មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនក្នុងឱកាសពិធីបុណ្យសែនដូនតា នៅតំបន់ព្រំដែនសមុទ្រ Can Tho
កប.អនឡាញ - ក្នុងបរិយាកាសដ៏ពិសិដ្ឋនៃពិធីបុណ្យសែនដូនតា កងទ័ពការពារព្រំដែនទីក្រុង Can Tho បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន មិនត្រឹមតែផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្ត រឹតបន្ដឹងបន្ថែមនូវទំនាក់ទំនងរវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែន។
ពិធីបុណ្យសែនដូនតា គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ និងសំខាន់បំផុតទាំងបីរបស់ជនរួមជាតិខ្មែរណាមបូ រួមជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី និងពិធីបុណ្យអកអំបុក។ នេះជាឱកាសមួយសម្រាប់កូនចៅរំលឹកគុណដល់បុព្វការីជន ញាតិមិត្តដែលបានលាចាកឋាន និងគោរពដឹងគុណចំពោះមាតា បិតា ជីដូនជីតាដែលមានជីវិតរស់នៅ និងតភ្ជាប់ក្នុងសហគមន៍ផងដែរ។
ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិខ្មែរណាមបូក្នុងឱកាសពិធីបុណ្យនេះ កងទ័ពការពារព្រំដែនទីក្រុង Can Tho បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើននៅទូទាំងឃុំ និងសង្កាត់នៅតាមព្រំដែនសមុទ្រដូចជា ឃុំ Tran Phu, Thanh Hoa, Vinh Hai, Thanh Thang ...
    |
 |
កងទ័ពការពារព្រំដែនទីក្រុង Can Tho និងអាជ្ញាធរមូលដ្ឋានជូនអំណោយដល់លោកយាយ Thach Thi Quyet ជាមនុស្សចាស់ឯកោនៅឃុំ Vinh Hai |
អំណោយរាប់រយកញ្ចប់ រួមមាននំអន្សោម អង្ករ សម្ភារៈប្រើប្រាស់ចាំបាច់ និងទឹកប្រាក់ជូនប្រជាពលរដ្ឋដែលជួបការលំបាក។ ជាពិសេស “ផ្សារឥតគិតថ្លៃ” ដែលរៀបចំឡើងនៅប៉ុស្តិ៍ការពារព្រំដែន Vinh Hai បានទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកទទួលអំណោយ និងចូលរួមសំណេះសំណាលជាមួយកម្មាភិបាល និងយុទ្ធជន។
ទន្ទឹមនឹងនោះ ពេទ្យយោធារបស់កងទ័ពការពារព្រំដែនក៏បានរៀបចំកម្មវិធីពិនិត្យសុខភាព ផ្ដល់យោបល់អំពីការថែទាំសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។ នេះជាសកម្មភាពដែលបានប្រជាពលរដ្ឋវាយតម្លៃខ្ពស់ បង្ហាញពីភាពជិតស្និទ្ធនិងបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនាពេលនេះ។
លោកយាយ Thach Thi Quyet នៅឃុំ Vinh Hai បានចែករំលែកក្នុងក្ដីរំភើបចិត្ដថា “ខ្ញុំមានអាយុជាង ៧០ ឆ្នាំ ហើយរស់នៅម្នាក់ឯង។ ពេលខ្លះឈឺក៏ត្រូវស៊ូទ្រាំដែរ។ ថ្ងៃនេះ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនបានមកសួរសុខទុក្ខខ្ញុំ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំឱ្យខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយចិត្ដណាស់ដែលទទួលបានការយកចិត្តទុកដាក់ និងស្រឡាញ់ខ្លាំងណាស់។
សកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា ក៏ត្រូវបានរៀបចំឡើងដែលបង្កើតបរិយាកាសសាមគ្គីភាព និងសប្បាយរីករាយរវាងកងទ័ពនិងប្រជាជន។ ការប្រកួតបាល់ទាត់ ការសំដែងរបាំជនជាតិខ្មែរណាមបូ និងសំឡេងច្រៀងរបស់យុទ្ធជនក្មេងៗគឺជាភស្តុតាងដ៏រស់រវើករវាងវប្បធម៌ប្រពៃណី និងស្មារតីបម្រើប្រជាជននៃកងទ័ពការពារព្រំដែន។
    |
 |
កងទ័ពការពារព្រំដែនទីក្រុង Can Tho និងប្រជាពលរដ្ឋខ្មែរណាមបូវេចនំអន្សោមក្នុងឱកាសពិធីបុណ្យសែនដូនតា បង្ហាញពីមនោសញ្ចេតនា និងភាពស្និទ្ធស្នាល |
លោកវរសេនីយ៍ឯក Huynh Thanh Hung ប្រធាននយោបាយនៃគណៈកម្មការបញ្ជាកងទ័ពការពារព្រំដែនទីក្រុង Can Tho ឲ្យដឹងថា៖ “ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ យើងតែងតែកសាងផែនការ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងវត្តអារាមរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើនដើម្បីបំរើសហគមន៍ជនជាតិខ្មែរណាមបូ។ ហើយនេះមិនត្រឹមតែជាឱកាសផ្តល់ជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំខាន់ជាងនេះទៅទៀតនោះ វាបង្ហាញពីការរួមដំណើរជាមួយជនរួមជាតិ រក្សាអត្ដសញ្ញាណវប្បធម៌ ព្រមទាំងបង្ហាញភាពជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន”។
តាមរយៈសកម្មភាពដ៏មានអត្ថន័យទាំងនេះ កងទ័ពការពារព្រំដែនក៏បានដើរតួនាទីដ៏ល្អក្នុងការចលនាអ្នកមុខអ្នការ និងអ្នកដែលមានប្រជាប្រិយភាពចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ព្រះសង្ឃ ព្រឹទ្ធាចារ្យ មេភូមិ... បានក្លាយជា "ស្ពានតភ្ជាប់" ដ៏សំខាន់រវាងអាជ្ញាធរ និងប្រជាជន រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕
បកប្រែដោយ Pham Diep