អ្នកយកព័ត៌មាន (PV)៖ តើដំណើរបំពេញទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួមមហាសន្និបាត AIPA-46 និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលអ្វីខ្លះ?

លោកអនុរដ្ឋមន្ត្រី Le Anh Tuan៖ ដំណើរបំពេញការងាររបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយអះអាងយ៉ាងមុតមាំនូវតួនាទី ការប្តេជ្ញាចិត្ត ទំនួលខុសត្រូវ និងភាពសកម្មរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ AIPA និយាយដោយឡែក និងអាស៊ាននិយាយរួម។ តាមរយៈដំណើរទស្សនកិច្ចនេះ យើងបានធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ ជាពិសេសក្នុងបរិបទម៉ាឡេស៊ីបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥។ វៀតណាមមានបំណងចង់សហការជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ានដើម្បីកសាង "សហគមន៍អាស៊ានប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន" សាមគ្គីភាព និងរឹងមាំ ពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់។

leftcenterrightdel
លោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាងម៉ាឡេស៊ី ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជួបសំណេះសំណាលជាមួយសហគមន៍វៀតណាមនៅម៉ាឡេស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងលើការតម្រង់ទិស ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ជាង ១៨ ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខនេះ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលុបបំបាត់ឧបសគ្គផ្នែកច្បាប់មួយចំនួន ដើម្បីសម្រួលដល់ការជំរុញការវិនិយោគរបស់សហគ្រាសម៉ាឡេស៊ីនៅវៀតណាម ...

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  នៅថ្ងៃទី១៨ ខែកញ្ញា

កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ជាប្រធានបទសំខាន់ ដែលភាគីទាំងពីរបានផ្តោតសំខាន់លើការពិភាក្សាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូថ្នាក់គណៈកម្មាធិការ ការផ្លាស់ប្តូរសមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង ចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាង និងបំពេញក្របខ័ណ្ឌច្បាប់សមស្រប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តខ្លឹមសារ/វិស័យនៃកិច្ចសហប្រតិបត្តិការថ្មី ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានទើប​នឹង​បង្កើតឡើងថ្មីៗនេះជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចការងាររបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូវៀតណាមមានអត្ថន័យ និងរួមចំណែកយ៉ាងដូចម្តេចចំណោះ  AIPA ?

លោកអនុរដ្ឋមន្ត្រី Le Anh Tuan៖ រួមជាមួយប្រធានគណៈប្រតិភូសភាសមាជិក AIPA លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងតំណាងរដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានៅសម័យប្រជុំក្រោមប្រធានបទ “រដ្ឋសភានៅជួរមុខសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពអាស៊ាន” ដោយអះអាងថា រដ្ឋសភានៃប្រទេសសមាជិកនឹងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល អនុវត្តការសន្យា និងសេចក្តីសម្រេចចិត្តរបស់ AIPA ទៅជាសកម្មភាពជាក់ស្តែង និងលទ្ធផលជាក់ស្តែង។

មហាសន្និបាត AIPA លើកទី៤៦ បានអនុម័តសេចក្តីសម្រេចចិត្តដែលលើកឡើង និងសហការឧបត្ថម្ភដោយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា សេដ្ឋកិច្ចឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត បង្កើនពាណិជ្ជកម្មក្នុងប្លុក លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូ លើកកំពស់តួនាទីការទូតសភាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះគឺស្របតាមតម្រូវការអភិវឌ្ឍរួមរបស់អាស៊ាន និងផ្សារភ្ជាប់ទៅនឹងអាទិភាពបច្ចុប្បន្នរបស់វៀតណាម។

leftcenterrightdel
 លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម អញ្ជើញ​ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46)

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA លើកទី៤៦ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក៏បានជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូរដ្ឋសភាឡាវ កម្ពុជា ឥណ្ឌូនេស៊ី និងទីម័រខាងកើត ដោយហេតុនោះបានឯកភាពលើទិសដៅសហប្រតិបត្តិការថ្មីក្នុងវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ថាមពលស្អាត ទូរគមនាគមន៍ រួមចំណែកជម្រុញទំនាក់ទំនងវៀតណាមជាមួយដៃគូឲ្យកាន់តែអភិវឌ្ឍជាក់ស្តែង មានប្រសិទ្ធភាព និងស៊ីជម្រៅ។

អ្នកយកព័ត៌មាន៖ តើលោកអាចប្រាប់អំពីទិសដៅសម្រាប់ការអនុវត្តលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំម៉ាឡេស៊ី និងមហាសន្និបាត AIPA លើកទី៤៦ បានទេ?

លោកអនុរដ្ឋមន្ត្រី Le Anh Tuan៖ លទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះ បានបើកឱកាសជំរុញ និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ាឡេស៊ីលើវិស័យជាច្រើន សមស្របនឹងស្ថានភាពនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលទើបបង្កើតថ្មី។ ខ្ញុំជឿជាក់ថា នាពេលខាងមុខ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានានៃភាគីទាំងពីរនឹងសម្រេច ហើយអនុវត្តកម្មវិធីសកម្មភាពរយៈពេល ២០២៥-២០៣០ ដែលជាក្របខ័ណ្ឌដ៏សំខាន់មួយដើម្បីសម្រេចបាននូវការសន្យា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងនោះ ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងលើគ្រប់បណ្តាញទាំងបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើន និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តត្រូវបានចាត់ទុកថាជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងទ្វេភាគី។  ក្រសួង ស្ថាប័ន  មូលដ្ឋាន និងសហគ្រាសវៀតណាមនឹងសហការយ៉ាងសកម្មជាមួយដៃគូម៉ាឡេស៊ី ដើម្បីជំរុញ និងគាំទ្រដល់ការចូលរួមរបស់សហគ្រាស ក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ ឆាប់ហួសពីគោលដៅទំហំពាណិជ្ជកម្ម ១៨ ពាន់លាន USD និងឆ្ពោះទៅគោលដៅកាន់តែខ្ពស់ថែមទៀត ...

ទាក់ទិននឹង AIPA-46 នាពេលខាងមុខ រដ្ឋសភា ក្រសួង ស្ថាប័ននានាត្រូវចាប់ផ្តើមអនុវត្តភ្លាមៗប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវចំពោះសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយមហាសន្និបាត AIPA-46 បន្តប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាគោលនយោបាយនាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងធុរកិច្ច រួមចំណែកក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្ត្រកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព និរន្តរភាព ច្នៃប្រឌិត បរិយាបន្ន

អ្នកយកព័ត៌មាន៖ សូមអរគុណ!

បកប្រែដោយ Thanh Cong