លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានឹងបន្តទទួលបានជោគជ័យបន្ថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអបអរសាទរប្រទេសវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនិយាយរួម។
ដោយវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជាដំណាក់កាល ២០២៥-២០២៦ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាឯកសារច្បាប់ដ៏សំខាន់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មតាមរយៈការផ្តល់អាទិភាពលើពន្ធគយ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរដើម្បីសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
* នារសៀលថ្ងៃទី២៨ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Pei Jin Jia រដ្ឋមន្ត្រីក្រសួងកិច្ចការយោធាចេញពីកងទ័ពរបស់ចិន ក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋាភិបាលចិន ចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។
ក្នុងជំនួប តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះបក្ស និងរដ្ឋាភិបាលចិនដែលបានចាត់បញ្ជូនលោក Pei Jin Jia រដ្ឋមន្ត្រី មកចូលរួម និងបញ្ជូនកងទ័ពរំដោះប្រជាជនចិនចូលរួមក្នុងការក្បួនដង្ហែរព្យុហយាត្រាក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍របស់វៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការគាំទ្ររបស់ចិនចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម និងកម្រិតខ្ពស់នៃទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។
ក្នុងឱកាសនេះ តាងនាមបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃ និងធំធេងដែលប្រទេសចិនផ្តល់ជូនចំពោះវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ និងបង្រួបបង្រួមប្រទេសជាតិ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការពង្រឹង និងការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពនាំមុខគេក្នុងគោលនយោបាយការបរទេសរួមរបស់វៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងសម្របសម្រួលអនុវត្តឱ្យបានល្អនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា ក្រសួងកិច្ចការយោធាចេញពីកងទ័ពរបស់ចិន នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវៀតណាម ថែរក្សា “អាសយដ្ឋានក្រហម” បដិវត្តន៍ រួមចំណែកអប់រំប្រជាជននៃប្រទេសទាំងពីរអំពីចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន។
តាមនាមបក្ស រដ្ឋាភិបាល និងប្រជាជនចិន លោក Pei Jin Jia រដ្ឋមន្ត្រី បានអបអរសាទរវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ។ លោក Pei Jin Jia រដ្ឋមន្ត្រី បានអះអាងថា ចិនចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយសម្រាប់ប្រទេសជិតខាង ព្រមទាំងសង្ឃឹមថានឹងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
* នារសៀលថ្ងៃទី ២៨ ខែមេសា តាមសំណើរបស់ម៉ាឡេស៊ី ប្រធានអាស៊ានបច្ចុប្បន្ន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជម្រាបជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រីអំពីវិធានការដែលម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបានអនុវត្តដើម្បីជំរុញការដោះស្រាយបញ្ហាក្នុងតំបន់ដែលបានលើកឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ក៏ដូចជាតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញការដោះស្រាយបញ្ហាក្នុងតំបន់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមនឹងបន្តជំរុញយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវក្នុងអាស៊ាន ព្រមទាំងគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងអំឡុងឆ្នាំដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន។
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពរក្សាយន្តការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងអាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព និងដើរតួនាទីមជ្ឈភាពក្នុងតំបន់៕
បកប្រែដោយ Huyen Trang
Type the code from the image