វៀតណាមអំពាវនាវឱ្យកម្ពុជា និងថៃមានភាពអត់ធ្មត់ និងគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ
កប.អនឡាញ - នៅថ្ងៃទី ៨ ខែធ្នូ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពតានតឹងដែលបានផ្ទុះឡើងរវាងកម្ពុជា និងថៃនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកច្បាស់ថា៖
“វៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពតានតឹងបច្ចុប្បន្នរវាងកម្ពុជា និងថៃ។
ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ បន្តការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសមហេតុផល ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន រួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
    |
 |
|
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម សង្កត់ធ្ងន់ថា៖ វៀតណាមអំពាវនាវឱ្យកម្ពុជា និងថៃ មានភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង និងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានពេញលេញ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសន្ទនា និងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ ដើម្បីស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនឡើងវិញក្នុងពេលឆាប់ៗនេះ ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងតំបន់”៕
បកប្រែដោយ Duy Hoan