ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម និងឆែកក្នុងរយៈពេលកន្លងមកមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

ភាពជាដៃគូប្រពៃណី

វៀតណាម និងឆែកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៥០។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន សាធារណរដ្ឋឆែកតែងតែអនុវត្តគោលនយោបាយពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។

ភាគីទាំងពីររក្សាទំនាក់ទំនងជាប្រចាំនៅគ្រប់កម្រិត ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ នាពេលថ្មីៗនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Petr Fiala នាយករដ្ឋមន្ត្រីឆែក នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប (ខែធ្នូ ឆ្នាំ ២០២២); ពីមុននៅខែសីហា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសន្ទនាតាមទូរស័ព្ទ។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៤ លើច្រើនវិស័យដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម; កិច្ចព្រមព្រៀងស្តីពីការទូទាត់បំណុលទ្វេភាគី; កិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ និងការការពារការវិនិយោគ; កិច្ចព្រមព្រៀងលើការដឹកជញ្ជូនតាមផ្លូវអាកាស; កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាដើម។

លើសពីនេះ ប្រទេសទាំងពីរតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីអន្តរជាតិ និងតំបន់។ សាធារណរដ្ឋឆែកគាំទ្របេក្ខភាពវៀតណាមសម្រាប់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ទន្ទឹមនឹងនោះ គាំទ្រការចុះហត្ថលេខា និងជារដ្ឋសមាជិកមួយនៃសហភាពអឺរ៉ុបដំបូងគេដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) កិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើវិស័យការពារជាតិចាប់តាំងពីឆ្នាំ ២០១២ មក។

leftcenterrightdel
លោក Petr Fiala នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក (រូបថត៖ vnanet.vn)

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទូលំទូលាយ

បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់វៀតណាម និងសាធារណរដ្ឋឆែកកំពុងអភិវឌ្ឍក្នុងល្បឿនខ្ពស់ ហើយត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក និងតំបន់។ នោះបានបង្កើតឱកាសអំណោយផលសម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅមានកម្រិតតិចតួចបើធៀបនឹងសក្តានុពលរបស់ខ្លួន។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ នឹងកើនឡើងដល់ ៨៤៨ លានដុល្លារអាមេរិក (កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០២១)។

វៀតណាមនាំចេញទៅសាធារណរដ្ឋឆែក ផលិតផលដូចជា កាហ្វេ ម្រេច ផ្លែស្រស់-ផ្លែឈើស្ងួត សណ្ដែកដី តែ អង្ករ កៅស៊ូ គ្រឿងសមុទ្រ ស្បែកជើង វាយនភ័ណ្ឌ សិប្បកម្ម និងគ្រឿងបន្លាស់ កុំព្យូទ័រ... វៀតណាមនាំចូលពីសាធារណរដ្ឋឆែកនូវទំនិញអេឡិចត្រូនិក គ្រឿងម៉ាស៊ីន សារធាតុគីមី សម្លៀកបំពាក់ វាយនភ័ណ្ឌ ទំនិញស្បែក គ្រឿងម៉ាស៊ីន និងឧបករណ៍ ទឹកដោះគោ និងផលិតផលទឹកដោះគោ ឱសថ ផលិតផល វិស្វកម្មមេកានិច ប្លាស្ទិក ផលិតផលកញ្ចក់...

នៅឆ្នាំ១៩៩៨ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើង។ បន្ទាប់ពីសាធារណរដ្ឋឆែកបានចូលជាសមាជិកសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលថ្មីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយផ្អែកលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៦។ នៅឆ្នាំ ២០២២ ភាគីទាំងពីរបានបើកកិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៧ នៅទីក្រុង Praha ប្រទេសឆែក។ នៅក្នុងកិច្ចប្រជុំនេះ សាធារណរដ្ឋឆែកបានសម្តែងនូវបំណងចង់ក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ ឬជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច ។

ទាក់ទិននឹងការវិនិយោគ សាធារណរដ្ឋឆែកមានគម្រោង FDI ចំនួន ៤១ នៅប្រទេសវៀតណាម ដែលមានដើមទុនសរុប ៩២ លានដុល្លារអាមេរិក ដែលភាគច្រើននៅក្នុងឧស្សាហកម្មកែច្នៃ ផលិតកម្ម និងរ៉ែ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សាធារណរដ្ឋឆែក គឺជាប្រទេសអឺរ៉ុបខាងកើតដំបូងគេដែលផ្តល់ ODA ដល់​វៀត​ណាមដែលសរុបទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក។

