ភាពកក់ក្តៅនៃចំណងសាមគ្គីភាព និងភាពជាអ្នកជិតខាងមិត្តភាព វៀតណាម-កម្ពុជា
កប.អនឡាញ - កាលពីដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។
មុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ របស់កម្ពុជា នឹងឈានចូលនៅពាក់កណ្តាលខែមេសានេះ ក្នុងប៉ុន្មានថ្ងៃនេះ ស្ថានទូត និងស្ថាប័នពាក់ព័ន្ធនានារបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយនឹងស្ថាប័ន អង្គភាព និងមូលដ្ឋាននានានៃប្រទេសវៀតណាម បានចាត់តាំងគណៈប្រតិភូជាច្រើនបានទៅជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់កម្ពុជា ដែលបង្ហាញពីសាមគ្គីភាព មិត្តភាព និងប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។
    |
 |
លោក អ៊ឹម ឈុនលឹម (ខាងស្តាំដៃ) ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត មកជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា (រូបថត៖ vnanet.vn) |
នាដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ដូចជា លោកអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ល។
    |
 |
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត ទទួលជួបលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបទាំងនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតបានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃក្រសួង ស្ថាប័ន អង្គភាពនានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្ដល់ជំនួយដ៏មានតម្លៃដល់ប្រទេស និងប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមក។
ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមមាន វិស័យការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននឹងបន្តត្រូវបានជំរុញ និងពង្រឹងបន្ថែមទៀតនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានស្នើឱ្យស្ថាប័ន ក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរបន្តពង្រឹងសកម្មភាពសហប្រតិបត្តិការ ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។
ភាគីកម្ពុជាបានបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងតែប្រកៀកស្មាជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ព្រមទាំងថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាម ដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តជួយកម្ពុជាស្តារ កសាង និងអភិវឌ្ឍប្រទេសក្នុងរយៈពេលកន្លងមក។ ភាគីកម្ពុជាសន្យាបន្តពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាព វៀតណាម-កម្ពុជា ប្រកបដោយនិរន្តរភាពជារៀងរហូត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ របស់កម្ពុជា ស្ថាប័ន អង្គភាព និងមូលដ្ឋានជាច្រើនរបស់វៀតណាម ក៏បានចាត់តាំងគណៈប្រតិភូជាច្រើនទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៅកម្ពុជាផងដែរ៕
បកប្រែដោយ Huyen Trang