វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្ម ជាមួយការអនុគ្រោះពន្ធជាច្រើន
កប.អនឡាញ - វៀតណាម និងកម្ពុជា បានឯកភាពគ្នាកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២០ ពាន់លានដុល្លារ។
នារសៀលថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជាបានឯកភាពគ្នាកំណត់ទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ នាពេលខាងមុខ។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ hanoimoi.vn) |
ពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាមិនត្រឹមតែរីកចម្រើនអំពីទំហំប៉ុណ្ណោះទេ ថែមទាំងមានការកើនឡើងអំពីគុណភាពបន្តិចម្តងៗ ជាមួយនឹងការលេចចេញនូវគំរូកិច្ចសហប្រតិបត្តិការថ្មីកាន់តែច្រើនឡើង បណ្តាញចែកចាយទំនើប និងការចូលរួមយ៉ាងសកម្មរបស់អង្គភាពអាជីវកម្មវ័យក្មេង ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិក។
សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងការតភ្ជាប់អង្គភាពអាជីវកម្មត្រូវបានរក្សាជាបន្តបន្ទាប់ និងត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការពង្រីកទីផ្សារ និងបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាពិសេស ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរបានកត់ត្រានូវវឌ្ឍនភាពជាច្រើន ប៉ុន្តែនៅតែប្រឈមមុខនឹងការលំបាកមួយចំនួនដែលភាគីទាំងពីរត្រូវដោះស្រាយនាពេលខាងមុខ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើឱ្យភាគីទាំងពីរសិក្សាលើការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជា ហើយទន្ទឹមនឹងនោះចាត់ឱ្យក្រុមជំនាញនៃក្រសួងទាំងពីរសម្របសម្រួលធ្វើការងារជាក់លាក់ និងរៀបចំផែនការអនុវត្តលម្អិត។
លើសពីនេះ កម្ពុជានឹងសិក្សានិងអនុវត្តគម្រោងមួយចំនួននៅតំបន់សេដ្ឋកិច្ចតាមព្រំដែន ជំរុញការផ្លាស់ប្តូរទំនិញនៅច្រកព្រំដែន រួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងការតភ្ជាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។
    |
 |
ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេល ២០២៥-២០២៦ (រូបថត៖ hanoimoi.vn) |
ដោយមានការអនុញ្ញាតពីរដ្ឋាភិបាលទាំងពីរ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរដំណាក់កាល ២០២៥-២០២៦។
នេះគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់មួយដែលមានអត្ថន័យសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ខណៈដែលបានដាក់ចេញការអនុគ្រោះពន្ធសម្រាប់ទំនិញជាច្រើនរបស់ភាគីនីមួយៗ ដែលមានការអនុគ្រោះជាងកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ទៀតផង។
បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជាក្នុងពិភពលោក (បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក) និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន។ ផ្ទុយទៅវិញ កម្ពុជាជាដៃគូពាណិជ្ជកម្មធំទីបួនរបស់វៀតណាមក្នុងអាស៊ាន៕
បកប្រែដោយ Duy Hoan