អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ឲ្យដឹងអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ ទៅកាន់ប្រទេសអេហ្ស៊ីប និងអង់ហ្គោឡា?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវទៅកាន់អេហ្ស៊ីប និងអង់ហ្គោឡា មានអត្ថន័យពិសេស ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមសំខាន់ៗទៅកាន់អេហ្ស៊ីបបន្ទាប់ពីរយៈពេល ៧ ឆ្នាំ និងអង់ហ្គោឡាបន្ទាប់ពីរយៈពេល ១៧ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីសារៈសំខាន់នៃកិច្ចការបរទេសរបស់វៀតណាមក្នុងយុគសម័យថ្មី ទាំងសម្រេចបាននូវគោលដៅនាំទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូសំខាន់ៗក្នុងតំបន់ ដូចជាអេហ្ស៊ីប និងអង់ហ្គោឡា ឡើងកម្រិតកម្ពស់ថ្មីមួយ ទាំងបញ្ជាក់ពីសារគោលនយោបាយដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាមចំពោះប្រទេសទាំងអស់ក្នុងតំបន់ទ្វីបអាហ្រ្វិក។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដូចដែលលោក To Lam អគ្គលេខាបក្សបានអះអាង។ តួនាទី និងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍកំពុងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋ បញ្ជាក់ពីមាគ៌ាការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់បក្ស និងរដ្ឋវៀតណាម ហើយទន្ទឹមនឹងនោះ ឆ្លុះបញ្ចាំងពីនិន្នាការនៃការពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លារវាងបណ្តាប្រទេសភាគខាងត្បូងក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងទិសដៅពហុភាគី យុត្តិធម៌ និងសមភាព។

ជាមួយនឹងអត្ថន័យនោះ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋមិនត្រឹមតែបញ្ជាក់ពីភាពស្មោះត្រង់ជាប់លាប់ជាមួយមិត្តជាប្រពៃណីនៅទ្វីបអាហ្រ្វិកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងដៃគូដើម្បីបម្រើដល់ការអនុវត្តគោលដៅអភិវឌ្ឍប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីឲ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Luong Cuong ប្រធានរដ្ឋ ទៅកាន់អេហ្ស៊ីប និងអង់ហ្គោឡា ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយសម្រេចបាននូវរាល់គោលដៅដែលបានកំណត់។

ទីមួយ យើងបានបង្កើតក្របខណ្ឌថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសក្នុងតំបន់។ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-អេហ្ស៊ីប គឺជាក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅក្នុងតំបន់អាហ្វ្រិក។ ដំណើរទស្សនកិច្ចនេះក៏បានកំណត់ទិសដៅកសាងទំនាក់ទំនង "ភាពជាដៃគូសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក" វៀតណាម-អង់ហ្គោឡា ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង បម្រើតម្រូវការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រទេសនីមួយៗ។

ទន្ទឹមនឹងសេចក្តីថ្លែងការណ៍រួមទាំងពីររវាងវៀតណាម ជាមួយអេហ្ស៊ីប និងអង់ហ្គោឡា វៀតណាម និងប្រទេសមិត្ត បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ការរក្សាសន្តិភាព យុត្តិធម៌ ទូរទស្សន៍ កសិកម្ម កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ។ល។ ឯកសារទាំងនេះនឹងបង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់ការអភិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ក្នុងទំនាក់ទំនងជាមួយអេហ្ស៊ីប និងអង់ហ្គោឡាក្នុងប៉ុន្មានឆ្នាំខាងមុខ។

ទីពីរ ដំណើរទស្សនកិច្ចបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ចូលទៅកាន់ទីផ្សារ ជំរុញការវិនិយោគ ព្រមទាំងបើកឱកាសសហប្រតិបត្តិការលើវិស័យថ្មី និងមានសក្តានុពលជាច្រើន។ ទាំងអេហ្ស៊ីប និងអង់ហ្គោឡា បានស្វាគមន៍ និងសន្យាជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលដែលជាប្រៀបខ្លាំងមួយចំនួនរបស់វៀតណាមចូលទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម វិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ជាមួយអេហ្ស៊ីប និងអង្គភាពអាជីវកម្មវៀតណាម ដើម្បីចូលរួមក្នុងគម្រោងប្រេង និងឧស្ម័នដែលមានសក្តានុពល និងផ្តល់សេវាកម្មបច្ចេកទេសប្រេង និងឧស្ម័ននៅអង់ហ្គោឡា។ អេហ្ស៊ីប និងអង់ហ្គោឡាក៏បានឯកភាពបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាមដល់ ១ ពាន់លានដុល្លាអាមេរិក ហើយអេហ្ស៊ីបត្រៀមខ្លួនជាស្រេចជំរុញការផ្លាស់ប្តូរដើម្បីចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម និងបង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-អេហ្ស៊ីប។

