំអំពីសេចក្តីព្រាងសេចក្តីសម្រេចនេះ លោកស្រី Nguyen Thi Van Anh ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅ UNESCO បានសង្កត់ធ្ងន់ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះគឺលើកកម្ពស់បន្ថែមទៀតនូវតួនាទីដ៏សំខាន់របស់វប្បធម៌ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនីមួយៗ ក៏ដូចជានៅទូទាំងពិភពលោក ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញនៃសម័យកាល តាមរយៈសកម្មភាពជាក់លាក់ដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងឆន្ទៈនយោបាយ កៀរគរធនធាន បង្កើនការវិនិយោគលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត បង្កើនសកម្មភាពគ្រប់កម្រិត តាមរយៈនោះរួមចំណែកដល់ការធានាអនាគតដ៏មានសុវត្ថិភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់គ្នា។
គំនិតផ្តួចផ្តើម "ទសវត្សរ៍អន្តរជាតិស្ដីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព" ទទួលបានការវាយតម្លៃខ្ពស់ពីអគ្គនាយកអង្គការយូណេស្កូ ក៏ដូចជាប្រទេសជាសមាជិក ពីព្រោះវាស្របនឹងយុទ្ធសាស្ត្ររបស់អង្គការ និងការយកចិត្តទុកដាក់រួមនាបច្ចុប្បន្ន។ អង្គការយូណេស្កូកំពុងជម្រុញយ៉ាងសកម្មនូវការរួមបញ្ចូលវប្បធម៌ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ក្រោយឆ្នាំ ២០៣០ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមបង្កើតគំនិតផ្តួចផ្តើមនេះ។
ប្រសិនបើត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នេះនឹងក្លាយជាគំនិតផ្តួចផ្តើមនៅកម្រិតសកលរបស់វៀតណាម និងជាការរួមចំណែកជាយុទ្ធសាស្ត្រដ៏សំខាន់របស់វៀតណាមចំពោះអង្គការយូណេស្កូ ដោយរួមចំណែកដល់ការជម្រុញការអនុវត្តគោលដៅរបស់អង្គការយូណេស្កូ ហើយបញ្ជាក់ពីតួនាទីឈានមុខគេរបស់អង្គការយូណេស្កូក្នុងវិស័យវប្បធម៌នៅលើពិភពលោក៕
បកប្រែដោយ Thuy Anh