កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើននៃប្រទេសសមាជិកអង្គការសហប្រជាជាតិ រួមជាមួយនឹងតំណាងអង្គការអន្តរជាតិ។ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួម និងថ្លែងក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។
បន្តប្រកាន់ខ្ជាប់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយបម្រែបម្រួលអាកាសធាតុ វៀតណាមយល់ឃើញច្បាស់និងបន្តប្រកាន់ខ្ជាប់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើនកំណើនសេដ្ឋកិច្ចផងនិងការការពារបរិស្ថាន និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុផង កែលម្អច្បាប់និងគោលនយោបាយឥតឈប់ឈរ បង្កើតច្រករបៀងច្បាប់ដើម្បីផ្លាស់ប្តូរបៃតង បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ខិតខំអនុវត្ដគោលដៅដែលបានសន្យា បង្កើនសមត្ថភាពនិងភាពធន់សម្រាប់តំបន់ដែលងាយរងគ្រោះនិងប្រជាជន។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
ដើម្បីជម្នះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ លោកប្រធានរដ្ឋវៀតណាមឲ្យដឹងថា ប្រទេសនានាចាំបាច់ត្រូវអនុវត្តឱ្យបានពេញលេញ និងទាន់ពេលនូវការសន្យាលើហិរញ្ញវត្ថុអាកាសធាតុ ជាពិសេសធនធានសម្រាប់ការផ្លាស់ប្តូរដោយសមធម៌ រួមជាមួយនឹងការធានាសន្តិសុខសង្គម ការបង្កើតការងារ និងគាំទ្រដល់ពលករ និងសហគមន៍ដែលងាយរងគ្រោះ។
ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍បង្រួមគម្លាតនេះ លោកប្រធានរដ្ឋវៀតណាមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញការផ្ទេរបច្ចេកវិទ្យាទំនើប ស្អាតនិងមានប្រសិទ្ធភាព ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចជារង្វង់។ លោកប្រធានរដ្ឋវៀតណាមសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិគួរតែបន្តលើកកម្ពស់តួនាទីស្នូលក្នុងការលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត ធានានូវភាពយុត្តិធម៌ សម្រេចបាននូវគោលដៅនៃអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយឈរលើគោលការណ៍ទទួលខុសត្រូវរួម។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
ប្រទេសអភិវឌ្ឍន៍គួរតែត្រួសត្រាយក្នុងការសន្យាកាត់បន្ថយការបំភាយឧស្ម័ន រួមចំណែកផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ការផ្តួចផ្តើមគំនិត និងដំណោះស្រាយថ្មីៗ ការសន្ទនា ការភ្ជាប់រវាងប្រទេស អង្គភាពអាជីវកម្ម អង្គការសង្គម និងប្រជាជនជុំវិញពិភពលោកដើម្បីចូលរួមធ្វើសកម្មភាព។
វៀតណាមជាសមាជិកសកម្ម និងទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ
នារសៀល ថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិ លោកប្រធានរដ្ឋ Luong Cuong បានជួបសន្ទនាជាមួយលោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ជួបសន្ទនាជាមួយលោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ |
លោកស្រី Baerbock បានវាយតំលៃខ្ពស់ចំពោះតួនាទីសកម្ម និងកិត្យានុភាពកាន់តែខ្ពស់ និងការរួមចំណែកកាន់តែសំខាន់នៅទីភ្នាក់ងារ និងវេទិការបស់វៀតណាមនៅអង្គការសហប្រជាជាតិ រួមទាំងមហាសន្និបាត ជាពិសេសក្នុងបរិបទដែលពិភពលោកនិងអង្គការសហប្រជាជាតិកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ ដោយសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងទិវាអន្តរជាតិបង្ការជំងឺរាតត្បាត (ថ្ងៃទី ២៧ ធ្នូ) ដែលអង្គការសហប្រជាជាតិអនុម័តកាលពីឆ្នាំ ២០២០ មក ប្រធានមហាសន្និបាតសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងសន្និសីទជាន់ខ្ពស់លើកទី ២ ស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺរាតត្បាតដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ ២០២៦។
លោកប្រធានរដ្ឋវៀតណាម សង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិងពិពិធកម្ម; ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ លោកប្រធានរដ្ឋ Luong Cuong បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល ការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងពហុភាគី និងលើកដំណោះស្រាយជាសកល។
ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញអាទិភាពរួមរបស់វៀតណាម និងអង្គការសហប្រជាជាតិនាពេលខាងមុខ។
ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ាក់ និងទួរគី
នាថ្ងៃទី ២៤ កញ្ញា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបជាមួយលោក Abdul Latif Rashid ប្រធានាធិបតីអ៊ីរ៉ាក់ និងលោក Recep Tayyip Erdoğan ប្រធានាធិបតីទួរគី។
ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីរ៉ាក់ Abdul Latif Rashid ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងសិក្សាអំពីការបង្កើតយន្តការថ្មី ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីក្នុងវិស័យមានសក្តានុពល។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីផងដែរ។
ក្នុងជំនួបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdoğan មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបញ្ជាក់ថា ទំនាក់ទំនងនៅតែមានសក្ដានុពល និងឱកាសជាច្រើនដើម្បីពង្រីកទំនាក់ទំនងឈានដល់កម្រិតកំពស់ថ្មី; ឯកភាពគ្នាបន្តខិតខំសម្រេចឱ្យបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៤ ពាន់លានដុល្លាអាមេរិក ហើយទន្ទឹមនឹងនោះសិក្សា និងបង្កើតក្របខណ្ឌថ្មី ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្ម និងវិនិយោគ រួមទាំងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ មេដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបនផងដែរ។
* នារសៀលថ្ងៃទី២៤ ខែកញ្ញា លោកប្រធានរដ្ឋ Luong Cuong បានទទួលជួបលោក Taewon Chey ប្រធានសាជីវកម្ម SK និងជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េខាងត្បូង៕
បកប្រែដោយ Pham Diep