ថ្នាក់ដឹកនាំវៀតណាម ផ្ញើសារលិខិតជូនពរឆ្នាំថ្មីនៃប្រទេសឡាវ និងកម្ពុជា
កប.អនឡាញ- ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី Bun Pi May នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបុណ្យចូលឆ្នាំថ្មីនៃព្រះរាជាណាចក្រកម្ពុជា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានផ្ញើសារលិខិត និងផ្កាជូនពរលោក Thongloun Sisoulith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ, សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានផ្ញើសារលិខិត និងផ្កាជូនពរលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើសារលិខិត និងផ្កាជូនពរលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិត និងផ្កាជូនពរលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
    |
 |
វត្តភ្នំនៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា (រូបថត៖ vnanet.vn) |
ក្នុងសារលិខិតផ្ញើជូនលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអបអរសាទរ និងចែករំលែកមោទនភាពចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានសំដែងការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក Thongloun Sisoulith និងការដឹកនាំរបស់រដ្ឋាភិបាល និងការឃ្លាំមើលរបស់រដ្ឋសភា ប្រទេសនិងប្រជាជនឡាវនឹងយកឈ្នះការលំបាក និងបន្តទទួលបានសមិទ្ធិផលថ្មី និងធំធេងថែមទៀតក្នុងការផ្លាស់ថ្មី អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១ របស់បក្សប្រជាជនបដិវត្ដន៍ឡាវ និងរៀបចំដោយជោគជ័យសម្រាប់មហាសន្និបាតគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។
ដោយសម្ដែងនូវក្តីរីករាយចំពោះវឌ្ឍនភាពដ៏សំខាន់ និងគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំវៀតណាមក៏បានអះអាងថា វៀតណាមមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានរួមជាមួយថ្នាក់ដឹកនាំឡាវ បន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ឱ្យកាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពក្នុងបរិបទបច្ចុប្បន្ននេះ ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសនីមួយៗ រក្សាសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។
ក្នុងសាលិខិតផ្ញើជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម មានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្ដែដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងដោយថ្នាក់ដឹកនាំកម្ពុជាជាច្រើនជំនាន់មក ប្រជាជនកម្ពុជាសម្រេចបានសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍ និងគ្រប់ជ្រុងជ្រោយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។ ថ្នាក់ដឹកនាំវៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងគោលមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាននោះ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវបានអនុវត្តដោយជោគជ័យដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា។
អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាមជឿជាក់យ៉ាងមុតមាំថា លទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងកិច្ចប្រជុំរវាងប្រមុខបក្សទាំងបីនៃប្រទេសវៀតណាម កម្ពុជា និងឡាវ នាខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងមក រួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Pham Diep