កងទ័ពជើងទឹកវៀតណាម និងកម្ពុជាដកពិសោធន៍ពីការយាមល្បាតរួមនៅលើដែនទឹកប្រវត្តិសាស្ត្រ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមេសា នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានសម្របសម្រួលជាមួយមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ រៀបចំកិច្ចប្រជុំដកពិសោធន៍ពីការយាមល្បាតរួមលើកទី៣៥ រវាងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម។
លោកវរសេនីយ៍ឯកបម្រុង Mai Dang Danh មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃថា៖ ការយាមល្បាតរួមលើកទី៧៧ និងទី៧៨ ដែលត្រូវបានរៀបចំឡើងក្នុងខែធ្នូ ឆ្នាំ២០២៤ និងខែមីនា ឆ្នាំ២០២៥ លើដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តខ្លឹមសារទាំងឡាយ។
    |
 |
លោកវរសេនីយ៍ឯកបម្រុង Mai Dang Danh និងលោកឧត្តមនាវីទោ ម៉ី ឌីណា ផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ |
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីដែនទឹកប្រវត្តិសាស្ត្រ និងបទប្បញ្ញត្តិសម្របសម្រួលក្នុងការយាមល្បាតរួម ជំរុញការឃោសនា និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរឱ្យអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ និងបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មគ្រឿងសមុទ្រ សម្របសម្រួលយ៉ាងសកម្មជាមួយកងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងសពីរ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មឆ្លងដែន ការរត់ពន្ធ ការដឹកជញ្ជូនខុសច្បាប់នូវទំនិញ អាវុធ គ្រឿងផ្ទុះ គ្រឿងញៀន ការជួញដូរមនុស្ស ការគេចពន្ធ និងការឆ្លងដែនខុសច្បាប់។ល។
ភាគីទាំងពីរបានឯកភាពបន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវបណ្តាញព័ត៌មាន ជាពិសេសខ្សែទូរស័ព្ទបន្ទាន់ ដើម្បីសម្របសម្រួលដោះស្រាយឧប្បត្តិហេតុនៅសមុទ្រដោយទាន់ពេលវេលា ក្នុងស្មារតីសហប្រតិបត្តិការ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព និងស្ថិរភាព ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang