កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិនបញ្ចប់ដោយជោគជ័យនូវការយាមល្បាតរួមគ្នា
កប.អនឡាញ - នាថ្ងៃទី ២៤ ខែមេសា កងកម្លាំងយាមល្បាតរបស់កងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន បានបញ្ចប់ការយាមល្បាតរួមគ្នាលើកដំបូងនៅក្នុងដែនទឹកដែលជាប់នឹងខ្សែបន្ទាត់ព្រំដែននៃឈូងសមុទ្រតុងកឹងនៅឆ្នាំ២០២៥។
ចូលរួមក្នុងការយាមល្បាតរួមគ្នាលើកនេះ ភាគីកងឆ្មាំសមុទ្រវៀតណាម មាននាវាកងឆ្មាំសមុទ្រលេខ ៨០០៤ និងនាវាកងឆ្មាំសមុទ្រលេខ ៨០០៣ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Luong Cao Khai មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ១។ ភាគីកងឆ្មាំសមុទ្រចិន មាននាវាកងឆ្មាំសមុទ្រលេខ ៤៣០២ និងនាវាកងឆ្មាំសមុទ្រលេខ ៤៣០១ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Wu Youlin នាយករងនៃអនុនាយកដ្ឋាន Nanhai នាយកដ្ឋានកងឆ្មាំសមុទ្រចិន។
    |
 |
កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរ បូកសរុបលទ្ធផលការយាមល្បាតនៅលើនាវាកងឆ្មាំសមុទ្រលេខ ៤៣០២ នៃកងឆ្មាំសមុទ្រចិន |
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការយាមល្បាតដែលប្រព្រឹត្តទៅនៅលើនាវាកងឆ្មាំសមុទ្រលេខ៤៣០២ ភាគីទាំងពីរមានសេចក្តីរីករាយដោយឃើញថា បន្ទាប់ពីរយៈពេល ៣ ថ្ងៃនៃការយាមល្បាតរួមគ្នា កងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងជម្នះការលំបាក បញ្ចប់ដោយជោគជ័យនូវខ្លឹមសារយាមល្បាត និងធានាសុវត្ថិភាព។ លោកវរសេនីយ៍ឯក Wu Youlin បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងកងកម្លាំងទាំងពីរ សម្រេចឲ្យបានល្អនូវផែនការដែលភាគីទាំងពីរបានឯកភាពគ្នា។ ជាពិសេស លទ្ធផលនៃការហ្វឹកហាត់ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ គឺជាមូលដ្ឋានសម្រាប់ភាគីទាំងពីរលើកកម្ពស់សមត្ថភាពសហការបំពេញភារកិច្ចនាពេលខាងមុខ។
ភាគីទាំងពីរបានសម្តែងនូវការជឿជាក់ថា ជោគជ័យនៃការយាមល្បាតរួមគ្នាលើកនេះ នឹងក្លាយជាមូលដ្ឋានដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន៕
បកប្រែដោយ Thuy Anh