ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីទៅសួរសុខទុក្ខគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែមេសា (ម៉ោងនៅទីក្រុងមូស្គូ) លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម។
មានប្រសាសន៍នៅក្នុងជំនួប លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កម្មាភិបាល និងបុគ្គលិកទាំងឡាយនៃស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ក៏ដូចជាអាណិកជនវៀតណាមយ៉ាងច្រើនកុះករនៅទីក្រុងមូស្គូ យកចិត្តទុកដាក់ និងតាមដានជាប្រចាំរាល់សកម្មភាពរបស់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ចាប់តាំងពីគណៈប្រតិភូបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ូស្គូ។
    |
 |
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី រួមជាមួយប្រតិភូ និងកងកម្លាំងដែលចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម |
លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា នេះជាលើកដំបូងហើយដែលវៀតណាមបានបញ្ជូនកងកម្លាំងចូលរួមពិធីព្យុហយាត្រា ដើម្បីរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ / ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥)។ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សំខាន់សម្រាប់ទំនាក់ទំនងវៀតណាម-រុស្ស៊ីនិយាយរួម និងសម្រាប់កងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក ដែលបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ន។ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតបានអះអាងថា៖ “ទំនាក់ទំនងមិត្តភាពនោះបន្តត្រូវបានទទួលមរតក និងពូនជ្រំដោយជំនាន់ជាច្រើន រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក”។
លោកឯកអគ្គរដ្ឋទូតក៏បានលើកទឹកចិត្ត និងសួរសុខទុក្ខដល់កម្មាភិបាល និងយុទ្ធជននៃគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ព្រមទាំងសង្ឃឹមថា កម្មាភិបាល និងយុទ្ធជនទាំងឡាយនៃគណៈប្រតិភូ នឹងជំនះរាល់ការលំបាក និងសម្រេចបានជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន៕
បកប្រែដោយ Huyen Trang