ចាប់តាំងពីឆ្នាំ ២០១៣ មក សាធារណរដ្ឋឆែកមិនបានដាក់វៀតណាមក្នុងបញ្ជីប្រទេសដែលទទួលជំនួយអភិវឌ្ឍន៍ ODA ដោយសារភាពជឿនលឿនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល គឺជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលមួយទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកលទ្ធភាពសហប្រតិបត្តិការ ជាពិសេសតាមរយៈការជំរុញឱ្យសាកលវិទ្យាល័យល្បីឈ្មោះរបស់ប្រទេសឆែកសម្របសម្រួលជាមួយគ្រឹះស្ថានឧត្តមសិក្សាវៀតណាម ដើម្បីភ្ជាប់ការអប់រំឧត្តមសិក្សា។

សាកលវិទ្យាល័យវៀតណាមមួយចំនួនបានសហការជាមួយសាកលវិទ្យាល័យនានានៃសាធារណរដ្ឋឆែក ដូចជា៖ សាកលវិទ្យាល័យពហុវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ សហការក្នុងការបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា Liberec; វិទ្យាស្ថានកសិកម្មវៀតណាម មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យកសិកម្មត្រូពិច Praha; សាកលវិទ្យាល័យបច្ចេកទេស Ostrava បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Ton Duc Thang ។ល។

ភាគីទាំងពីរកំពុងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីលើវិស័យអប់រំសម្រាប់ដំណាក់កាលថ្មីមួយ។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យការងារក៏ជាចំណុចគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ក្នុងបរិបទនៃកង្វះកម្លាំងពលកម្ម សាធារណរដ្ឋឆែកមានតម្រូវការក្នុងការទទួលពលករវៀតណាមដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាសាឆែក ជាពិសេសផ្នែកវេជ្ជសាស្រ្ត។ សាធារណរដ្ឋឆែកបានបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈជាច្រើន គាំទ្រដល់កម្មករវៀតណាមបង្កើនជំនាញរបស់ពួកគេក្នុងវិស័យដូចជា វិស្វកម្មមេកានិច និងឧស្សាហកម្មរថយន្ត ដើម្បីបំពេញបន្ថែមកម្លាំងពលកម្មជំនាញ ដើម្បីផ្គត់ផ្គង់សហគ្រាសផលិត និងអាជីវកម្មនៅសាធារណរដ្ឋឆែក។

បច្ចុប្បន្នមានជនជាតិវៀតណាមជិត ១០ ម៉ឺននាក់រស់នៅសាធារណរដ្ឋឆែក។ ជាមូលដ្ឋាន រដ្ឋាភិបាលឆែកបាននិងកំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើអាជីវកម្មស្របតាមច្បាប់។ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៣ រដ្ឋាភិបាលឆែកបានសម្រេចបន្ថែមតំណាងជនជាតិឆែកដើមកំណើតវៀតណាម ចូលក្នុងក្រុមប្រឹក្សាជនជាតិភាគតិច ដោយហេតុនេះទទួលស្គាល់អត្ថិភាពនៃជនជាតិឆែកដើមកំណើតវៀតណាម ដូចជាជនជាតិភាគតិចនៅក្នុងសាធារណរដ្ឋឆែក។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ថាមពល ការអប់រំ-បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងសតវត្សខាងមុខនេះ។

ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏យូរអង្វែង និងទូលំទូលាយលើគ្រប់វិស័យ ដំណើរទស្សនកិច្ចនាពេលខាងមុខនៅវៀតណាមរបស់លោក Petr Fiala នាយករដ្ឋមន្ត្រីឆែក បានបង្ហាញអំពីសារៈសំខាន់ និងបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនៃសាធារណរដ្ឋឆែករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ គេរំពឹងថាភាគីទាំងពីរនឹងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការជាក់លាក់លើវិស័យសក្តានុពល និងភាពរឹងមាំដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ EVFTA៕

បកប្រែដោយ Minh Trung