មន្ទីរពេទ្យយោធាលេខ ១២០៖ ពិនិត្យសុខភាពដោយឥតគិតថ្លៃនៅខេត្ត Vinh Long
កប.អនឡាញ - នាថ្ងៃទី ២០ ខែកញ្ញា មន្ទីរពេទ្យយោធាលេខ ១២០ បានសម្របសម្រួលជាមួយមន្ទីរសុខាភិបាលខេត្ត Vinh Long មជ្ឈមណ្ឌលដាំដុះ ស្រាវជ្រាវ និងកែច្នៃវត្ថុធាតុឱសថ ឃ្លាំងឱសថស្ថាន (នាយកដ្ឋានភស្តុភារ បច្ចេកទេសនៃយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម) និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថ Can Tho បានរៀបចំការពិនិត្យសុខភាព ផ្ដល់យោបល់ ចែកថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនប្រជាជនក្នុងឃុំចំនួន៤៖ Tra Con, Ngai Tu, Tap Son, Long Hiep នៅខេត្ត Vinh Long ក្នុងឱកាសពិធីបុណ្យសែនដូនតា ឆ្នាំ២០២៥។
ដោយលើកកម្ពស់ស្មារតី “កងទ័ព និងប្រជាជនប្រៀបដូចជាត្រីនិងទឹក” គណៈប្រតិភូបានពិនិត្យ ផ្ដល់យោបល់អំពីសុខភាព ចែកថ្នាំ និងណែនាំការព្យាបាលជូនប្រជាជនជាង ១០០០ នាក់ ដែលជាយុទ្ធជនពិការ គ្រួសារទទួលរបបពីរដ្ឋ ប្រជាជនជួបការលំបាក និងជនគ្មានទីពឹងបង្អែក ដោយមានតម្លៃសរុបជាង ១៨០ លានដុង។
    |
 |
លោកឧត្តមសេនីយ៍ត្រី Nguyen Minh Trieu មេបញ្ជាការរងយោធភូមិភាគទី៩ លើកទឹកចិត្ត និងសួរសុខទុក្ខប្រជាជន និងក្រុមគ្រួសារនៃអ្នកដែលមកទទួលការពិនិត្យសុខភាព |
ទន្ទឹមនឹងនោះ ក្រុមការងារក៏បានជូនអំណោយចំនួន ១,០០០ (កញ្ចប់អំណោយនីមួយៗមានតម្លៃ ៣០០,០០០ ដុង) បង្កើនថវិកាប្រតិបត្តិការសរុបដល់ជាង ៥០០ លានដុង ដែលយកពីធនធានសុខុមាលភាពរបស់អង្គភាព និងសប្បុរសជន។ ក្រៅពីការពិនិត្យ និងព្យាបាល គ្រូពេទ្យក៏បានផ្សព្វផ្សាយចំណេះដឹងអំពីការការពារជំងឺ លើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពក្នុងសហគមន៍ផងដែរ។
លោកវរសេនីយ៍ឯក Tran Minh Han ប្រធាននយោបាយនៃមន្ទីរពេទ្យ ប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសពិធីបុណ្យសែនដូនតាឆ្នាំ២០២៥ បង្ហាញពីទំនួលខុសត្រូវរបស់កងកម្លាំងពេទ្យយោធាចំពោះការងារតបស្នងសងគុណ គោលនយោបាយសម្រាប់គ្រួសាររបស់កងទ័ព និងសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះ ពង្រឹងការតភ្ជាប់រវាងកម្លាំងប្រដាប់អាវុធជាមួយអាជ្ញាធរ និងប្រជាជនក្នុងមូលដ្ឋាន”។
នៅទីតាំងពិនិត្យសុខភាព ក្រុមការងារទទួលបានការលើកទឹកចិត្ត សួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី Nguyen Minh Trieu មេបញ្ជាការរងយោធភូមិភាគទី៩ និងសួរសុខទុក្ខប្រជាជន និងក្រុមគ្រួសារនៃអ្នកដែលបានមកទទួលការពិនិត្យសុខភាព និងអំណោយ ទន្ទឹមនឹងនោះជូនពរឱ្យប្រជាជនទទួលអំណរពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ និងសប្បាយរីករាយ៕
បកប្រែដោយ Huyen Trang