ទី៣ លោកប្រធានរដ្ឋបានពាំនាំសារគោលនយោបាយដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាមទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាហ្រ្វិក និងអារ៉ាប់។ លោកប្រធានរដ្ឋបានថ្លែងសុន្ទរកថាអំពីគោលនយោបាយសំខាន់ៗនៅទីស្នាក់ការនៃសម្ព័ន្ធអារ៉ាប់ និងរដ្ឋសភាអង់ហ្គោឡា។ វៀតណាមបានអះអាងនូវតួនាទី កិត្យានុភាព និងការតម្រង់ទិសរបស់ខ្លួនក្នុងយុគសម័យថ្មី ដោយបង្ហាញពីបំណងចង់បង្កើតទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបណ្តាប្រទេសអារ៉ាប់ និងអាហ្វ្រិក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងបរិបទដែលពិភពលោកបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើន សារគោលនយោបាយរបស់វៀតណាមនឹងពង្រឹងទំនាក់ទំនងជិតស្និទ្ធ មនោសញ្ចេតនា និងទំនុកចិត្តរវាងវៀតណាមជាមួយបណ្តាប្រទេសអារ៉ាប់ និងអាហ្វ្រិក បង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ។ ទន្ទឹមនឹងនោះ វៀតណាមក៏ចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងអាស៊ាន ជាមួយសម្ព័ន្ធអារ៉ាប់ និងសហភាពអាហ្វ្រិកផងដែរ។

អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីឲ្យដឹងវិធានការដើម្បីអនុវត្តលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី៖ ជាដំបូង ការជំរុញការអនុវត្តកិច្ចសន្យា និងកិច្ចព្រមព្រៀងមានសារៈសំខាន់បំផុត។ រដ្ឋាភិបាលបានមានយន្តការ ដើម្បីពិនិត្យមើលកិច្ចសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិជាប្រចាំ។ នាពេលខាងមុខ វៀតណាមត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអេហ្ស៊ីប និងអង់ហ្គោឡា ដើម្បីជំរុញការអនុវត្តលទ្ធផលជាក់ស្តែងដែលសម្រេចបាន ជាពិសេសការកសាងផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អេហ្ស៊ីប។

ទីពីរ ចាំបាច់ត្រូវដាក់ឱ្យដំណើរការ និងអនុវត្តយន្តការដែលបានបង្កើតថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់នាពេលឆាប់ៗ។ ចាំបាច់ត្រូវទាញយកប្រយោជន៍ពីសន្ទុះនៃទំនាក់ទំនងនាពេលថ្មីៗនេះជាមួយបណ្តាប្រទេសអាហ្វ្រិក ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ទី៣ ពង្រឹងការសម្របសម្រួលរវាងរដ្ឋាភិបាល ជាមួយធុរកិច្ច ប្រជាជន និងរវាងថ្នាក់មជ្ឈិម ជាមួយថ្នាក់មូលដ្ឋានក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយប្រទេសដទៃទៀត។ ជាមួយអេហ្ស៊ីប ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីបក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ទេសចរណ៍ វាយនភណ្ឌ អប់រំ។ 

ជាមួយអង់ហ្គោឡា ចាំបាច់ត្រូវអនុវត្តវិធានការក្នុងវិស័យថាមពល រ៉ែ កសិកម្ម ធនាគារ និងបន្តជំរុញការបញ្ជូនអ្នកជំនាញអប់រំ-បណ្តុះបណ្តាល និងសុខាភិបាលវៀតណាមទៅកាន់ប្រទេសអង់ហ្គោឡា និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ល។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang