សូមគោរពថ្នាក់ដឹកនាំប្រទេស និងមិត្តអន្តរជាតិទាំងអស់!

១. តាងនាមរដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអស់លោកលោកស្រី អញ្ជើញមកកាន់រដ្ឋធានីហាណូយ - ទីក្រុងដើម្បីសន្តិភាព  ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញា​​​អង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្រោមប្រធានបទ "ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត - ការចែករំលែកការទទួលខុសត្រូវ - សម្លឹងឆ្ពោះទៅអនាគត" នៅថ្ងៃទី ២៥ និង ២៦ ខែតុលា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម

២. ក្នុងយុគសម័យឌីជីថល ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមិនត្រឹមតែជាបញ្ហាប្រឈមសម្រាប់ប្រទេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគំរាមកំហែងជាសកល គំរាមកំហែងដល់សន្តិសុខ ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងជីវភាព​សង្គមផងដែរ។ វៀតណាមតែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាអាទិភាពមួយក្នុងចំណោមគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ហើយចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

វៀតណាមយល់យ៉ាងច្បាស់ថា ជាមួយនឹងលក្ខណៈគ្មានព្រំដែននៃអ៊ីនធឺណែតនោះ បើចង់ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ត្រូវតែបង្កើន​​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឡាយ និងគោរពច្បាប់។

អនុសញ្ញា​នេះកំណត់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយធានាថាប្រទេសសមាជិក ជាពិសេសប្រទេសកំពុងអភិវឌ្ឍ និងប្រទេសងាយរងគ្រោះ ត្រូវបានគាំទ្រ និងលើកកំពស់សមត្ថភាពរបស់ក្នុងការដោះស្រាយឧក្រិដ្ឋកម្មប្រភេទនេះ។

ការដែលមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តអនុសញ្ញា​ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (ខែធ្នូ ឆ្នាំ២០២៤) និងរៀបចំពិធីចុះហត្ថលេខានៅទីក្រុងហាណូយ គឺជាការបង្ហាញយ៉ាងរស់រវើកនៃស្មារតីទទួលខុសត្រូវរបស់ប្រទេសនានាក្នុងការការពារបណ្តាញអ៊ីនធឺណែត ដែលជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិទាំងអស់។

យើងខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែជានិតិវិធីច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនា ចែករំលែកបទពិសោធន៍ ពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន និងក្លាយជាវេទិកាលើកកម្ពស់ការអនុវត្តអនុសញ្ញា​អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

៣. ខ្ញុំជឿជាក់ថា ដោយមានការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រទេសនានា ពិធីចុះហត្ថលេខានៅទីក្រុងហាណូយនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បញ្ជាក់ពីតម្លៃនៃពហុភាគីនិយម ដែល​អង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ដោយផ្ញើសារដ៏រឹងមាំអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងកសាងពិភពលោកមួយប្រកបដោយសន្តិភាព យុត្តិធម៌ និងគោរពច្បាប់ ដើម្បីផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។

៤. ក្នុងឱកាសដ៏មានសារៈសំខាន់នេះ តាងនាមរដ្ឋ និងប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេស អង្គការអន្តរជាតិ និងមិត្តភ័ក្តិជុំវិញពិភពលោក ដែលតែងតែរួមដំណើរ និងគាំទ្រវៀតណាម។

សូមអរគុណ!

បកប្រែដោយ Duy Hoan