នេះជាការសន្និដ្ឋានរបស់លោក អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) ប្រធានសមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាម (CAVA) នៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅថ្ងៃទី ២១ ខែមេសា ក្នុងកាសែត Khmer Times របស់កម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។
បើយោងតាម លោក អ៊ុច លាង ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ក្រោមចំណងជើងថា “វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ វិបុលភាព និងភាពសុខដុមរមនា” អត្ថបទរបស់លោក អ៊ុច លាង បានពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ... ក៏ដូចជាចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមក។
    |
 |
នាថ្ងៃទី ២១ ខែមេសា គេហទំព័រ Khmer Times បានចុះផ្សាយអត្ថបទមួយ ដែលលើកសរសើរពីជ័យជម្នះជាប្រវត្តិសាស្ត្ររបស់វៀតណាម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ក្រោមចំណងជើងថា “វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ៖ វិបុលភាព និងភាពសុខដុមរមនា” (រូបថតអេក្រង់) (រូបថត៖ vnanet.vn) |
អំពីនយោបាយ អត្ថបទនេះបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមរក្សាឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងទិសដៅសង្គមនិយមរបស់ខ្លួន។ វៀតណាមក៏រក្សាតួនាទីដឹកនាំ និងកាន់អំណាចរបស់បក្ស ធានានូវតួនាទីគ្រប់គ្រងរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់យ៉ាងខ្លាំងក្លានូវភាពជាម្ចាស់របស់ប្រជាជន ធានាផលប្រយោជន៍ជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមក។
ស្តីពីសេដ្ឋកិច្ច ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ មាត្រដ្ឋានសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៣ សម្រេចបាន ៤៣៣.៧ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣៥ លើពិភពលោក ចំណាត់ថ្នាក់ទី ៥ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗចំនួន ៤,៣២៣ ដុល្លារអាមេរិក ហើយអត្រាគ្រួសារក្រីក្រថយចុះពី ៥៨% ក្នុងឆ្នាំ ១៩៩៣ មកនៅត្រឹម ២.៩៣% នៅឆ្នាំ២០២៣។
នៅឆ្នាំ ២០២៤ វៀតណាមកត់ត្រាកំណើន ៧.០៩% ហើយរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណាក្រោម ៤%។ GDP សរុបសម្រេចបាន ៤៧៦.៣ ពាន់លានដុល្លារអាមេរិក GDP សម្រាប់មនុស្សម្នាក់សម្រេចបាន ៤,៧០០ ដុល្លារអាមេរិក។
ស្តីពីវប្បធម៌ សង្គម ការអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល វិស័យទាំងនេះមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។
សក្ដានុពលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមត្រូវបានលើកកំពស់ ខណៈគោលនយោបាយសន្តិសុខសង្គម សុខុមាលភាពសង្គម គោលនយោបាយជនជាតិ គោលនយោបាយសាសនា គោលនយោបាយសម្រាប់អ្នកមានគុណូបការះ គោលនយោបាយសម្រាប់អាណិកជនវៀតណាមនៅឯបរទេស... ត្រូវបានអនុវត្តព្រមៗគ្នា និងទទួលបានលទ្ធផលវិជ្ជមាន។
វៀតណាមបានអនុវត្តបច្ចេកទេសទំនើបៗជាច្រើននៅលើពិភពលោកក្នុងការថែទាំសុខភាព ការពិនិត្យសុខភាព និងការព្យាបាលជូនប្រជាជន ។
គុណភាពនៃការអប់រំគ្រប់កម្រិតនៅវៀតណាមត្រូវបានលើកកម្ពស់ ហើយការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានជំរុញ។
គោលនយោបាយជនជាតិ និងជំនឿសាសនា ត្រូវបានផ្តល់អាទិភាព ហើយការថែទាំ ការពារកុមារ ការអប់រំយុវជន ការលើកកម្ពស់តួនាទីមនុស្សវ័យចំណាស់ សមភាពយេនឌ័រ ការរីកចំរើនរបស់ស្ត្រី គមនាគមន៍... ត្រូវបានពង្រឹង។ ក្នុងឆ្នាំ ២០២៤ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៥៤ ក្នុងចំណោមប្រទេសចំនួន ១៦៦ ស្តីពីសន្ទស្សន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)។
ស្តីពីការការពារជាតិ និងសន្តិសុខ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដីរបស់វៀតណាម និងផលប្រយោជន៍ជាតិ បន្តត្រូវបានការពារយ៉ាងរឹងមាំ ដោយមានការភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ការពង្រឹងការការពារជាតិ និងសន្តិសុខ។ សក្តានុពលការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង និងពង្រីកលើទិដ្ឋភាពជាច្រើន។
ស្តីពីកិច្ចការបរទេស សមាហរណកម្មអន្តរជាតិរបស់វៀតណាមកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន មានអត្ថន័យជាយុទ្ធសាស្ត្រ និងយូរអង្វែង បង្កើតស្ថានការណ៍បរទេសថ្មី បើកទូលាយ អំណោយផលសម្រាប់សន្តិសុខ និងអភិវឌ្ឍន៍ លើកកំពស់កិត្យានុភាពរបស់ប្រទេស បង្ហាញពីតួនាទីត្រួសត្រាយក្នុងការបង្កើត និងរក្សាបរិយាកាស ប្រកបដោយសន្តិភាព និងស្ថិរភាព កៀរគរធនធានខាងក្រៅ ដើម្បីអភិវឌ្ឍប្រទេសជាតិ។
មកទល់បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេស និងដែនដីចំនួន ១៩៤ ក្នុងនោះមានទំនាក់ទំនងពិសេសជាមួយឡាវ កម្ពុជា និងគុយបា មានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចំនួន ១២ ដៃគូយុទ្ធសាស្ត្រចំនួន ៨ និងដៃគូគ្រប់ជ្រុងជ្រោយចំនួន ១៤។
លោក អ៊ុច លាង បានបញ្ជាក់ថា វៀតណាមបាន និងកំពុងបំពេញតួនាទីជាមិត្ត និងដៃគូដែលអាចជឿទុកចិត្តបានក្នុងសហគមន៍អន្តរជាតិ ដោយមានគំនិតផ្តួចផ្តើម និងសំណើជាច្រើន បុរេសកម្ម និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អាស៊ាន អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិជាច្រើនទៀត។
លោក អ៊ុច លាង ក៏បានផ្តល់ភស្តុតាង សន្និដ្ឋាន និងការវិភាគជាច្រើនអំពីទំនាក់ទំនងវៀតណាម-កម្ពុជា កាលពីឆ្នាំ ១៩៧៥ ដល់បច្ចុប្បន្ន។ ជាពិសេស លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជាមិនត្រឹមតែជួយប្រទេសទាំងពីរអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៃតំបន់ ពង្រឹងសាមគ្គីភាពរបស់អាស៊ានក្នុងបរិបទតំបន់ និងពិភពលោកមានការប្រែប្រួលជាច្រើន។
តាមទស្សនៈនោះ លោក អ៊ុច លាង បានសម្តែងនូវជំនឿជាក់ថា សមិទ្ធិផលក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ នឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមឈានចូលយុគសម័យថ្មី - យុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ សំដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឲ្យកាន់តែអភិវឌ្ឍថែមទៀត៕
បកប្រែដោយ Huyen Trang