វៀតណាមត្រៀមខ្លួនពិភាក្សាជាមួយអាមេរិកលើការនាំចូលគ្រឿងសមុទ្រ
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែកញ្ញា ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម អ្នកយកព័ត៌មានបានសួរថា៖ នាយកដ្ឋានគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិអាមេរិកនាពេលថ្មីៗនេះបានបដិសេធការទទួលស្គាល់មុខរបរចំនួន ១២ ក្នុងការធ្វើនេសាទរបស់វៀតណាម ដោយតាមច្បាប់ការពារថនិកសត្វសមុទ្រ។
អាស្រ័យហេតុនេះ គ្រឿងសមុទ្រគ្រប់ប្រភេទដែលយោងតាមមុខរបរចំនួន ១២ ខាងលើនេះនឹងត្រូវបញ្ឈប់ពីការនាំចូលទៅកាន់អាមេរិកចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ មក។ ព្រមទាំងអ្នកយកព័ត៌មានបានស្នើអ្នកនាំពាក្យក្រសួងការបរទេសលើកឡើងអំពីប្រតិកម្មរបស់វៀតណាមចំពោះការសម្រេចចិត្តនេះរបស់អាមេរិក និងដំណោះស្រាយរបស់វៀតណាម។
    |
 |
វៀតណាមត្រៀមខ្លួនពិភាក្សាជាមួយអាមេរិកលើការនាំចូលគ្រឿងសមុទ្រ (រូបថត៖ VN Economy) |
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងមក រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ដោយស្នើឱ្យក្រសួងពាណិជ្ជកម្មអាមេរិក និងនាយកដ្ឋានគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិអាមេរិកពិចារណាឡើងវិញនូវការសម្រេចចិត្តខាងលើនេះ។
ការស្នើភាគីអាមេរិកពិចារណាឡើងវិញគឺសំដៅជៀសវាងការរំខានធ្ងន់ធ្ងរដល់ពាណិជ្ជកម្មទ្វេភាគី និងការពារការចិញ្ចឹមជីវិតរបស់ប្រជានេសាទ និងពលករវៀតណាមរាប់សែននាក់។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ នាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល និងការគាំទ្រពីមូលដ្ឋាន ឧស្សាហកម្មជលផលនិងគ្រឿងសមុទ្រវៀតណាមបានខិតខំប្រឹងប្រែងលើកកម្ពស់ទទួលខុសត្រូវ ព្រមទាំងបង្កើនការគ្រប់គ្រងមុខរបរនេសាទ។
នាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក វៀតណាមត្រៀមខ្លួនពិភាក្សានិងធ្វើការជាមួយភាគីអាមេរិក ដើម្បីដោះស្រាយឧបសគ្គដែលនៅសេសសល់ បន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដោយស្មើភាពនិងនិរន្តរភាព ធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននិងអាជីវកម្មរបស់ភាគីទាំងពីរ៕
បកប្រែដោយ Pham Diep