បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងលោក João Manuel Gonçalves Lourenço ប្រធានាធិបតី បានជួបប្រជុំចង្អៀត បន្ទាប់មកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមកិច្ចពិភាក្សាជាផ្លូវការ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋនិងលោក João Manuel Gonçalves Lourenço ប្រធានាធិបតី

ក្នុងកិច្ចពិភាក្សានោះ តាងនាមប្រជាជនអង់ហ្គោឡា លោក João Manuel Gonçalves Lourenço ប្រធានាធិបតី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋ លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ហើយអះអាងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្កើតមូលដ្ឋានសម្រាប់ជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត។

ដោយវាយតម្លៃខ្ពស់ចំពោះតួនាទី និងប្រៀបខ្លាំងរបស់វៀតណាម លោក João Manuel Gonçalves Lourenço ប្រធានាធិបតី បានស្នើឱ្យវៀតណាមជួយអង់ហ្គោឡាក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការដាំដុះស្រូវ និងដើមឈើហូបផ្លែ រួមចំណែកធានាសន្តិសុខស្បៀងប្រកបដោយចីរភាពសម្រាប់ប្រទេសអង់ហ្គោឡា។ លោក João Manuel Gonçalves Lourenço ប្រធានាធិបតី សង្ឃឹមថា ផលិតផលវៀតណាមជាច្រើនទៀតមានវត្តមាននៅក្នុងទីផ្សារអង់ហ្គោឡា និងអំពាវនាវឲ្យធុរកិច្ចវៀតណាមមកបណ្តាក់ទុន និងផលិតនៅប្រទេសនេះ។ លោកប្រធានាធិបតីអង់ហ្គោឡាក៏បានស្នើឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការរុករករ៉ែ។ល។

ដោយសង្កត់ធ្ងន់ថា អង់ហ្គោឡាគឺជាដៃគូសំខាន់របស់វៀតណាមនៅអាហ្វ្រិក លោក Luong Cuong ប្រធានរដ្ឋ បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការពារជាតិ សន្តិសុខ ជំរុញនិងធ្វើពិពិធកម្មទម្រង់នៃកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ដូចជាវេជ្ជសាស្ត្រ អប់រំ និងកសិកម្ម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក João Manuel Gonçalves Lourenço ប្រធានាធិបតី ក្នុងជំនួបពិភាក្សា

លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យអង់ហ្គោឡាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម អនុវត្តគម្រោងនិងផែនការវិនិយោគលើវិស័យប្រេង និងឧស្ម័ន ថាមពល ការរុករកនិងកែច្នៃរ៉ែ។ល។ លោកប្រធានរដ្ឋក៏ស្នើឲ្យភាគីទាំងពីរ បង្កើនសកម្មភាពជម្រុញនិងតភ្ជាប់ពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធធនាគារ ជំរុញការចរចា និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងគោលបំណងជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ដោយសង្កត់ធ្ងន់លើតួនាទីជាស្ពានតភ្ជាប់របស់សហគមន៍ជនវៀតណាមនៅអង់ហ្គោឡា លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យលោកប្រធានាធិបតី និងភ្នាក់ងារអង់ហ្គោឡា បង្កើតលក្ខខណ្ឌអំណោយផល និងធានាសន្តិសុខ សុវត្ថិភាព ដើម្បីសហគមន៍ជនវៀតណាមមានស្ថិរភាពក្នុងការរស់នៅ និងធ្វើការ រួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងទំនុកទុកចិត្តរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស បុគ្គលិកគ្រប់គ្រង និងការផ្លាស់ប្តូរនិស្សិត។ល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក João Manuel Gonçalves Lourenço ប្រធានាធិបតី ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិអង់ហ្គោឡា (រូបថត៖ vnanet.vn)

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់នីមួយៗ ក៏ដូចជាក្នុងពិភពលោក។

បន្ទាប់ពីកិច្ចពិភាក្សា លោក Luong Cuong ប្រធានរដ្ឋ និងលោក João Manuel Gonçalves Lourenço ប្រធានាធិបតី បានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-អង់ហ្គោឡា បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសហប្រធានក្នុងសន្និសីទសារព័ត៌មាន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន៕

បកប្រែដោយ Thuy Anh