អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីចែករំលែកអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ អញ្ជើញចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកបានទេ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រព្រឹត្តទៅស្របឱកាសដ៏មានអត្ថន័យគឺ ការរំលឹកខួបលើកទី ៨០ នៃការបង្កើតប្រទេសវៀតណាម និងអង្គការសហប្រជាជាតិ និងការខួបលើកទី ៣០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-សហរដ្ឋអាមេរិក។

ជាមួយនឹងសកម្មភាពចម្រុះ និងមានប្រសិទ្ធភាពជិត ៧០ ដំណើរទស្សនកិច្ចការងាររបស់លោក Luong Cuong ប្រធានរដ្ឋទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបាននូវរាល់គោលដៅដែលបានកំណត់នៅកម្រិតខ្ពស់ និងបន្សល់ទុកនូវសញ្ញាសម្គាល់លេចធ្លោជាច្រើន ទាំងពហុភាគី និងទ្វេភាគី។ ជារួម ដំណើរទស្សនកិច្ចបានបង្ហាញពីគោលការណ៍ការបរទេស ឯករាជ្យ ម្ចាស់ការ ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

តាមរយៈសុន្ទរកថារបស់បណ្តាប្រទេសនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ និងការពិភាក្សារវាងប្រទេសនានាជាមួយលោកប្រធានរដ្ឋនៅក្នុងកិច្ចប្រជុំទ្វេភាគីនោះ អាចមើលឃើញយ៉ាងច្បាស់ថាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែបន្តជានិន្នាការរួម និងសេចក្តីប្រាថ្នារបស់មនុស្សជុំវិញពិភពលោក។ ប្រទេសភាគច្រើនក៏បន្តលើកកម្ពស់ពហុភាគីនិយម ដែលអង្គការសហប្រជាជាតិដើរតួនាទីនាំមុខ ហើយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិបន្តធ្វើជា “យុថ្កា” សម្រាប់ប្រទេសនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហារួម ការពារផលប្រយោជន៍ជាតិ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសនានា រួមទាំងវៀតណាម ដើម្បីរក្សា និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ហើយផ្តោតលើធនធានសម្រាប់ការអភិវឌ្ឍ។

សាររបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអង្គការសហប្រជាជាតិ ជាសំឡេងមួយក្នុងចំណោមសំឡេងវិជ្ជមានគាំទ្រពហុភាគី កិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាសកល។ សុន្ទរកថារបស់លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអង្គការសហប្រជាជាតិ និងជាមួយប្រទេសដទៃទៀត និងមិត្តភក្តិអន្តរជាតិក៏បាននាំមកពិភពលោកនូវរឿងរ៉ាវរបស់វៀតណាមដែលបានងើបចេញពីគំនរផេះបែកបាក់នៃសង្គ្រាម និងភាពក្រីក្រ ហើយក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម មានសក្តានុពលខ្លាំង ឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍដ៏រឹងមាំ និងវិបុលភាព។

ក្នុងឱកាសនេះដែរ វៀតណាម និងទូវ៉ាលូ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងទូវ៉ាលូ។ តាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានទំនាក់ទំនងការទូតជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។

ស្តីពីទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយអាមេរិក លោកប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាមក៏បាននាំសារ “ទុកអតីតកាលទៅមួយឡែក ជំនះភាពខុសគ្នា ឆ្ពោទៅអនាគត” ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ២ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រសិនបើជំនួបដ៏រំជួលចិត្តរវាងលោកប្រធានរដ្ឋ និងអតីតយុទ្ធជននៃប្រទេសទាំងពីរ និងមិត្តភ័ក្តិ និងប្រជាជនជឿនលឿនរបស់សហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់នូវសារនៃការដឹងគុណ និងការផ្សះផ្សាក្រោយសង្រ្គាមនោះ ជំនួបរវាងលោកប្រធានរដ្ឋជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក សភាសហរដ្ឋអាមេរិក អាជ្ញាធររដ្ឋ ធុរកិច្ច និងសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកបានពង្រឹងនូវសុទិដ្ឋិនិយមបន្ថែមទៀតអំពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីប្រយោជន៍របស់អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ ជាមួយនឹងលទ្ធផលលេចធ្លោទាំងនោះ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីរបៀបដែលវៀតណាមនឹងសម្របសម្រួលជាមួយដៃគូរបស់ខ្លួននាពេលខាងមុខ ដើម្បីអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗទាំងនោះ?

លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ បន្ទាប់ពីទទួលបានលទ្ធផលក្នុងដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ នាពេលខាងមុខ វៀតណាមនឹងជំរុញការអនុវត្តដូចតទៅ៖

ទីមួយ បន្តចូលរួមយ៉ាងសកម្ម វិជ្ជមាន មានទំនួលខុសត្រូវ ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត។ តាមរយៈកិច្ចសន្យាជាក់លាក់ និងគំនិតផ្តួចផ្តើមជាក់ស្តែង បង្ហាញពីតួនាទី និងអត្តសញ្ញាណ ព្រមទាំងមានការរួមចំណែកសមស្របនឹងតួនាទី និងកិត្យានុភាពរបស់វៀតណាម។

ទីពីរ វៀតណាមនឹងជំរុញទំនាក់ទំនងជាមួយប្រទេស និងអង្គការនានាឲ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិ និងតំបន់ ក៏ដូចជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទៀងទាត់លើបញ្ហាសន្តិសុខ នយោបាយ តំបន់ និងស្ថានភាពអន្តរជាតិដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា អនុវត្តកិច្ចសន្យាដើម្បីបង្កើនការគាំទ្រ និងជំនួយពីសហគមន៍អន្តរជាតិ និងដៃគូសំខាន់ៗក្នុងវិស័យធនធាន រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយសហរដ្ឋអាមេរិក ភាគីទាំងពីររក្សាការជួបជុំ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត ការដឹកជញ្ជូន ការអប់រំ និងបណ្តុះបណ្តាល ដែលជាវិស័យសហប្រតិបត្តិការសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏នឹងខិតខំប្រឹងប្រែងដើម្បីសហប្រតិបត្តិការដោះស្រាយផលវិបាកដោយសារសង្គ្រាម និងភាពខុសគ្នាដែលនៅសេសសល់ក្នុងទំនាក់ទំនងទ្វេភាគី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang